ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការខេត្តកោះកុងចោទប្រកាន់​ពលរដ្ឋ​១០នាក់​ថា​«ញុះញង់បង្កភាពវឹកវរក្នុងសង្គម» ក្រោយការបន្តតវ៉ារឿងដីធ្លី


ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង ដែលត្រូវបានកោះហៅ និងចោទប្រកាន់ពីបទញុះញង់ឲ្យបង្កភាពវឹកវរក្នុងសង្គម ក្រោយចេញមុខតវ៉ារឿងជម្លោះដីធ្លីរបស់ពួកគេ។ (រូបថតផ្តល់ដោយអ្នកស្រី ដេត ហ៊ួរ)
ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង ដែលត្រូវបានកោះហៅ និងចោទប្រកាន់ពីបទញុះញង់ឲ្យបង្កភាពវឹកវរក្នុងសង្គម ក្រោយចេញមុខតវ៉ារឿងជម្លោះដីធ្លីរបស់ពួកគេ។ (រូបថតផ្តល់ដោយអ្នកស្រី ដេត ហ៊ួរ)

តុលាការ​ខេត្ត​កោះកុង​បាន​ចោទ​ប្រកាន់​ប្រជា​ពលរដ្ឋ​ ១០ ​នាក់ ​ដែល​មាន​ជម្លោះ​ដីធ្លី​ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិ​សុខ​សង្គម ​ដែល​ពលរដ្ឋ​លើក​ឡើង​ថា​ ការចោទប្រកាន់នេះគឺដើម្បី​បំបិទ​សំឡេង ​និង​ការ​តវ៉ា​របស់​ពួកគេ។​

ក្រុម​សិទ្ធិ​មនុស្ស​រិះគន់​ថា​ ការ​ចោទ​ប្រកាន់​ពីបទ​ញុះញង់​នេះ​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​បំបិទ​សំឡេង​ក្រុម​ប្រឆាំង។​

នៅ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ពលរដ្ឋ​ទាំង ​១០ ​នាក់​ ចូល​ខ្លួន ហើយ​ដែល​ VOA ​ទទួល​បាន​ ​លោក​ ឡោ ក្រឹម​ ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​កោះកុង​ បាន​បង្គាប់​ឲ្យ​មនុស្ស​ ១០​ នាក់​ ចូលបង្ហាញ​ខ្លួននៅ​តុលាការ។​ ពួក​គេ​គឺ​ជា​ប្រជា​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា​ ហេង ហ៊ុយ​ ជាង ​១០ ​ឆ្នាំ​មក​ហើយ។​

ពួក​គេ​ទាំង ​១០ ​នាក់​ ត្រូវ​ចោទ​ប្រកាន់​ចំនួន​បទ​ចោទ​ចំនួន​ពីរ គឺ​បរិហារ​បង្កាច់​កេរ្តិ៍​ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ប្រព្រឹត្ត​នៅ​ក្នុង​ខេត្ត​កោះកុង​និង​ភ្នំពេញ​ ចាប់​តាំង​ពី​ខែ​មិថុនា ​ឆ្នាំ​២០១៩ ​រហូត​ដល់​បច្ចុប្បន្ន​នេះ។ ​នេះ​បើ​តាម​ដីកា​របស់​តុលាការ។​

តុលាការ​ខេត្ត​កោះកុង​បញ្ជាក់​នៅ​ក្នុង​ដីកា​ ដែល​នគរបាល​យក​ទៅ​ឲ្យ​អ្នក​ភូមិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ បើ​ពួក​គេ​មិន​ចូល​ខ្លួន​ទៅ​តុលាការ​តាម​ការ​កោះ​ហៅ គឺ​នៅ​ថ្ងៃ​ទី​ ២២ ​និង​ថ្ងៃ​ទី ​២៧ ​ខែតុលា​ទេ​ នោះតុលា​ការ​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន ​ឬ​ចាប់​ខ្លួន។​

លោក ​ឆាន់ ឈឿន​ អាយុ ​៣៧ ​ឆ្នាំ​ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​ ២៧​ ខែ​តុលា​ ពី​ការ​ចោទ​ប្រកាន់​បទ​ញុះញង់​ ដែល​លោក​ចាត់​ទុក​ថា ​វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​រូប​លោក។​

លោក​ ឈឿន ​ដែល​មាន​កូន​ពីរនាក់ ​ចាត់​ទុក​ការ​កោះ​ហៅ​នេះ​ ជា​ការ​គំរាម​កំហែង​លើ​ប្រជា​ពលរដ្ឋ​ដែល​តែង​តែ​ចេញ​មុខ​តវ៉ា។​

លោក​មាន​ប្រសាសន៍​ថា៖​ «ដល់​ពេល​អ៊ីចឹង​ទៅ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ដោយ​មាន​ការ​ចោទ​ប្រកាន់​ខ្លាំង។ ​ខ្ញុំ​អត់​ដឹង​ថា​ដឹង​ធ្វើ​ម៉េច។ ​ខ្ញុំ​មិន​ដឹង​និយាយ​ម៉េច»។​

លោក​បន្ត​ថា លោក​បាត់​បង់​ដី​ប្រមាណ ​៥ ​ហិកតា​ក្នុង​ឆ្នាំ ​២០០៧ ​នៅ​ពេល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ ហេង ហ៊ុយ ​ដែល​លោក​ថា​ពី​មុន​ដាំ​ដើម​អំពៅ​ ​ប៉ុន្តែ​ពេល​នេះ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​ចោល។​

លោក​បន្ថែម​ថា៖​ «ដី​ពី​មុន​មក​[គាត់]​មក​ដល់​ឈូស។​ គាត់​ថា ​ដី​ហ្នឹង​មាន​ប្លង់​ហើយ។​ គាត់​ថា​ដី​ហ្នឹង​ប្លង់​គាត់​អ៊ីចឹង​គាត់​ឈូស​យក​ហើយ។​ បង​ប្អូន​ទាំង​អស់​មិន​បាច់​តវ៉ា​ជាមួយ​គាត់​ទេ។​ បើ​សិន​ជា​ចង់​តវ៉ា​ជា​មួយ​គាត់​ឲ្យ​ទៅ​តវ៉ា​ជាមួយ​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ទៅ»។​

ពលរដ្ឋ​អះអាង​ថា​ ការ​ចោទ​ប្រកាន់​ពីបទ​ញុះញង់​នេះ​កើត​ឡើង​ ក្រោយ​ពួក​គេ​ចេញ​មុខ​តវ៉ា​នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​ ២១ ​ខែ​កញ្ញា ​ឆ្នាំ​ ២០២០​ ដែល​ត្រូវ​បាន​យាម​កាម​ដោយ​កម្លាំង​ចម្រុះ​រាប់​សិប​នាក់។​

អ្នក​ភូមិ​ដែល​ត្រូវ​កោះ​ហៅ​ម្នាក់​ទៀត​ គឺ​អ្នកស្រី​ ដេត ហ៊ួរ​ អាយុ​ ៣៧ ​ឆ្នាំ ​រស់​នៅ​ក្នុង​ភូមិ​តានី​ ឃុំ​ជីខ​លើ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង ​បាន​ចាត់​ទុក​ថា​ ការ​កោះ​ហៅ​នេះ ​គឺ​ដើម្បី​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​តវ៉ា​ទៀត​នៅ​ពេល​នេះ។​

អ្នកស្រី​ដែល​បាត់​បង់​ដី​ធ្លី​មាន​ប្រសាសន៍​ថា៖​ «អយុត្តិធម៌​ណាស់​ចំពោះ​អ្នក​បាត់​បង់​ដី​ ហើយ​ត្រូវ​គេ​ចោទ​ប្រកាន់​ញុះញង់»។​

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ​អ៊ុន សុវណ្ណធានី ​អ្នក​នាំពាក្យ​តុលាការ​ខេត្ត​កោះកុង និ​ង​លោក​ មីន មករា ​ប្រធាន​សាលា​ដំបូង​ខេត្ត​កោះកុង​បាន​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ​ ដោយ​ពួក​គេ​ទាំង​ពីរ​ថា​ ជាប់​រវល់។​

កាល​ពី​ថ្ងៃ​ទី​ ២១ ​ខែ​កញ្ញា​ ​ប្រជា​ពលរដ្ឋ​រាប់​រយ​នាក់​ដែល​មាន​ដី​ធ្លី​ក្នុង​ខេត្ត​កោះកុង ​ក្នុង​នោះ​មាន​ពលរដ្ឋ​ ១០​ នាក់​ខាង​លើ​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ បាន​ឡើង​មក​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ​កម្ម​និង​សំណង់​ នៅ​ភ្នំពេញ​ ដោយ​មាន​ការ​យាម​កាម​ដោយ​កម្លាំង​នគរបាល​ និង​សន្តិសុខ​ចម្រុះ​រាប់​សិប​នាក់។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ចុះ​ថ្ងៃ​ទី​ ២១​ ខែ​កញ្ញា​ ឆ្នាំ​ ២០២០​ ​ក្រសួង​រៀបចំ​ដែន​ដី​បាន​លើក​ឡើង​ថា​ ការ​ទាមទារ​របស់​ប្រជា​ពលរដ្ឋ​ដែល​មក​ពី​ក្រុម​ចម្រុះ​ «មិន​មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់»​ សម្រាប់​ក្រសួង​ដោះ​ស្រាយ​នោះ​ទេ។​

ក្រសួង​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​ ហេង ហ៊ុយ ​ធ្លាប់​មាន​វិវាទ​ជាមួយ​ប្រជា​ពលរដ្ឋ​ប្រមាណ​ ១២០ ​គ្រួសារ​ ក្នុង​ឆ្នាំ​ ២០០៧​ ហើយ​ជម្លោះ​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​រួចរាល់​ទាំង​ស្រុង។​

អ្នក​សម្រប​សម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ ប្រចាំ​ខេត្ត​កោះកុង​ លោក ​ថោង ច័ន្ទដារ៉ា​ មាន​ប្រសាសន៍​ថា​ ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​បញ្ហា​ដី​ធ្លី​គួរ​តែ​ទទួល​បាន​ការ​ដោះស្រាយ​បញ្ហា តែបែរជា​ត្រូវ​ប្រឈម​នឹង​ការចោទ​ពី​បទ​ចោទ​ញុះញង់​ ដែល​ជា​ការ​ចោទ​ប្រកាន់​ធ្ងន់​ធ្ងរ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​តំណាង​ប្រជា​ពលរដ្ឋ​ ១០​ នាក់​នេះ​ គឺ​ជា​ការ​គំរាម​កំហែង​បំភិត​បំភ័យ​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួក​គាត់។​ ប្រជា​ពលរដ្ឋ​គាត់​មាន​បញ្ហា​ជម្លោះ​ដី​ធ្លី​ សំណូម​ពរ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ដោះ​ស្រាយ​ តែ​បែរ​ជា​យក​ចំណាត់​ការ​ផ្លូវ​តុលាការ ​មក​គាប​សង្កត់​ដាក់​សម្ពាធ​លើ​ពួក​គាត់​ទៅ​វិញ»។​

នៅ​ក្នុង​សំណុំ​រឿង​ដី​ធ្លី​ផ្សេង​ទៀត​ដែល​ពលរដ្ឋ​អះអាង​ថា​ មាន​ជម្លោះ​ជា​មួយ​ក្រុមហ៊ុន​ចម្ការ​អំពៅ​ លី យ៉ុង​ផាត់​ សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ តុលាការ​ខេត្ត​កោះកុង​ក៏​បាន​កោះ​ហៅ​មនុស្ស​បី​នាក់​ គឺ​ឈ្មោះ​ ផាវ ញ៉ឺង​ ឈ្មោះ​ សេង លីន​ និង​ឈ្មោះ​ ខន ផុន​ ដោយ​ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិ​សុខ​សង្គម​ និង​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី​ កាល​ពី​ថ្ងៃ​ទី ​២៥​ ខែ​វិច្ឆិកា ​ឆ្នាំ ​២០១៩។​ នេះ​បើ​យោង​តាម​ដីកា​របស់​តុលាការ​ខេត្ត​កោះកុង ដែល ​VOA​ ទទួល​បាន។​

ពួក​គេ​ទាំង​បីនាក់​អះអាង​ថា ​ការ​ចោទ​ប្រកាន់​បទ​ល្មើស​ញុះញង់​នេះ​ធ្វើ​ឡើង​ ក្រោយ​ពេល​ពួកគេ​ចេញ​មុខ​តវ៉ា​នៅ​មុខ​ក្រសួង​រៀបចំ​ដែន​ដី​នៅ​ភ្នំពេញ​ កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​ ២០២០​ ជាមួយ​ប្រជា​ពលរដ្ឋ​រាប់​រយ​នាក់​ទៀត ​រួម​ទាំង​ពលរដ្ឋ​ទាំង ​១០ ​នាក់​ ខាង​លើ​ដែល​ត្រូវ​បាន​កោះហៅ​និង​ចោទ​ប្រកាន់​ថា ​ញុះញង់​ឲ្យ​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម។​

បើ​តាម​របាយ​ការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​ក្នុង​រយៈ​ពេល ​១២ ​ខែ ​គឺ​ចាប់​ពី​ខែ​មេសា ​ឆ្នាំ​ ២០១៩ ​ដល់​ខែ​មីនា ​ឆ្នាំ​ ២០២០​ ​មជ្ឈ​មណ្ឌល​និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត​ បាន​កត់​ត្រា​ «ការ​ប្រើ​ប្រាស់​យុទ្ធ​សាស្រ្ត​បណ្តឹង​ផ្លូវ​ច្បាប់»​ ប្រឆាំង​នឹង​ការ​ចូលរួម​ជា​សាធារណៈ​ចំនួន ​១៣២​ ករណី​លើ​ប្រជា​ពលរដ្ឋ​ចំនួន ​៣៧៩ ​នាក់​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​មិន​លើក​ទឹក​ចិត្ត​ក្នុង​ការ​ចូលរួម​របស់​ពលរដ្ឋ។​

យុទ្ធសាស្រ្ត​បណ្តឹង​ផ្លូវ​ច្បាប់​នេះ ​គឺ​ជា​បណ្តឹង​ដែល​ធ្វើ​ឡើង​ពី​សំណាក់​រដ្ឋាភិបាល ​ឬ​ស្ថាប័ន​តុលាការ​ក្នុង​ទម្រង់​ជា​ទណ្ឌកម្ម​ផ្នែក​ព្រហ្មទណ្ឌ ​ដូច​ជា​ការ​កោះ​ហៅ​មក​សាក​សួរ​ ឬ​ការ​ចោទ​ប្រកាន់​បទ​ព្រហ្មទណ្ឌ​ដោយ​តុលាការ។

​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លើក​ឡើង​ថា​ យុទ្ធសាស្រ្ត​បណ្តឹង​ផ្លូវ​ច្បាប់​នេះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ជា​យុទ្ធ​សាស្រ្ត​មួយ​ ក្នុង​ការ​បំភិត​បំភ័យ​បុគ្គល​ទាំង​ឡាយ ​តួអង្គ​សង្គម​ស៊ីវិល ​ថ្នាក់​ដឹកនាំ​សហគមន៍ ​អ្នក​កាសែត ​អ្នក​ផ្សាយ​ព័ត៌មាន ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ឲ្យ​មាន​ការ​ភ័យ​ខ្លាច​និង​នៅ​ស្ងៀម​ស្ងាត់៕

XS
SM
MD
LG