ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​រស់​នៅ​ភូមិ​ចម្លង​គោ​ ខេត្ត​កោះកុង​ នៅ​តែ​បារម្ភ​ការ​បណ្តេញ​ចេញ​​ដោយ​ក្រុមហ៊ុន​ចិន ​UDG​ ដែល​រង​ទណ្ឌកម្ម​​ពី​អាមេរិក


រូបឯកសារ៖ សំណង់សណ្ឋាគារមួយនៅក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន UDG ថ្ងៃ​ទី ២៤ ខែកក្កដា ឆ្នាំ២០១៩។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ សំណង់សណ្ឋាគារមួយនៅក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន UDG ថ្ងៃ​ទី ២៤ ខែកក្កដា ឆ្នាំ២០១៩។ (ស៊ុន ណារិន/វីអូអេ)

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​តំបន់​«កៀន​ទឹក»​ក្នុង​ភូមិ​ចម្លង​គោ ​ឃុំ​ថ្មស ​ស្រុក​បុទុម​សាគរ ​ខេត្ត​កោះ​កុង ​នៅ​តែ​បារម្ភ​ការ​បណ្តេញ​ចេញ​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ ​Union Development Group ​(UDG)​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដោយ​សហ​រដ្ឋ​អាមេរិក​កាល​ពី​សប្តាហ៍​មុន។​

កាល​ពី​ថ្ងៃ​អង្គារ​ សប្តាហ៍​មុន​ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន ​UDG​ក្រោម​ហេតុ​ផល​នៃ​ការ​រឹបអូស​យក​ដីធ្លី ​និង​បំផ្លាញ​លំនៅដ្ឋាន​ពលរដ្ឋ​កម្ពុជា ​នៅ​ខេត្ត​កោះកុង ​ដែល​ក្រុម​ហ៊ុន​អះអាង​ថា​ ដើម្បី​អភិវឌ្ឍ​មណ្ឌល​កម្សាន្ត​ទេសចរណ៍​ធម្មជាតិ​ឈ្មោះ​«តារា​សាគរ» ​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​៣,៨​ពាន់​លាន​ដុល្លារ​អាមេរិក។​សហ​រដ្ឋ​អាមេរិក​ក៏​បាន​ចោទ​ក្រុមហ៊ុន​UDG​ ថា ​ មាន​ជាប់​ពាក់​ព័ន្ធ​រដ្ឋ​ចិន ​និង​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ ​និង​ចោទ​ប្រកាន់​ថា​ ទីកន្លែង​នេះ​អាច​ត្រូវ​ប្រើប្រាស់​សម្រាប់​គោល​បំណង​យោធា​របស់​ចិន​ទៀត​ផង។​ក៏​ប៉ុន្តែ​ក្រុមហ៊ុន​UDG​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ជម្លោះ​ដី​ធ្លី​រវាង​ក្រុមហ៊ុន​និង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ ​ ប្រជាជន​ជាង​២០​គ្រួសារ​ក្នុង​ភូមិ​ចម្លងគោ​ ស្រុក​បុទុម​សាគរ​ នៅ​តែ​បន្ត​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ ​ដោយ​ពួកគេ​សព្វ​ថ្ងៃ​រស់​នៅ​លើ​ដី​ដែល​ក្រុមហ៊ុន​នៅ​តែ​បន្ត​ចង់​បាន។ ​ ពលរដ្ឋ​អះអាង​ថា​ ក្រុមហ៊ុន​មាន​បំណង​បង្កើត​«ផែ​ទឹក​ជ្រៅ»​នៅ​ទីនោះ។

លោក​ ហួត ហាក់​ អាយុ​៣៨​ឆ្នាំ​គឺ​ជា​អ្នក​នេសាទ​ម្នាក់​ក្នុង​ភូមិ​ដាច់​ស្រយាល​នេះ ។​លោក​បាន​ថ្លែង​ប្រាប់​VOA​មុន​ពេល​ចុះ​ទៅ​ប្រមូល​ផល​នេសាទ​នៅ​ក្នុង​សមុទ្រ​ថា​លោក​នៅ​តែ​ព្រួយ​បារម្ភ​បាត់​បង់​ការ​រស់​នៅ​ទី​នេះ ​ដោយសារ​អាជ្ញាធរ​មិន​ទាន់​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​ធ្លី​ដល់​រូប​លោក​ដែល​មាន​ដី​ប្រមាណ​កន្លះ​ហិកតា ហើយ​ក្រុមហ៊ុន​នៅ​តែ​ចង់​បាន​ដី​នៅ​តំបន់​ដែល​លោក​រស់​នៅ​រាប់​សិប​ឆ្នាំ​មក​ហើយ។​

លោក​ហួត ហាក់​ ដែល​មាន​កូន​២​នាក់​ មាន​ប្រសាសន៍​ថា៖​«អាជ្ញាធរ​ក៏​អត់​ទទួល​ខុស​ត្រូវ។​គេ​អត់​មាន​ដឹង​ឮ​ឲ្យ​ពួក​ខ្ញុំ​ផង។​ខ្ញុំ​រាល់​ថ្ងៃ​នេះ​ប្រៀប​ដូច​ជា​មនុស្ស​អត់​មាន​ក្បាល​ មាន​កន្សៃ​អ៊ីចឹង។​យើង​ចង់​បាន​ជា​កម្ម​សិទ្ធ​ក៏​អត់​បាន​ដែរ រស់​បាន​តែ​រស់​នៅ​ហ្នឹង»។

លោក​បន្ថែម​ថា៖​ «ក្រុមហ៊ុន​នៅ​តែ​ចង់​បាន ។ ​គេ​នៅ​តែ​ដាក់​សមត្ថកិច្ច​ ប៉ូលិស​ទាហាន។​គេ​ចុះ​ចល័ត​ល្បាត។ ​ មួយ​អាទិត្យ ​ ដប់​ថ្ងៃ​ ឬ​ក៏​កន្លះ​ខែ​ ទាហាន​មក​បួន​ដប់​១០​នាក់​ មាន​អាវុធ​ មាន​អី​ជា​រឿយៗ​អ៊ីចឹង​ហ្មង»។​

ទាក់ទង​នឹង​ការ​ដាក់​ទណ្ឌ​កម្ម​លើ​ក្រុមហ៊ុន​ដែល​មាន​ទំនាស់​ដី​ធ្លី​ជាមួយ​រូប​លោក​ លោក ​ហួត ហាក់​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​ត្រេកអរ។ ​ ខ្ញុំ​គិត​ថា​គួរ​តែ​ធ្វើ​អ៊ីចឹង​ទៅ​(ដាក់​ទណ្ឌ​កម្ម)​ព្រោះ​អី​វា​ធ្វើ​បាប​ប្រជា​ពលរដ្ឋ​ច្រើន​មក​ហើយ​កន្លង​មក តាំង​ពី​ឆ្នាំ​២០០៨ ​ (ឆ្នាំ)​២០០៩។ ​ វាដូច​អត់​មាន​ការ​ដោះ​ស្រាយ។ ​ ហើយ​វា​អត់​មាន​ចំណុច​ណា​មួយ​(ធ្វើ​ឲ្យ)​ប្រជា​ពលរដ្ឋ​មាន​ការ​សប្បាយ​ចិត្ត​ កក់​ក្តៅ​ជាមួយ​ក្រុមហ៊ុន​ហ្នឹង​ផង។​អភិវឌ្ឍ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង​កើត​ទុក្ខ​ក្តៅ​ក្រហាយ​ យំ ​បាត់​ដី បាត់​ធ្លី ​រក​ផ្ទះ រក​សម្បែង​នៅ​អត់​ឃើញ​ផង​ហ្នឹង»។​

ប្រជាជន​ជាង​២០​គ្រួសារ​ក្នុង​ភូមិ​ចម្លង​គោ​ឃុំ​ថ្ម​ស ស្រុក​បុទុម​សាគរ ​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​UDG​ អស់​រយៈ​ពេល​ជិត​១០​ឆ្នាំ​មក​ហើយ។ តំបន់​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​លើ​ដី​ទំហំ​៤៥.០០០​ហិកតា​ក្នុង​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្ត​កោះកុង​ គឺ​ស្រុក​បុទុម​សាគរ​ និង​គិរីសាគរ​ ដែល​ក្រុមហ៊ុន​ទទួល​បាន​ដី​ពី​រដ្ឋាភិបាល។​គម្រោង​ដែល​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០០៨​ មាន​ការ​សាង​សង់​កាស៊ីណូ ​សណ្ឋាគារ​ កន្លែង​វាយ​កូន​គោល ​តំបន់​កម្សាន្ត​តាម​ឆ្នេរ ​ព្រលាន​យន្ត​ហោះ​ និង​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​ជា​ដើម។ ​ គម្រោង​នេះ​លាត​សន្ធឹង​លើ​បណ្តោយ​ឆ្នេរ​សមុទ្រ​កម្ពុជា​ចំនួន​២០​ភាគ​រយ​ផង​ដែរ។​

លោក​ ហួត ហាក់​ អ្នក​នេសាទ​នៅ​ទីនេះ ​មាន​ប្រសាសន៍​ថា​លោក​អាច​ប្រកប​របរ​នេសាទ​ចិញ្ចឹម​កូន​ទាំង​ពីរ​នាក់​ ហើយ​លោក​មិន​ចង់​ចាក​ចេញ​ពី​ទីតាំង​បន្សល់​ទុក​ពី​ដូនតា​របស់​លោក​នោះ​ទេ។​

កង្វល់​របស់​លោក​ត្រូវ​ចែក​រំលែក​ដោយ​អ្នក​ភូមិ​ដទៃ​ទៀត។​

លោក​ ប៉ាវ ឌៀប​ អាយុ​៥៤​ឆ្នាំ​ ក៏​កំពុង​តែ​ព្រួយ​បារម្ភ​បាត់​ដី​របស់​លោក​ប្រមាណ​៤​ហិកតា​ ដែល​មាន​ដើម​ដូង​រាប់​រយ​ដើម។​

លោក​មាន​ប្រសាសន៍​ថា៖ ​«រស់​នៅ​ចេះ​តែ​រស់​នៅ​អ៊ីចឹង​ទៅ។​គេ​ថា​ដី​របស់​យើង​ហ្នឹង​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​គេ​អត់​ចេញ​ប្លង់​ឲ្យ​យើង​ទេ។​អា​រឿង​ព្រួយ​បារម្ភ​យើង​បាន​ត្រឹម​ម៉ា​ព្រួយ​ហ្នឹង។​ឥឡូវ​យើង​ធ្វើ​ម៉េច​បាន?​ បាន​ត្រឹម​តែ​ម៉ា​ព្រួយ​ហ្នឹង»។​

ជា​បន្ត​បន្ទាប់​ នៅ​លើ​កូន​ជ្រោយ​ឈ្មោះ ​«កៀនទឹក» ​ជាប់​ឆ្នេរ​សមុទ្រ​ដាច់​ស្រយាល​នៃ​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស​ ស្រុក​បុទុម​សាគរ​ ខេត្ត​កោះកុង ​ អ្នក​ភូមិ​បារម្ភ​ដោយសារ​មាន​ក្រុម​យោធា​បាន​ចុះ​ទៅ​ចរចា​ទិញ​ដី​លំនៅដ្ឋាន​របស់​ពួក​គេ​ឲ្យ​ក្រុម​ហ៊ុន​ចិន​UDG។ ​ ហើយ​ពួក​គេ​អាច​នឹង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ឬ​ការ​ចាក​ចេញពី​លំនៅ​ដ្ឋាន​ដ៏​សុខសាន្ត​របស់​ពួក​គេ។ ​ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៩​ ខែ​មីនា​ ឆ្នាំ​២០១៨​រដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​កាត់​ឆ្វៀល​ដី​មួយ​ចំនួន​នៃ​ឃុំ​ថ្មស​ សម្រាប់​ជូន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ និង​អាស្រ័យ​ផល​ជាក់​ស្តែង។ ​ ប៉ុន្តែ​សេចក្តី​សម្រេច​មិន​បាន​បញ្ជាក់​អំពី​ទំហំ​ដី ​និង​ចំនួន​ប្រជាជន​ដែល​ត្រូវ​ទទួល​ដី​នោះ​ទេ។​

មេ​ឃុំ​ថ្ម​ស​លោក​ អិក គួន​ ប្រាប់​VOA​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ប្រជា​ពលរដ្ឋ​ប្រមាណ​២៨​គ្រួសារ​មាន​ផ្ទះ​នៅ​ទីនោះ។ ​ លោក​បន្ត​ថា​ មិន​ទាន់​មាន​ដំណោះ​ស្រាយ​អ្វី​នោះ​ទេ ​ ហើយ​លោក​ក៏​រង់​ចាំ​ដំណោះ​ស្រាយ​ពី​ថ្នាក់​លើ​ដែរ។​លោក​បន្ត​ថា​ ប្រជា​ពលរដ្ឋ​បាន​ដាក់​តម្លៃ​ដី​ខ្ពស់​ ដោយ​សារ​ពួកគេ​មិន​ចង់​ចាក​ចេញ​ពី​តំបន់​នេះ។​

អភិបាល​ខេត្ត​កោះកុង ​លោកស្រី​ មិថុនា ភូថង​ មាន​ប្រសាសន៍​ថា ​ ​ម្ចាស់​ដី​មិន​អាច​ទទួល​យក​តម្លៃ​ដែល​ក្រុម​ហ៊ុន​ដាក់​ឲ្យ​ ហើយ​ពួក​គាត់​ដាក់​តម្លៃ​«ខ្ពស់​ពេក»​ ដែល​មិន​ទាន់​អាច​ចរចា​ត្រូវ។​

លោកស្រី​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា៖​ «គាត់​យក​តម្លៃ​ខ្ពស់​ជាង​ លើស​ពី​អ្វី​ដែល​គួរ​តែ​ដោះ​ស្រាយ​ដែរ។​អ៊ីចឹង​ត្រូវ​ការ​ចរចា​បន្ថែម។​នេះ​ជា​កម្រិត​អន្តរ​ក្រសួង​គាត់​ជា​អ្នក​ដោះ។ ​ខ្ញុំ​អាច​ថា​ មិន​ទាន់​មាន​លទ្ធភាព​ដឹង​រឿង​ហ្នឹង​ច្រើន​ជាង​ហ្នឹង​ទៀត​ទេ»។​

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល​កម្ពុជា​លើក​ឡើង​ក្នុង​សេចក្តី​ប្រតិកម្ម​មួយ​ចុះ​ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​ទណ្ឌ​កម្ម​របស់​អាមេរិក​ថា​ការ​ចោទ​ប្រកាន់​របស់​អាមេរិក​មិន​ស្រប​ទៅ​នឹង​ឯកសារ​របស់​ក្រុមហ៊ុន​UDGតម្កល់​ទុក​នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ទេ។​ ក្រុម​ប្រឹក្សា​លើក​ឡើង​ថា​UDG​ជា​ក្រុម​ហ៊ុន​ឯកជន​សុទ្ធសាធ។​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ពន្យល់​ថា ​ច្បាប់​ភូមិ​បាល​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​មួយ​ទទួល​បាន​ដី​សម្បទាន​លើស​ពី​១​ម៉ឺន​ហិកតា​ឡើយ ​ ​ប៉ុន្តែ​គម្រោង​របស់​ក្រុមហ៊ុន​UDG​នេះ​ពុំ​មែន​ជា​ករណី​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទេ។​

ក្រុម​ប្រឹក្សា​បញ្ជាក់​ថា៖​ «ករណី​នេះ​ជា​ការ​ជួល​ដី​ទីតាំង​ដែល​ពុំ​មាន​ច្បាប់​ណា​មួយ​កំណត់​ពី​ទំហំ​អតិបរមា​ឡើយ។​ដូច​នេះ​ការ​ជួល​ទីតាំង​ឲ្យ​ក្រុមហ៊ុន​UDG​ក្នុង​ទំហំ​លើស​ពី​១​ម៉ឺន​ហិកតា​នេះ​ពុំ​មែន​ជា​ការ​អនុវត្ត​ខុស​ច្បាប់​ទេ»។​

បើ​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​ទីតាំង​វិនិយោគ​របស់​ក្រុម​ហ៊ុន​ គឺ​ជា​ផ្នែក​មួយ​នៃ​ឧទ្យាន​ជាតិ​បុទុម​សាគរ​ដែល​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។​ដោយ​ផ្នែក​តាម​ច្បាប់ ​ ទីតាំង​ឧទ្យាន​ជាតិ​នេះ​ពុំ​អាច​មាន​បុគ្គល​ណា​ម្នាក់​មាន​សិទ្ធិ​កាន់​កាប់​និង​អាស្រ័យ​ផល​នៅ​លើ​ទីតាំង​ដែល​ត្រូវ​បាន​ជួល​ឲ្យ​ក្រុមហ៊ុន​UDG​វិនិយោគ។​ ដូច​នេះ​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​យល់​ឃើញ​ថា​ ការ​ដាក់​ទណ្ឌ​កម្ម​របស់​ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក​នេះ ​នឹង​ជះ​ឥទ្ធិ​ពល​ជា​អវិជ្ជមាន​ ដែល​មិន​ត្រឹម​តែ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ក្រុមហ៊ុន​UDG​ប៉ុណ្ណោះ​ទេ ​ តែ​ក៏​អាច​ប៉ះពាល់​ធ្ងន់​ធ្ងរ​ផង​ដែរ​ដល់​ការងារ​ប្រជាជន​ស្លូត​ត្រង់​ជា​ច្រើន​ ក៏​ដូច​ដល់​បរិស្ថាន​ធុរកិច្ច​និង​វិនិយោគ​ទាំង​មូល​ផង​ដែរ។​

គួរ​បញ្ជាក់​ថា​ក្រុមហ៊ុន​UDG​នេះ​ ត្រូវ​បាន​សហ​រដ្ឋ​អាមេរិក​សង្ស័យ​ថា​ មាន​គម្រោង​បង្កើត​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ដែល​អាច​ក្លាយ​ជា​មូលដ្ឋាន​យោធា​របស់​ប្រទេស​ចិន។​ហើយ​ព្រលាន​យន្តហោះ​ដែល​ក្រុម​ហ៊ុន​នេះ​កំពុង​ស្ថាបនា ​និង​ជិត​បញ្ចប់​ មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ការ​ចុះចត​របស់​យន្ត​ហោះ​យោធា។​

តំណាង​ក្រុមហ៊ុន​UDG ​ និង​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ជា​បន្ត​បន្ទាប់៕​

XS
SM
MD
LG