ក្រោយទទួលរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ក្រោមច្បាប់ម៉ានីតស្គី (Global Magnitsky) នោះក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមេន គ្រុប ឬ Union Development Group (UDG) បានថ្លែងការពារគម្រោងវិនិយោគរបស់ខ្លួននៅខេត្តកោះកុងថា ជាការវិនិយោគបម្រើប្រយោជន៍ជនស៊ីវិល និងគ្មានការរំលោភសិទ្ធិដីធ្លីរបស់ពលរដ្ឋ ហើយក៏គ្មានផែនការប្រែក្លាយតំបន់នោះទៅជាទីតាំងរបស់កងទ័ពជើងទឹកចិននោះដែរ។
កាលពីថ្ងៃអង្គារ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មក្រុមហ៊ុន Union Development Group ដោយសារតែការរឹបអូសយកដីធ្លីនិងបំផ្លាញលំនៅដ្ឋានពលរដ្ឋកម្ពុជា នៅខេត្តកោះកុង ដើម្បីអភិវឌ្ឍមណ្ឌលកម្សាន្តទេសចរណ៍ធម្មជាតិ តារាសាគរ មានទឹកប្រាក់ជិត ៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកក៏បានចោទក្រុមហ៊ុន UDG ថា មានជាប់ពាក់ព័ន្ធរដ្ឋចិន និងមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ហើយថែមទាំងអះអាងថា ខ្លួនមាន «របាយការណ៍គួរជាទីទុកចិត្ត» ក្នុងការធ្វើសេចក្តីសន្និដ្ឋានថា «គម្រោងតារាសាគរ» អាចនឹងត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធារបស់ចិនទៀតផង។
ក៏ប៉ុន្តែក្រុមហ៊ុន UDG បានបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក ហើយបានចោទអាមេរិកវិញថា បានប្រតិដ្ឋព័ត៌មានដែលមិនមែនជាការពិតទាល់តែសោះ។
បើតាមសេចក្តីប្រកាសចំនួន ៦ ទំព័ររបស់ក្រុមហ៊ុន UDG ផ្សព្វផ្សាយតាមបណ្តាញព័ត៌មានក្នុងស្រុកមួយឈ្មោះ Fresh News កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនចិននេះបានអះអាងថាទាក់ទងនឹងការដាក់ទណ្ឌកម្មនេះ«ក្រុមហ៊ុនយើងខ្ញុំសូមបង្ហាញការមិនពេញចិត្តនិងជំទាស់ជាដាច់ខាត។ ការចោទប្រកាន់ទោសពីភាគីសហរដ្ឋអាមេរិកមកលើក្រុមហ៊ុនយើងខ្ញុំ គឺគ្មានមូលដ្ឋានពិតប្រាកដ និងមិនមានតម្លៃគួរឲ្យឆ្លើយតបវិញទេ»។
ក្រុមហ៊ុន UDG ក៏ផ្តល់សេចក្តីពន្យល់និងការបំភ្លឺរឿងការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលមានលក្ខណៈរសើបមួយចំនួន ពាក់ព័ន្ធនឹងកម្មសិទ្ធិក្រុមហ៊ុនការរំលោភសិទ្ធិដីធ្លី និងមូលដ្ឋានកងទ័ពចិន។
ទាក់ទិនបញ្ហាកម្មសិទ្ធិ ក្រុមហ៊ុន UDG បានបញ្ជាក់ថា ក្រុមហ៊ុន Tianjin Union Investment Development Group Co., Ltd. នៃប្រទេសចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ជាសហគ្រាសឯកជននៅលើទឹកដីទីក្រុងធានជីនផ្ទាល់ និងផ្តោតលើការអភិវឌ្ឍអចលនទ្រព្យ ដោយគ្មានភាគហ៊ុនរដ្ឋចិនចូលរួមឡើយ។
ការចោទប្រកាន់របស់សហរដ្ឋអាមេរិក អះអាងថា ក្រុមហ៊ុន UDG បានទន្ទ្រាននិងបំផ្លិចបំផ្លាញដីធ្លីរបស់ប្រជាពលដ្ឋមូលដ្ឋាន ដើម្បីយកមកសង់គម្រោង ដោយថែមទាំងមានការសហការជាមួយនាយឧត្តមសេនីយ៍ គន់ គីម នោះក្រុមហ៊ុនបានអធិប្បាយថា នៅខែវិច្ឆិកា ឆ្នាំ ២០០៩ រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការអន្តរក្រសួង ដែលទទួលខុសត្រូវផ្ទាល់ចំពោះការរុះរើការតាំងទីលំនៅ និងការប៉ះប៉ូវសំណងរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់គម្រោងក្រុមហ៊ុន ហើយមិនដែលធ្វើសកម្មភាពខុសច្បាប់ណាមួយតាមរយៈលោក គន់ គីម ឡើយ។
ក្រុមហ៊ុន UDG ចោទអាមេរិកថា៖ «ភាគីសហរដ្ឋអាមេរិកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ផ្សព្វផ្សាយពាក្យចចាមអារាម និងនិយាយបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះមន្ត្រីជាន់ខ្ពស់នៃប្រទេសអធិបតេយ្យ គឺជាទង្វើគ្មានបន្ទាត់សីលធម៌ជាទីបំផុត»។
ទាក់ទិនបញ្ហាមូលដ្ឋានទ័ពជើងទឹកចិននោះ ក្រុមហ៊ុន UDG ដដែលដែលបានទទួលដីសម្បទានសេដ្ឋកិច្ចដើម្បីអភិវឌ្ឍគម្រោងរបស់ខ្លួន ដែលក្នុងនោះក៏មានការសាងសង់ព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅនោះ បានអះអាងថា «ទាំងអាកាសយានដ្ឋាននិងកំពង់ផែតារាសាគរគឺសម្រាប់[ការ]ប្រើប្រាស់ស៊ីវិល ហើយនឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពិភពលោក»។
ក្រុមហ៊ុនចិន UDG បានបញ្ជាក់បន្ថែមនៅត្រង់ចំណុចនេះថា រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឲ្យបង្កើតមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីរបស់ខ្លួនឡើយ។ ហើយភាគីកម្ពុជាក៏បានរៀបចំគណៈប្រតិភូមន្ត្រីការទូត និងគណៈប្រតិភូសេនានុព័ន្ធរបស់ប្រទេសនានា ដែលប្រចាំនៅកម្ពុជា រួមទាំងមន្ត្រីការទូតពីស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ មកធ្វើទស្សនកិច្ចផ្ទាល់នៅទីតាំងគម្រោងរបស់ក្រុមហ៊ុនផងដែរ។
ក្រុមហ៊ុន UDG បានចោទសួរថា៖ «តើវាជាមូលដ្ឋានយោធាឬអត់ អ្នកទាំងអស់អាចធ្វើការជជែកវែកញែកដោយខ្លួនឯងបាន»។
ក្រុមហ៊ុន UDG ក៏បានថ្លែងបញ្ឈឺសហរដ្ឋអាមេរិកវិញថា ខ្លួនទទួលស្វាគមន៍ក្រុមហ៊ុនមកពីទូទាំងពិភពលោក រួមទាំងក្រុមហ៊ុនអាមេរិកផងដែរមកវិនិយោគនៅតារាសាគរ «ដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នា និងការអភិវឌ្ឍរួមគ្នា»។
មុនការចេញមកបកស្រាយបំភ្លឺរបស់ក្រុមហ៊ុន UDG នេះ អ្នកនាំពាក្យរបស់គណបក្សកាន់អំណាចគឺលោក សុខ ឥសាន បានបង្ហាញជំហរការពារគម្រោងវិនិយោគតារាសាគរ ហើយថាបញ្ហាមួយចំនួនដែលកើតមាននៅក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនចិននេះ រួមមានវិវាទដីធ្លីនោះ មិនអាចចាត់ទុកថាជាការរំលោភសិទិ្ធមនុស្សបានទេ។
លោក សុខ ឥសាន ដែលជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជាផងនោះ ក៏បានអះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងប្រែក្លាយតំបន់តារាសាគរនោះជាតំបន់សេដ្ឋកិច្ច ដោយគ្មានចេតនាធ្វើឲ្យទីតាំងនោះក្លាយជាមូលដ្ឋានយោធា ដើម្បីបម្រើមហាអំណាចណាមួយនោះឡើយ។
លោកឲ្យដឹងទៀតថា បញ្ហាដីធ្លីដែលកើតមាននៅតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន UDG ត្រូវបានរាជរដ្ឋាភិបាលចាត់ការជាបណ្តើរៗរួចហើយ។
ក៏ប៉ុន្តែ ពលរដ្ឋមួយចំនួននៅខេត្តកោះកុងដែលមិនទាន់បានដំណោះស្រាយសម្រាប់ទំនាស់ដីធ្លីរបស់ពួកគេ ដែលមានរយៈពេលជាង ១០ ឆ្នាំ មកហើយនោះ យល់ថា ការបកស្រាយរបស់ក្រុមហ៊ុននិងការអះអាងរបស់មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច មិនត្រឹមត្រូវទាំងស្រុងនោះទេ។
អ្នកស្រី សាំង ពុយ វ័យ ៣៨ ឆ្នាំ រស់នៅឃុំកោះសេ្តច ស្រុកគិរីសាគរ ដែលមានវិវាទដីធ្លីទំហំ ២៥ ហិកតា ជាមួយក្រុមហ៊ុន UDG អស់រយៈពេល ១២ ឆ្នាំមកហើយនោះ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ប្រជាពលរដ្ឋបានទទួលផលលំបាកខាងជីវភាព ច្រើនជាងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចពីគម្រោងរបស់ក្រុមហ៊ុនចិននេះ។ អ្នកស្រីមានប្រសាសន៍ថា ប្រជាពលរដ្ឋបានចាកចេញពីលំនៅដ្ឋានរបស់ពួកគេទាំងបង្ខំចិត្តផងដែរ។
«ប្រជាពលរដ្ឋតាមពិតគាត់ ក៏មិនចង់ចាកចេញ មិនចង់ចាកចេញពីលំនៅដ្ឋានគាត់ដែរ ប៉ុន្តែកាលពីមុន[រដ្ឋាភិបាល] គឺបានបង្ខិតបង្ខំថា កន្លែងនេះ គឺក្រុមហ៊ុនវិនិយោគហើយ ត្រូវតែឲ្យគេ។ តែការបង្ខិតបង្ខំអ៊ីចឹង។ គេបានសិទ្ធិវិនិយោគរបស់គេ។ អ៊ីចឹងគាត់ទៅដោយបង្ខំចិត្ត ហើយសំណងក៏បានតិចតួច ហើយទៅនៅលើហ្នឹងខុសពីភូមិសាស្ត្រគាត់ចាស់។ ភូមិសាស្ត្រគាត់នៅខាងក្រោមនេះគាត់ គាត់រកស៊ីនេសាទ។ ភាគច្រើនគាត់នេសាទ ហើយគាត់ចម្ការដល់ខែនេសាទ ខែរដូវអី គាត់ទៅធ្វើនេសាទបាន ហើយគាត់ធ្វើចម្ការទៀត»។
អ្នកស្រីលើកឡើងទៀតថា ទាំងអ្នកស្រីផ្ទាល់និងក្រុមប្រជាពលរដ្ឋ នឹងមិនអាចបញ្ឈប់បានទេការតវ៉ាទាមទាររកដំណោះស្រាយដីធ្លីនោះ ព្រោះដីរបស់អ្នកស្រីនិងប្រជាពលរដ្ឋឯទៀតមានបណ្ណកម្មសិទ្ធិត្រឹមត្រូវ មិនអាចឲ្យក្រុមហ៊ុនយកទៅបានដោយស្រួល និងគ្មានសំណងសមស្របនោះឡើយ។ អ្នកស្រីអះអាងថា ក្នុងស្រុកគិរីសាគរ នៅមានប្រជាពលរដ្ឋជាង ២០០ គ្រួសារទៀត មិនទាន់ទទួលបានដំណោះស្រាយពីវិវាទដីធ្លីរបស់ពួកគេនៅឡើយ។
«មិនត្រឹមតែបងទេ ទាំងប្រជាពលរដ្ឋទាំងអស់រាប់រយគ្រួសារហ្នឹងណា៎ គេនៅតែទាមទាររបស់គេ ព្រោះសិទ្ធិរបស់គេស្របច្បាប់ ហើយយករបស់គេទាំងស្រស់ៗ។ វាអត់យុត្តិធម៌»។
វីអូអេ មិនអាចសុំការអធិប្បាយពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានទេ ដោយសារលោកស្រីមិនលើកទូរស័ព្ទ។ វីអូអេ ក៏មិនអាចទាក់ទងសុំការអធិប្បាយពីតំណាងក្រុមហ៊ុន UDG តាមលេខទំនាក់ទំនង ដែលមាននៅលើគេហទំព័ររបស់ក្រុមហ៊ុននេះបានដែរ។
ក្រុមហ៊ុន Union Development Group ទទួលបានដីសម្បទានចំនួន ៣៦.០០០ ហិកតា កាលពីឆ្នាំ ២០០៨ សម្រាប់ជួលរយៈពេល ៩៩ ឆ្នាំ ដើម្បីអភិវឌ្ឍគម្រោងតារាសាគរនៅក្នុងស្រុកចំនួនពីរ គឺស្រុកបទុមសាគរ និង គិរីសាគរ ខេត្តកោះកុង។
ទោះបីក្រុមហ៊ុននេះបានប្រកែកថា ខ្លួនគ្មានជាប់ពាក់ព័ន្ធនឹងរដ្ឋចិនក៏ដោយ ក៏អ្នកសិក្សាស្រាវជ្រាវវិស័យការពារជាតិមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ធ្លាប់បានបញ្ជាក់កន្លងមកថា «តំបន់អភិវឌ្ឍន៍ខ្នាតធំខាងលើរបស់ក្រុមហ៊ុន UDG មានជាប់ពាក់ព័ន្ធនឹងគណបក្សកុម្មុយនីស្តចិន និងជាផ្នែកមួយនៃគម្រោងការយុទ្ធសាស្ត្រសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ចិន នៅក្នុងតំបន់ចុងបូព៌ា ដូចជាគម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិន ឬ Belt and Road Initiative ជាដើម»៕