ការរំលោភសិទ្ធិសេរីភាព ការរំលោភដីធ្លី ការរឹតត្បិតមិនឲ្យពលរដ្ឋខ្មែរក្រោមរៀន និងបង្រៀនភាសាខ្មែរ ការលុបបំបាត់វប្បធម៌ប្រពៃណី និងសាសនា ការបង្កអំពើហិង្សាលើរូបរាងកាយ ការចាប់ឃុំខ្លួនក្នុងពន្ធនាគារ និងការមិនទទួលស្គាល់ប្រជាពលរដ្ឋខ្មែរក្រោមថាជាជនជាតិដើម សុទ្ធសឹងតែជាបញ្ហាប្រឈម ដែលរដ្ឋាភិបាលវៀតណាម ធ្វើមកលើពលរដ្ឋខ្មែរក្រោមដែលរស់នៅលើទឹកដីកម្ពុជាក្រោមសព្វថ្ងៃ។ នេះបើតាមការលើកឡើងរបស់អ្នកចូលរួមក្នុងពិធីរំឭក ខួប ១០ ឆ្នាំនៃសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិរបស់ជនជាតិដើម ដែលបានរៀបចំឡើងដោយសហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន នៅក្នុងវត្តខ្មែរសូរិយរង្សី ក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។
បញ្ហាទាំងនេះជាដើមចមដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរក្រោមទាំងក្នុង និងក្រៅប្រទេស ព្យាយាមតស៊ូ រើបម្រះ ជាច្រើនទសវត្សរ៍មកហើយ ដើម្បីសេរីភាព ក្នុងការអនុវត្តសិទ្ធិក្នុងការរស់រានមានជីវិត សិទ្ធិប្រើប្រាស់ភាសា សិទ្ធិអនុវត្តវប្បធម៌ និងសាសនា និងសិទ្ធិផ្សេងៗទៀត ដែលមានចែងក្នុងសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិរបស់ជនជាតិដើម ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ កន្លងទៅ។ នេះបើតាមសម្ដីរបស់លោក លោក ថាច់ វៀន ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម។
លោក ថាច់ វៀន បានបញ្ជាក់ប្រាប់ VOA ថា៖
«យើងធ្វើការតស៊ូ មកពីមានបញ្ហាខាងសិទ្ធិមនុស្ស បងប្អូនខ្មែរកម្ពុជាក្រោមត្រូវយួនគ្រប់ជំនាន់ទាំងអស់រំលោភសិទ្ធិ ហើយនឹងធ្វើបាប ហេតុដូច្នេះ យើងធ្វើការតស៊ូនេះ ដើម្បីសុំឲ្យយួនគោរពសិទ្ធិ ការរស់នៅតាមទំនៀមទម្លាប់យើងជាជនជាតិដើមនៅក្នុងទឹកដីកម្ពុជាក្រោម»។
លោក ឡាម ដន យុវជនខ្មែរក្រោមម្នាក់មកពីទីក្រុង Durham រដ្ឋ North Carolina បានលើកឡើងថា បញ្ហាដែលយុវជនខ្មែរក្រោមរស់នៅក្នុងទឹកដីកម្ពុជាក្រោមប្រឈមមុខខ្លាំងបំផុត ក្នុងពេលបច្ចុប្បន្ននេះគឺកង្វះការអប់រំ និងឱកាសការងារ។
លោក ឡាម ដន បាននិយាយថា៖
«សម្រាប់ខ្ញុំ ខ្ញុំគិតថា បញ្ហាចម្បងដែលទាក់ទងនឹងយុវជនយើងនៅកម្ពុជាក្រោមគឺបញ្ហាការអប់រំ វិស័យអប់រំ យើងគ្មានឱកាសគ្រប់គ្រាន់»។
លោក ដន បន្ថែមថា៖
«ដល់ពេលយើងចេញពីសាលារៀនហើយ ការងារយើងមិនអាចធ្វើការបានត្រូវជំនាញ ពីព្រោះមានអំពើពុករលួយច្រើន។ បើយើងគ្មានខ្សែជាមួយរដ្ឋ ឬមិនមាន Connection យើងមិនអាចចូលបាន លុះត្រាយើងមានលុយកាក់ដាក់ឲ្យគេ»។
ចំណែកនៅក្នុងវិស័យព្រះពុទ្ធសាសនាវិញ អាជ្ញាធរវៀតណាម បានប្រើវិធីសាស្ត្របំបែកសាមគ្គីភាព ឃ្លាំមើល និងបំភិតបំភ័យ ចៅអធិការខ្មែរក្រោមណា ដែលមិនធ្វើតាមការបង្គាប់បញ្ជារបស់អាជ្ញាធរវៀតណាម។ នេះបើតាមសង្ឃដីកា របស់ព្រះតេជគុណ លី ចិន្តា ព្រះសង្ឃខ្មែរក្រោមមួយអង្គ ដែលទើបតែទទួលបានសិទ្ធិជ្រកកោននយោបាយ ពីរដ្ឋាភិបាលអាមេរិកកាលពីខែសីហា ឆ្នាំ ២០១៦។
ព្រះតេជគុណ លី ចិន្តា មានសង្ឃដីកាថា៖
«ការសាមគ្គីភាពរវាងវត្ត និងវត្តមិនមានការរលូន យួនមានដាក់បញ្ជា និងបង្គាប់ទៅលើចៅអធិការនីមួយៗហ្នឹង ធ្វើឲ្យមាន គេហៅថា បិទសិទ្ធិ ឬក៏ប្រើមនោគមន៍វិជ្ជានយោបាយ សម្រាប់ចៅអធិការនីមួយៗ មានការពិបាកក្នុងការទាក់ទងគ្នា ពិបាកក្នុងការដោះស្រាយបញ្ហារួមគ្នា និងពិបាកផ្ដល់ចំណេះដឹងឲ្យគ្នា»។
យ៉ាងណាក៏ដោយ អាជ្ញាធរវៀតណាមមិនមែនមិនពេញចិត្តជាមួយនឹងចៅអធិការវត្តខ្មែរក្រោមទាំងអស់នោះទេ។ ព្រះតេជគុណ លី ចិន្តា ក៏បានបញ្ជាក់ផងដែរថា មានចៅអធិការមួយចំនួន ត្រូវបានគាំទ្រដោយអាជ្ញាធរវៀតណាម។
«យួនគាំទ្រ ចំពោះចៅអធិការណា ដែលមានការគាំទ្របក្សកុម្មុយនិស្ត គាំទ្រនយោបាយរបស់យួន។ យួនគេស្រឡាញ់ គេពេញចិត្ត ហើយគេការពារអង្គនោះ»។
ក្រៅពីការបំបែកបំបាក់សាមគ្គីភាព និងរឹតត្បិតមិនឲ្យពលរដ្ឋខ្មែរក្រោមចែករំលែកចំណេះដឹងផ្នែកភាសា និងវប្បធម៌របស់ខ្លួន អាជ្ញាធរវៀតណាម ក៏បានប្រើប្រាស់អំពើហិង្សា និងចាប់ឃុំខ្លួន ជនណាល្មើសនឹងការហាមប្រាមនេះ។
ព្រះតេជគុណ យ៉ាញ់ ទោន ដែលបច្ចុប្បន្នរស់នៅក្នុងវត្តខ្មែរសូរិយរង្សី ក្នុងទីក្រុង Philadelphia រដ្ឋ Pennslyvania ធ្លាប់ត្រូវបានអាជ្ញាធរវៀតណាម ចាប់ឃុំខ្លួនក្នុងពន្ធនាគារ រយៈពេល ៤ ឆ្នាំ ដោយសារព្រះតេជគុណ ដឹកនាំការតវ៉ា ដើម្បីទាមទារការឲ្យអាជ្ញាធរវៀតណាម គោរពសិទ្ធិពលរដ្ឋខ្មែរក្រោម។
«ខ្ញុំករុណា អាត្មា កាលពី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ត្រូវបានរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ចាប់ដាក់ពន្ធនាគារ អស់រយៈពេល ៤ ឆ្នាំ ដោយសារខ្ញុំករុណា ដឹកនាំធ្វើការតវ៉ា ទាមទារឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិមនុស្ស»។
ហើយវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុត ដែលរដ្ឋាភិបាលវៀតណាម ប្រើប្រាស់ ដើម្បីបំបែកបំបាក់ និងកៀបសង្កត់ខ្មែរក្រោមនោះ ត្រូវបានព្រះតេជគុណ យ៉ាញ់ ទោន បញ្ជាក់ឲ្យដឹងថា គឺការទិញទឹកចិត្តព្រះសង្ឃខ្មែរក្រោម និងពលរដ្ឋខ្មែរក្រោម ឲ្យធ្វើជារនុកក្នុង និងរាយការណ៍ព័ត៌មានទាំងឡាយពីគ្នាទៅវិញទៅមកប្រាប់អាជ្ញាធរវៀតណាម»។
ព្រះតេជគុណ យ៉ាញ់ ទោន ក៏បានបញ្ជាក់ដែរថា មិនមែនតែព្រះអង្គទេ ដែលត្រូវអាជ្ញាធរ វៀតណាមចាប់ឃុំខ្លួន មានព្រះសង្ឃអង្គដទៃទៀត ដែលខ្លះត្រូវចាប់ដាក់ពន្ធនាគារ ហើយខ្លះទៀតរងនូវអំពើហិង្សាយ៉ាងដំណំ។ អំពើហិង្សាដែលមានច្រើនរូបភាព ដូចជាការទាត់ធាក់ ការវាយនឹងដំបង វាយច្រកបាវ និងប្រើដំបងឆក់ជាដើម។
ចំពោះករណីរងអំពើហិង្សា ពីសំណាក់អាជ្ញាធរវៀតណាមនេះ ព្រះតេជគុណ លី ចិន្តា មានសង្ឃដីកា ប្រាប់ VOA ថា៖
«ហើយក្នុងនាមអាត្មាហ្នឹង គឺទទួលនូវការធ្វើបាប វ៉ៃច្រកបាវ រហូតដល់បាញ់ដំបងឆក់។ យើងឃើញរូបភាពទាំងអស់នឹង វាដូចជាធ្វើសង្គ្រាមជាមួយនឹងលោកអញ្ចឹង ក្នុងពេលលោកសង្ឃ អ្នកកាន់ពុទ្ធសាសនា ពុំមានអាវុធ គាត់មានតែធម៌អារ្យ គាត់មានតែសីលក្នុងខ្លួន ប៉ុន្តែអាជ្ញាធរយួន ហាក់ដូចជាធ្វើជ្រុលហួសហេតុពេកហើយ»។
ក្រៅពីការធ្វើទុក្ខបុកម្នេញ ពីអាជ្ញាធរវៀតណាម ពលរដ្ឋវៀតណាមក៏បង្កការលំបាក និងព្យាយាមរំលោភដីធ្លី ដែលជាកម្មសិទ្ធិរបស់វត្តខ្មែរក្រោមផងដែរ។ លោក ថាច់ វៀន ពន្យល់ពីករណី រំលោភដីធ្លីនេះថា៖ «ដំបូងឡើយ ពលរដ្ឋវៀតណាម មកសុំដីវត្តមេពាំង ក្នុងខេត្តព្រះត្រពាំង ដែលសព្វថ្ងៃវៀតណាមដាក់ឈ្មោះថាខេត្ត ត្រាវិញ រស់នៅ នឹងសន្យាថានឹងមាត់ថា នឹងចាកចេញវិញ ពេលណាដែលវត្តត្រូវការ។ ប៉ុន្តែក្នុងរយៈពេលប្រមាណ ៧ឆ្នាំ គ្រួសារនោះបានឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន និងលួចធ្វើប្លង់កម្មសិទ្ធិ ប្លន់យកដីនោះតែម្ដង»។
គួរបញ្ជាក់ថា បើយោងតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោក ត្រឹង ងា អាណានិគមបារាំងបានប្រគល់ទឹកដីកម្ពុជាក្រោមទាំងមូលឲ្យទៅប្រទេសវៀតណាមក្នុងឆ្នាំ ១៩៤៩។ មានន័យថា គិតត្រឹមឆ្នាំ ២០១៧ នេះ ប្រទេសវៀតណាមគ្រប់គ្រងទឹកដីកម្ពុជាក្រោមទាំងមូលអស់រយៈពេលប្រមាណ ៦៨ ឆ្នាំមកហើយ៕