មន្ត្រីរដ្ឋាភិបាលប៉ាគីស្ថានកំពុងសាទរចំពោះជោគជ័យនៃដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃកាលពីពេលថ្មីៗនេះទៅកាន់ប្រទេសចិនរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកសង្កេតការណ៍និយាយថា ទោះបីជាដំណើរទស្សនកិច្ចនោះគឺជាការបង្ហាញជាធម្មតានៃទំនាក់ទំនងដ៏កក់ក្តៅពីភាគីទាំងពីរក៏ដោយ ក៏ឧបសគ្គនៅតែមាននៅក្នុងការកែលម្អភាពជាដៃគូសេដ្ឋកិច្ចរវាងចិននិងប៉ាគីស្ថាន ដែលភាគច្រើនដោយសារតែគោលនយោបាយមិនល្អរបស់ប៉ាគីស្ថាន។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Sharif ទៅកាន់ប្រទេសចិននេះបានធ្វើឡើង ខណៈដែលប៉ាគីស្ថានកំពុងស្វែងរកការវិនិយោគទុនពីបរទេសបន្ថែមទៀតនិងកំពុងសម្លឹងរកមើលការជំរុញការនាំចេញដើម្បីជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ខ្លួន ចំពេលមានការព្រួយបារម្ភអំពីសន្តិសុខ។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ១០ ខែមិថុនា រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថានលោក Attaullah Tarar បានហៅដំណើរទស្សនកិច្ចនេះថា «ជោគជ័យនិងជាប្រវត្តិសាស្ត្រ»។
លោក Tarar បាននិយាយថា៖ «ផ្លែផ្កានៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសចិននេះនឹងបានទៅដល់ប្រជាជនប៉ាគីស្ថាន» ។
លោក Sharif បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនតាមការអញ្ជើញរបស់សមភាគីចិនលោកនាយករដ្ឋមន្ត្រី Li Qiang ដែលលោកបានជួបពិភាក្សាការងារថ្នាក់គណៈប្រតិភូនៅទីក្រុងប៉េកាំង។ លោក Sharif ក៏បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Shenzhen និងទីក្រុង Xi'an ផងដែរដើម្បីជួយកសាងទំនាក់ទំនងរវាងអាជីវកម្មនិងអាជីវកម្ម និងដើម្បីសង្កេតមើលការរីកចម្រើនរបស់ប្រទេសចិនក្នុងវិស័យកសិកម្ម បច្ចេកវិទ្យា និងការសម្របសម្រួលអាជីវកម្ម។
យោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះប្រទេសចិននិងប៉ាគីស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សរណៈនៃការយោគយល់គ្នា ចំនួន ២៣ ក្នុងវិស័យជាច្រើនរួមមានកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការឧស្សាហកម្ម ជំនួយអភិវឌ្ឍន៍អន្តររដ្ឋាភិបាល បទបញ្ជាទីផ្សារ សុរិយោដីនិងការ ធ្វើផែនទី ប្រព័ន្ធផ្សព្វផ្សាយ និងខ្សែភាពយន្ត។
សំខាន់ជាងនេះទៅទៀត ភាគីទាំងពីរបានប្តេជ្ញាថានឹងជំរុញគម្រោងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) តាម «ទម្រង់ដែលបានធ្វើកំណែប្រែឱ្យបានប្រសើរឡើង» ដែលមានតម្លៃរាប់ពាន់លានដុល្លារ តាមរយៈការជំរុញការសាងសង់ ការជីកយករ៉ែនិងការរុករក និងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម។
អ្នករិះគន់ខ្លះនិយាយថា នៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនគម្រោង CPEC ប៉ាគីស្ថានមិន អើពើនឹងមេរៀនដ៏លំបាកមួយចំនួនក្នុងទសវត្សរ៍ដំបូងនៃគម្រោងថាមពលនិងហេដ្ឋារចនាសម្ព័ន្ធនេះឡើយ។
លោក Ali Hasanain សាស្ត្រាចារ្យរងផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រគ្រប់គ្រងទីក្រុង Lahore (Lahore University of Management Sciences) បាននិយាយថា៖ «ចំណុចខុសឆ្គងដំបូងរបស់គម្រោងច្រករបៀងនេះគឺការណ៍ដែលប៉ាគីស្ថានបានទទួលយកគម្រោងមួយចំនួនធំដែលបន្ថែមកាតព្វកិច្ចជារូបិយប័ណ្ណបរទេស ហើយការណ៍នេះផ្ទុយនឹងអត្រាប្តូរប្រាក់ក្នុងស្រុកនិងគោលនយោបាយឧស្សាហកម្មរបស់ប្រទេសប៉ាគីស្ថាន»។
លោក Hasanain បានបន្ថែមថា៖ «កាតព្វកិច្ចទាំងនោះបានបង្រួមទំហំសារពើពន្ធរបស់ប្រទេសប៉ាគីស្ថានបន្តិចម្តងៗតាមដែលយើងអាចព្យាករណ៍បាន»។
ប៉ាគីស្ថានជំពាក់បំណុលរោងចក្រថាមពលដែលបង្កើតឡើងក្រោមគម្រោង CPEC នេះចំនួនជាង ៧,៥ ពាន់លានដុល្លារ។ ប្រទេសនេះក៏ជំពាក់បំណុលបង្វិលឬបំណុលដែលមិនទាន់បានបង់ជិត ២ ពាន់លានដុល្លាររបស់ក្រុមហ៊ុនផលិតថាមពលចិនផងដែរ។
ដោយមិនអាចជំរុញការនាំចេញក្រោយពីមានផ្លូវថ្មីនិងសមត្ថភាពផលិតថាមពលបន្ថែមដែលទទួលបានតាមរយៈគម្រោង CPEC ឥឡូវនេះប៉ាគីស្ថានប្រឈមនឹងវិបត្តិបំណុលដោយខ្លួនកំពុងស្វែងរកប្រាក់កម្ចីថ្មីដើម្បីសងបំណុលអតីតកាល។
សេដ្ឋវិទូប៉ាគីស្ថានជាច្រើនបានបន្ទោសរដ្ឋាភិបាលប៉ាគីស្ថានចំពោះវិបត្តិនេះ៕
ប្រែសម្រួលដោយលោក ម៉ែន គឹមសេង
វេទិកាបញ្ចេញមតិ