នៅប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត បណ្ដាញសង្គមអនឡាញនៅតែជាកន្លែងដ៏ពេញនិយមសម្រាប់មនុស្សក្នុងការអានព័ត៌មាន ហើយជាញឹកញាប់វាជារឿងគួរឱ្យឈឺក្បាលសម្រាប់បណ្ដាញទាំងនេះដែលត្រូវដោះស្រាយបញ្ហាព័ត៌មានប្រឌិតនិងព័ត៌មានក្លែងក្លាយ។
បណ្ដាញសង្គមអនឡាញ Douyin ដែលមានលក្ខណៈជាវីដេអូខ្លីៗ គឺជាកម្មវិធីដូច TikTok ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ByteDance របស់ចិនដែរ ប៉ុន្តែគឺអាចប្រើប្រាស់បានតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ កាលពីពេលថ្មីៗនេះ Douyin បានប្រកាសអំពីយន្តការផ្ទៀងផ្ទាត់ថ្មីមួយសម្រាប់ខ្លឹមសារព័ត៌មានណាដែលគេសង្ស័យថាក្លែងក្លាយ។
Douyin បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី ២៧ ខែឧសភាថា ខ្លួននឹងដៅគោលដៅលើ «វីដេអូលក្ខណៈសម្តែង» ដែលមានចេតនានាំឱ្យទស្សនិកជនយល់ខុស ហើយតម្រូវឱ្យអ្នកបង្កើតវីដេអូបញ្ជាក់លើវីដេអូដូចនេះថាជាវីដេអូបែបប្រឌិតឬសម្តែង។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះ Douyin បានយោងលើករណីមួយដែលគ្រូពេទ្យវះកាត់កែសម្ផស្សម្នាក់នៅខេត្ត Anhui នៃប្រទេសចិនសម្តែងក្នុងវីដេអូដូចជាគ្រូពេទ្យនោះបានជួយសង្គ្រោះជីវិតអ្នកជំងឺម្នាក់តាមរយៈការវះកាត់បន្ទាន់ដូច្នេះដែរ។ វីដេអូនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជន។
ចំណែកឯបណ្ដាញសង្គមអនឡាញ TikTok របស់ចិនដែលគេប្រើប្រាស់នៅក្រៅប្រទេសចិនវិញក៏បានលើកឡើងផងដែរថា ខ្លួនបានបង្កើនកិច្ចប្រឹងប្រែងយ៉ាងខ្លាំងដើម្បីគ្រប់គ្រងវីដេអូណាដែលមានបំណងធ្វើឱ្យទស្សនិកជនមានការយល់ខុសដោយចេតនាសម្រាប់ហេតុផលនយោបាយ និងបានបញ្ចូលប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋជាគោលដៅដែលខ្លួនត្រូវផ្ដោត។
ទោះបីជាស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិនក៏ដោយ ក៏ TikTok បានដាក់ចេញនូវវិធានការថ្មីៗដែលបានប្រកាសលើវេបសាយរបស់ខ្លួននៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៣ ខែឧសភាថា ខ្លួននឹងដាក់កំហិតលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលរួមទាំងប្រព័ន្ធផ្សព្វផ្សាយរបស់ចិនផងដែរ មិនឱ្យប្រើប្រាស់វេទិការបស់ខ្លួនដើម្បីចែកចាយព័ត៌មានប្រឌិតនិងព័ត៌មានមិនពិតនៅក្រៅប្រទេស។
នៅក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ នេះ TikTok ថា ខ្លួនបានបង្អាក់ប្រតិបត្តិការជះឥទ្ធិពលចំនួន ១៥ និងលុបចោលទំព័រផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដែលពាក់ព័ន្ធចំនួន ៣.០០១ ដែល «ភាគច្រើននៃទំព័រទាំងនេះមានការពាក់ព័ន្ធនឹងការប៉ុនប៉ងជះឥទ្ធិពលលើសុន្ទរកថានយោបាយ ដែលរួមទាំងសុន្ទរកថាទាក់ទិននឹងការបោះឆ្នោតផងដែរ»។
ទោះបីជាសេចក្តីប្រកាសរបស់ TikTok នៅលើវេបសាយរបស់ខ្លួននៅសហរដ្ឋអាមេរិកមិនបានបញ្ជាក់ឱ្យបានជាក់លាក់អំពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកក៏ដោយ ក៏ TikTokបានលើកឡើងអំពី «ការប្រឆាំងនឹងប្រតិបត្តិការជះឥទ្ធិពលក្នុងអំឡុងឆ្នាំបោះឆ្នោតជាប្រវត្តិសាស្ត្រមួយ»។ TikTok ថា កាលពីខែកុម្ភៈ ខ្លួនបានលុបចោលទំព័រផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅចិនចំនួន ១៦ ដែលមានអ្នកតាមដានគាំទ្រជាង ១១០.០០០ នាក់ដែលលើកតម្កើងគោលនយោបាយនិងវប្បធម៌ចិននៅសហរដ្ឋអាមេរិក។
នាយកផ្នែកស៊ើបការណ៍សម្ងាត់ជាតិសហរដ្ឋអាមេរិកអ្នកស្រី Avril Haines បានផ្តល់សក្ខីកម្មនៅក្នុងសភាអាមេរិកកាលពីថ្ងៃទី ១២ ខែមីនាថា សហរដ្ឋអាមេរិក «មិនអាចបញ្ជាក់» បានថាចិនអាចប្រើប្រាស់ TikTok ដើម្បីជះឥទ្ធិពលលើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ ២០២៤ នេះនៅសហរដ្ឋអាមេរិកនោះទេ។
លោក Mike Gallagher អតីតប្រធានគណៈកម្មាធិការពិសេសនៃរដ្ឋសភាអាមេរិកទទួលបន្ទុកកិច្ចការប្រទេសចិន បានព្រមានថា TikTok មាន «ឱកាសធំធេង» ក្នុងការជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំនេះ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានប្រាប់បណ្ដាញព័ត៌មាន CNN កាលពីខែមេសាថា សហរដ្ឋអាមេរិកបានឃើញភ័ស្តុតាងដែលចិនប៉ុនប៉ងជះឥទ្ធិពលនិងលូកដៃចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខ។
រដ្ឋាភិបាលចិនបានបដិសេធម្តងហើយម្តងទៀតថាខ្លួនមិនបានលូកដៃចូលក្នុងការបោះឆ្នោតបរទេសណាមួយទេ ដែលក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បានលើកឡើងដូចនេះម្ដងទៀតនៅក្នុងការឆ្លើយតបទៅនឹងសំណួរអំពីការចោទប្រកាន់របស់លោក Blinken លើរដ្ឋាភិបាលចិននេះនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី ២៩ ខែមេសាកន្លងទៅនេះ។
ស្ថានទូតចិននៅរដ្ឋធានីវ៉ាស៊ីនតោនមិនបានឆ្លើយតបចំពោះសំណើរបស់ VOA ដែលសុំឱ្យបញ្ចេញមតិលើរឿងនេះទេ។
ការលើកឡើងរបស់ TikTok អំពីការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនេះបានធ្វើឡើងក្នុងពេលប៉ុន្មានសប្តាហ៍ក្រោយមកបន្ទាប់ពីបណ្ដាញសង្គមអនឡាញនេះដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី ៧ ខែឧសភាប្រឆាំងនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបង្ខំឱ្យខ្លួនលក់សិទ្ធិគ្រប់គ្រងនៅអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីខែមេសាបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយដែលតម្រូវឱ្យក្រុមហ៊ុន ByteDance លក់ TikTok នៅក្នុងសហរដ្ឋអាមេរិកឱ្យរដ្ឋាភិបាលអាមេរិកដើម្បីឱ្យអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកនៅតែអាចប្រើប្រាស់បណ្ដាញសង្គមអនឡាញនេះបាន ដោយសារតែក្ដីបារម្ភថាបណ្ដាញសង្គមអនឡាញនេះអាចចែកចាយទិន្នន័យឯកជនរបស់ពលរដ្ឋអាមេរិកាំងដល់អាជ្ញាធរចិន៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា
វេទិកាបញ្ចេញមតិ