លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry និងលោក Javad Zarif រដ្ឋមន្រ្តីការបរទេសនៃប្រទេសអ៊ីរ៉ង់ បានជួបជាលើកទី២នៅថ្ងៃច័ន្ទនេះ ដើម្បីចរចាកម្មវិធីអាវុធនុយក្លេអ៊ែរ នៅពេលដែលការកំណត់ដើម្បីឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយបានខិតចូលកាន់តែជិត។
ក្រុមអ្នកការទូតដែលត្រូវចូលរួមនៅក្នុងទីក្រុងហ្សឺណែវមានលោក Ali Akbar Salehi ប្រធានកម្មវិធីនុយក្លេអ៊ែរនៃប្រទេសអ៊ីរ៉ង់ និងលោក Ernest Moniz រដ្ឋមន្រ្តីក្រសួងថាមពលសហរដ្ឋអាមេរិក។
ក្រុមអ្នកចរចាសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានជួបគ្នាចាប់តាំងកាលពីថ្ងៃសុក្រសប្តាហ៍មុនមក នៅក្នុងការប៉ុនប៉ងមួយដើម្បីដោះស្រាយជម្លោះបច្ចេកទេសដែលជាឧបសគ្គដល់កិច្ចព្រមព្រៀងដ៏ធំទូលាយមួយរវាងអ៊ីរ៉ង់និងក្រុមប្រទេសមហាអំណាចពិភពលោកទាំង៦។
ភាគីទាំង២បានផ្តល់ពេលវេលាដល់ខ្លួនឯងរហូតដល់ថ្ងៃទី២៤ ខែមិនា ដើម្បីឈានដល់កិច្ចព្រមព្រៀងក្របខណ្ឌការងារមួយ សម្រាប់កិច្ចព្រមព្រៀងអចិន្ត្រៃយ៍មួយដែលមានពេលកំណត់នៅថ្ងៃទី១ ខែកក្កដា ដើម្បីធ្វើឲ្យប្រាកដថា សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺដើម្បីសន្តិភាព ដើម្បីដោះដូរនឹងការលុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Kerry ដែលបានជួបជាមួយលោករដ្ឋមន្រ្តីកាបរទេសអង់គ្លេសនៅក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃសៅរ៍សប្តាហ៍មុនបាននិយាយថា ក្រុមប្រទេសមហាអំណាចពិភពលោកដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស ចិន បារាំង រុស្ស៊ីនិងប្រទេសអាល្លឺម៉ង់ នៅតែរួបរួមគ្នាលើបញ្ហាអ៊ីរ៉ង់៕