លោក John Kerry រដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អា.និងលោក Mohammad Javad Zarif រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កំពុងជួបប្រជុំគ្នាជាថ្មីទៀតនៅថ្ងៃច័ន្ទនេះក្នុងប្រទេសស្វីស ខណៈពេលដែលពួកគេបន្តជំរុញឲ្យមានដំណោះស្រាយក្នុងការចរចារយៈពេលយូរអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះ។
លោក Kerry និងលោក Zarif រួមជាមួយនឹងអ្នកការទូតនិងអ្នកជំនាញផ្សេងទៀតមកពីភាគីទាំងសងខាង បានបើកការចរចាតុមូលចុងក្រោយកាលពីថ្ងៃអាទិត្យ។ ក្រុមអ្នកចរចាមានពេល២សប្តាហ៍ទៀត មុនពេលផុតកំណត់ ដើម្បីកំណត់អំពីគម្រោងកិច្ចព្រមព្រៀងធានាឲ្យបានថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាកម្មវិធីសន្តិភាព ជាថ្នូរនឹងការលើកលែងទណ្ឌកម្មសេដ្ឋកិច្ច។
លោក Kerryបាននិយាយកាលពីថ្ងៃអាទិត្យថា ឧបសគ្គនៅសេសសល់ភាគច្រើនជាឧបសគ្គនយោបាយ មិនមែនជាឧបសគ្គបច្ចេកទេសទេ។
លោក Kerry បាននិយាយប្រាប់បណ្តាញទូរទស្សន៍ CBS ក្នុងកម្មវិធី Face the Nation ថា មានការខ្វែងគំនិតគ្នាខ្លះៗនៅសល់ទាក់ទងនឹងបច្ចេកទេស។ តែការខ្វែងគំនិតគ្នាភាគច្រើនបំផុតត្រូវមានការសម្រេចខាងនយោបាយ ហើយដើម្បីបញ្ជាក់ប្រាប់ពិភពលោកថា កម្មវិធីនេះជាកម្មវិធីនុយក្លេអ៊ែរសន្តិភាព៕