លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry កំពុងបំពេញទស្សនកិច្ចលើកចុងក្រោយរបស់លោកក្នុងឋានៈជាអ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក។ នៅថ្ងៃសុក្រនេះ លោករដ្ឋមន្រ្តីការបរទេសអាមេរិកបានជួបជាមួយពួកមេដឹកនាំវៀតណាមនៅក្នុងទីក្រុងហាណូយ។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Kerry បានមានប្រសាសន៍ក្នុងខណៈដែលជួបជាមួយលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តី និងលោក Bui Thanh Son រដ្ឋមន្រ្តីការបរទេសស្តីទី។
នៅពេលសួរត្រួសៗពីប្រវត្តិសិទ្ធិមនុស្សរបស់វៀតណាម លោករដ្ឋមន្រ្តីការបរទេសអាមេរិក Kerry បានមានប្រសាសន៍ថា «មានការបោះជំហានទៅមុខយ៉ាងច្រើន ក៏ប៉ុន្តែ នៅមានបញ្ហាប្រឈមខ្លះទៀត»។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក មានគម្រោងទៅបំពេញទស្សនកិច្ចតំបន់ដីសណ្តទន្លេមេគង្គដែលនៅទីនោះលោករដ្ឋមន្រ្តីបានប្រយុទ្ធក្នុងសង្គ្រាមវៀតណាម។
បន្ទាប់ពីប្រទេសវៀតណាម លោករដ្ឋមន្រ្តីការបរទេស Kerry នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសដើម្បីចូលរួមសន្និសីទស្តីពីសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ាហើយនឹងទៅបំពេញទស្សនកិច្ចទីក្រុងឡុងដ៍ដើម្បីជួបជាមួយលោក Boris Johnson រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស។
ក្នុងដំណើរបំពេញទស្សនកិច្ចចុងក្រោយបង្អស់របស់លោកជារដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Kerry នឹងចូលរួមវេទិកាសេដ្ឋកិច្ចសាកលលោកនៅក្នុងទីក្រុង Davos នៃប្រទេសស្វីស៕