លោករដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry បានអញ្ជើញទៅដល់រដ្ឋធានី Bishkek នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន ដែលជាការឈប់សំចតលើកទីមួយនៃដំណើរបំពេញទស្សនកិច្ចក្នុងប្រទេសចំនួន ០៥នៅតំបន់អាស៊ីកណ្តាល នៅពេលដែលក្រុមអង្គការសិទ្ធិមនុស្សបានជំរុញលោកឲ្យនិយាយពីបញ្ហាសិទ្ធិមនុស្ស និងសេរីភាពនៃការនិយាយស្តី។
លោករដ្ឋមន្រ្តីការបរទេស Kerry បានអញ្ជើញទៅដល់រដ្ឋធានីនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន ដើម្បីបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃ។ ប្រទេសកៀហ្ស៊ីស៊ីស្ថានជា ប្រទេសមុនដំបូងគេនៃប្រទេសដែលលោកត្រូវបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃៗ ដែលរួមមានប្រទេសអ៊ូបេគីស្ថាន កាហ្សាក់ស្ថាន តាជីគីស្ថាន និងតួមីគីស្ថាន។
ក្រុមមន្រ្តីអាមេរិកមើលឃើញដំណើរបំពេញទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការបរទេសអាមេរិក Kerry ថា មានបំណងដើម្បីធានាប្រទេសនៅតំបន់អាស៊ីកណ្តាលពីកម្លាំងនៃចំណងទាក់ទងរបស់ពួកគេជាមួយសហរដ្ឋអាមេរិក នៅពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីដែលជាប្រទេសជិតខាងរបស់ពួកគេនោះកំពុងមានភាពមិនសូវកក់ក្តៅ។ ក៏ប៉ុន្តែលោករដ្ឋមន្រ្តី Kerry ក៏បានស្ថិតនៅក្រោមសម្ពាធខ្លះ ដើម្បីនិយាយពីគុណវិបត្តិរបស់ក្រុមប្រទេសអតីតសាធារណរដ្ឋសូវៀត។
លោក Ben Cardin សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកនៃគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភាបានផ្ញើលិខិតសាធារណៈមួយទៅកាន់លោករដ្ឋមន្រ្តីការបរទេស Kerry កាលពីថ្ងៃសុក្រ ដោយបានស្នើសុំឲ្យលោករដ្ឋមន្រ្តីជំរុញឲ្យមានការដោះលែងពួកអ្នកទោសនយោបាយនៅក្នុងប្រទេស ដែលលោករដ្ឋមន្រ្តីទៅបំពេញទស្សនកិច្ចនោះ។ លោកសមាជិកព្រឹទ្ធសភាបានសុំឲ្យលោករដ្ឋមន្រ្តី Kerry បញ្ជាក់ពីការតាំងចិត្តដ៏ខ្លាំងរបស់សហរដ្ឋអាមេរិកដល់គោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលបានទទួលស្គាល់ជាសាកលនៅពេលដែលលោករដ្ឋមន្រ្តីបានជួបជាមួយរដ្ឋមន្រ្តីការបរទេសក្នុងប្រទេសនីមួយៗនោះ៕