លោករដ្ឋមន្រ្តីការបរទេសស.រ.អា John Kerry កំពុងស្ថិតនៅក្រុងកៀវ ដើម្បីចរចាជាមួយលោកប្រធានាធិបតី Petro Poroshenko នៃប្រទេសអ៊ុយក្រែន ក្នុងពេលដែលមេដឹកនាំនៃប្រទេសបារាំង និងអាឡឺម៉ង់ បានប្រកាសថា លោកទាំងពីរនឹងអញ្ជើញទៅប្រទេសអ៊ុយក្រែន ជាមួយនឹងសេចក្តីស្នើសន្តិភាពថ្មីមួយ។
មុនពេលលោក Kerry អញ្ជើញទៅដល់មន្រ្តីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសស.រ.អា បានប្រកាសថា ស.រ.អានឹងផ្តល់ជំនួយបន្ថែម ១៦,៤លានដុល្លារ ដើម្បីជួយជនស៊ីវិលដែលរងផលប៉ះពាល់ដោយសារការវាយប្រយុទ្ធគ្នារវាងកងយោធា អ៊ុយក្រែន និងក្រុមឧទ្ទាមគាំទ្រប្រទេសរុស្ស៊ីនៅអ៊ុយក្រែនភាគខាងកើត។
មន្រ្តីអាមេរិកាំងថ្លែងទៀតថា ស.រ.អា បន្តពិចារណាអំពីការផ្តល់ «អាវុធសម្រាប់ការពារខ្លួន» ទៅឲ្យប្រទេសអ៊ុយក្រែន ប៉ុន្តែក៏ព្រួយបារម្ភដែរថា កងកម្លាំងអ៊ុយក្រែន គ្មានការហ្វឹកហាត់គ្រប់គ្រាន់ដើម្បីប្រើគ្រឿងសម្ភារៈទាំងនោះ៕