ប្រទេសកេនយ៉ាប្រកាសថា ខ្លួនចង់លើកតម្កើងសន្តិភាពនៅអាហ្វ្រិកខាងកើត ហើយគ្មានបញ្ហាជាមួយប្រទេសជិតខាងនោះទេ។ ស្របពេលជាមួយគ្នានេះ មានសញ្ញាមួយចំនួនមិនអាចប្រកែកបានដែលបញ្ជាក់ថាប្រទេសនេះមានភាពតាន តឹងការទូតជាមួយប្រទេសជិតខាងយ៉ាងហោចណាស់ចំនួនបួន រួមមានប្រទេសពីរដែលបានដកឯកអគ្គរដ្ឋទូតកាលពីពេលថ្មីៗនេះ។
កិច្ចប្រឹងប្រែងរបស់ប្រទេសកេនយ៉ាដើម្បីបង្ហាញថាខ្លួនជាកម្លាំងនយោបាយនៅក្នុងតំបន់និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៅតំបន់អាហ្វ្រិកខាងកើត មិនទទួលបានការយល់ស្របពីប្រទេសជិតខាងនោះទេ។ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនិងប្រទេសស៊ូដង់បានកោះហៅឯកអគ្គរដ្ឋទូតរបស់ពួកគេត្រឡប់ទៅវិញ បន្ទាប់ពីរដ្ឋាភិបាលទាំងពីរនេះបានចោទប្រកាន់កេនយ៉ា ថាបានរៀបចំទទួលនិងមានទំនាក់ទំនងជាមួយក្រុមនយោបាយប្រឆាំងមកពីប្រទេសទាំងពីរនេះនៅក្នុងទីក្រុងណៃរ៉ូប៊ី។
ទន្ទឹមនឹងនេះ ប្រទេសអ៊ូហ្កង់ដាកាលពីពេលថ្មីៗនេះបានប្ដឹងប្រទេសកេនយ៉ាទៅតុលាការអាហ្វ្រិកខាងកើតនៅក្នុងប្រទេសតង់សានីទាក់ទិននឹងជម្លោះនៃការបែងចែកប្រេងកាត។ ករណីនេះកើតមានឡើងដោយសារតែកេនយ៉ាមិនអនុញ្ញាតឱ្យក្រុមហ៊ុនលក់ប្រេងរបស់រដ្ឋាភិបាលអ៊ូហ្កង់ដាធ្វើប្រតិបត្តិការនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។ បញ្ហានេះកើតឡើង បន្ទាប់ពីអ៊ូហ្កង់ដាឈប់ប្រើប្រាស់ប្រព័ន្ធដេញថ្លៃជាសាធារណៈចាស់សម្រាប់ការជាវផលិតផលប្រេងពីប្រទេសកេនយ៉ា។
ប្រទេសតង់សានីក៏បានហាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍កេនយ៉ា Kenya Airways មិនឱ្យធ្វើប្រតិបត្តិការពីរដ្ឋធានីណៃរ៉ូប៊ី ទៅកាន់ទីក្រុង Dar es Salaam របស់តង់សានី កាលពីសប្ដាហ៍មុន ដោយបានចោទថា កេនយ៉ាបានបដិសេធមិនឱ្យក្រុមហ៊ុនយន្តហោះជាតិតង់សានីប្រតិបត្តិការដឹកជញ្ជូនទំនិញទៅកាន់រដ្ឋធានីណៃរ៉ូប៊ី។ ការហាមឃាត់នេះត្រូវបានដកចេញវិញ បន្ទាប់ពីមានការពិភាក្សាគ្នារវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។
លោក Musalia Mudavadi រដ្ឋមន្ត្រីការបរទេសកេនយ៉ា បានថ្លែងកាលពីថ្ងៃអាទិត្យ ទី ២១ ខែមករាថា ប្រទេសរបស់លោក «មិនមានសង្គ្រាម» ជាមួយប្រទេសជិតខាងទេ ហើយប្រទេសរបស់លោកចង់នាំសន្តិភាពមកកាន់តំបន់នេះ។
លោក Mudavadi ថ្លែងថា៖ «រដ្ឋខ្លះងាយរងគ្រោះ រដ្ឋខ្លះទៀតកំពុងមានជម្លោះ។ ហើយប្រធានាធិបតីរបស់យើងលោក William Samoei Ruto កំពុងស្ថិតនៅជួរមុខដើម្បីធ្វើឱ្យប្រាកដថា សន្តិភាពនឹងវិលត្រឡប់មកប្រទេសទាំងនេះវិញ។ លោកនិយាយទៀតថា សង្គ្រាមនៅក្នុងប្រទេសទាំងនោះក៏នឹងប៉ះពាល់ដល់ប្រទេសរបស់លោកផងដែរ»។
កេនយ៉ាបានរងការចោទប្រកាន់ពីសំណាក់ប្រទេសអាហ្វ្រិកមួយចំនួននិងពីប្រជាពលរដ្ឋរបស់ខ្លួនឯងអំពីរបៀបដែលរដ្ឋាភិបាលធ្វើទំនាក់ទំនងជាមួយរដ្ឋឯទៀតៗ។
លោក Kizito Sabala អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិយាយថា ជម្លោះបន្តិចបន្តួចផ្នែកការទូតកំពុងកើតមាននៅក្នុងប្រទេសមួយចំនួន ដែលព្យាយាមទប់ឥទ្ធិពលរបស់កេនយ៉ា។
លោក Kizito ថ្លែងយ៉ាងដូច្នេះថា៖ «ជាទូទៅ វាតែងមានការប្រទាញប្រទង់ពីសំណាក់ប្រទេសជិតខាងទៅលើអ្វីដែលកេនយ៉ាព្យាយាមធ្វើ។ ប៉ុន្តែ តាមគំនិតខ្ញុំ ខ្ញុំមិនគិតថា នឹងមានបញ្ហាអ្វីមួយធ្ងន់ធ្ងរដែលយើងត្រូវបារម្ភនោះទេ។ បញ្ហាទាំងនេះនឹងបន្តកើតមានដោយសារតែកេនយ៉ាព្យាយាមបង្ហាញថាខ្លួនជាប្រទេសមានអំណាចនៅក្នុងតំបន់។ ប្រទេសជិតខាងនឹងព្យាយាមរកអនុភាពណាមួយ ដើម្បីទប់ការព្យាយាមបែបនេះ»។
លោក Ruto ប្រធានាធិបតីកេនយ៉ា ដែលបានឡើងកាន់អំណាចកាលពីជាងមួយឆ្នាំមុន បានជួបជាមួយប្រមុខរដ្ឋជាច្រើននៅទ្វីបអាហ្វ្រិក រួមមានទាំងប្រមុខរដ្ឋនៃប្រទេសជិតខាង ដោយលោកបានសន្យាជួយដោះស្រាយបញ្ហារ៉ាំរ៉ៃនានារបស់អាហ្វ្រិក ដូចជាជម្លោះ ភាពអត់ឃ្លាន ហើយបានសន្យាអភិវឌ្ឍសេដ្ឋកិច្ចនៅប្រទសទាំងនោះ។
លោក Sabala និយាយថា ការអះអាងបែបនេះពីសំណាក់មេដឹកនាំថ្មីរបស់កេនយ៉ា នឹងនាំឲ្យមានប្រតិកម្មតបត។
លោកនិយាយថា៖ «ពួកគេមានប្រតិកម្មតាមរបៀបដែលពួកគេកំពុងប្រតិកម្ម ពីព្រោះខ្ញុំគិតនៅរដ្ឋធានីណៃរ៉ូប៊ីថា យើងមានប្រធានាធិបតីថ្មីដែលមានចរិតដាច់ខាត ហើយហាក់ដូចជាបានបង្ហាញជំហរបែបនេះសម្រាប់តំបន់នេះ។ ដូច្នេះខ្ញុំយល់ថា អ្វីទាំងអស់នេះហាក់ដូចជាបានប្រាប់ទៅប្រទេសជិតខាងថាល្មមហើយ កេនយ៉ាមិនអាចបន្តធ្វើលើសពីនេះបានទៀតទេ។ ប៉ុន្តែ ខ្ញុំក៏យល់ឃើញដែរថា ពេលវេលានឹងជួយឲ្យប្រទេសទាំងនោះយល់ពីរបៀបដែលប្រធានាធិបតីថ្មីរបស់យើងកំពុងធ្វើ។ ដូច្នេះ ខ្ញុំមិនគិតថា វាជាបញ្ហាធំដុំដែលយើងត្រូវបារម្ភនោះទេ»។
អ្នកជំនាញជំរុញឱ្យកេនយ៉ាដោះស្រាយជម្លោះនៅប្រទេសកុងហ្កោដោយប្រុងប្រយ័ត្ន ជាពិសេសពាក់ព័ន្ធនឹងក្រុមឧទ្ទាមនានាដែលជាភាគីរួមចំណែកដល់អស្ថិរភាពនៅក្នុងប្រទេសនេះ។ ពួកគេក៏ចង់ឱ្យកេនយ៉ាកុំពាក់ព័ន្ធជាមួយនឹងជម្លោះនៅក្នុងប្រទេសស៊ូដង់ ដែលបានរុញច្រានឲ្យក្រុមប្រដាប់អាវុធនានាក្នុងប្រទេសនេះ និងក្រុមទាហានប៉ារ៉ានៃកងកម្លាំងគាំទ្របន្ទាន់ (Rapid Support Forces) វាយប្រយុទ្ធគ្នា៕
ប្រែសម្រួលដោយលោក នៀម ឆេង
វេទិកាបញ្ចេញមតិ