ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្ដាញ​តំណាងរាស្ត្រ​អាស៊ាន​ស្នើ​ឲ្យ​កម្ពុជា​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា «ជា​បន្ទាន់»


រូបឯកសារ៖ មុន​នឹង​ចេញ​​ដំណើរ​ពីគេហដ្ឋាន​ទៅ​សាលារាជធានី​ភ្នំពេញ​ អតីតមេដឹក​នាំ​គណបក្ស​ប្រឆាំង​ លោក កឹម សុខា​ ថ្លែង​ទៅ​កាន់​អ្នកកាសែត​ថា លោក​ស្នើ​តុលាការ​ឲ្យ​ទម្លាក់​បទ​ចោទ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)
រូបឯកសារ៖ មុន​នឹង​ចេញ​​ដំណើរ​ពីគេហដ្ឋាន​ទៅ​សាលារាជធានី​ភ្នំពេញ​ អតីតមេដឹក​នាំ​គណបក្ស​ប្រឆាំង​ លោក កឹម សុខា​ ថ្លែង​ទៅ​កាន់​អ្នកកាសែត​ថា លោក​ស្នើ​តុលាការ​ឲ្យ​ទម្លាក់​បទ​ចោទ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)

បណ្ដាញ​តំណាងរាស្ត្រ​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights (APHR)) បាន​ស្នើ​ជា​ថ្មី​ឲ្យ​កម្ពុជា​ទម្លាក់​បទចោទ «ជា​បន្ទាន់» និង «ដោយ​គ្មាន​លក្ខខណ្ឌ» លើ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា។ នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​បណ្ដាញ​តំណាងរាស្ត្រ​អាស៊ាន​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី២១ ខែមករា កន្លង​ទៅ​នេះ។

បណ្ដាញ APHR គឺជា​បណ្ដាញ​របស់​អតីត​តំណាងរាស្ត្រ​និង​តំណាងរាស្ត្រ​នា​ពេល​បច្ចុប្បន្ន​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន។ បណ្ដាញ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ ២០១៣ ក្នុង​គោលបំណង​លើក​កម្ពស់​សិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

លោក Kasit Piromya ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ម្នាក់​នៃ​បណ្ដាញ APHR និង​ជា​អតីត​តំណាងរាស្ត្រ​នៃ​ប្រទេស​ថៃ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា៖ «រដ្ឋាភិបាល​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន គួរ​ទម្លាក់ចោល​ជា​បន្ទាន់​នូវ​បទ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា និង​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​និង​សកម្មជន​ផ្សេង​ទៀត​ទាំង​អស់ បញ្ឈប់​ការ​រំលោភ​បំពាន​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់​ឆ្នោត​និង​សកម្មជន​ផ្សេង​ទៀត ...និង​ស្ដារ​ឡើង​វិញ​នូវ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​របស់​ពួកគេ»។

លោក Piromya បាន​បន្ថែម​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា៖ «ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត និង​បទ​ចោទ​ក្បត់ជាតិ​លើ​លោក កឹម សុខា ដែល​បាន​ធ្វើ​ឡើង​ដោយសារ​ហេតុផល​នយោបាយ គឺ​មិន​អាច​កើតមាន​នោះទេ​នៅក្នុង​ប្រទេស​ណា​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ធម្មតា​និង​មាន​ដំណើរការ​ល្អ។ នេះ​គឺ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​ទៀត​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា នីតិរដ្ឋ​គឺ​មាន​តែ​ឈ្មោះ​តែ​ប៉ុណ្ណោះ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការ​ចាប់​ខ្លួន​លោក កឹម សុខា កាលពី​ឆ្នាំ ២០១៧ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ គឺ​ជា​ការ​ប៉ុនប៉ង​យ៉ាង​ច្បាស់​ក្នុង​ការ​បំបាត់​ចោល​នូវ​គណបក្ស​ប្រឆាំង​ពិតប្រាកដ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ ២០១៨ និង​ការ​បោះឆ្នោត​បន្តបន្ទាប់​ទៀត»។

សេចក្ដីថ្លែងការណ៍​នេះ​បាន​ចេញ​ផ្សាយ​ក្នុង​ពេល​ពីរ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​លោក កឹម សុខា បាន​ចូលរួម​ក្នុង​សវនាការ​របស់​លោក​ដែល​ត្រូវ​បាន​តុលាការ​ពន្យារពេល​ជិត​ពីរ​ឆ្នាំ​មក​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ។

នៅ​ក្នុង​សវនាការ​នោះ លោក កឹម សុខា បាន​ស្នើ​ឲ្យ​តុលាការ​ពន្លឿន​ការ​កាត់​ក្ដី​លើ​រូប​លោក ដើម្បី​ឲ្យ​លោក​អាច​ឆាប់​បាន​ចូល «បម្រើ​ប្រទេស​ជាតិ» វិញ។

លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​កញ្ញា ឆ្នាំ ២០១៧ ក្រោម​បទ​ចោទ​ប្រកាន់​ក្បត់​ជាតិ។ លោក​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ឃាំង​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ។ បន្ទាប់មក លោក​ត្រូវ​បាន​តុលាការ​ដោះលែង​ពី​ការ​ឃុំឃាំង​ក្នុង​ពន្ធនាគារ និង​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ក្នុង​គេហដ្ឋាន​វិញ ដោយ​មាន​ការ​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស និង​មិន​ឲ្យ​ធ្វើ​នយោបាយ​រហូត​ដល់​ពេល​បច្ចុប្បន្ន៕

XS
SM
MD
LG