លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានរក្សាការមិនព្រមបង្ហាញពីសេចក្ដីលម្អិត នៅក្នុងជំនួបផ្ទាល់របស់លោក ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសភាជាតិកាលពីពេលថ្មីៗនេះនិងលក្ខខ័ណ្ឌនៅពីក្រោយការទម្លុះទម្លាយជម្លោះនយោបាយដែលអូសបន្លាយពេលមកជាងមួយឆ្នាំកន្លងមកនោះ។ ក្រុមមន្ត្រីនៃគណបក្សប្រឆាំងក៏បានរក្សាជំហរដូចគ្នានេះដែរ។
លោក កឹម សុខា ដែលបានចូលសួរសុខទុក្ខមន្ត្រី និងសកម្មជននយោបាយរបស់គណបក្សសង្គ្រោះជាតិចំនួន១៥នាក់ នៅពន្ធនាគារព្រៃសរ កាលពីព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានគេចចេញពីអ្នកសារព័ត៌មានដោយលោកបានឡើងលើរថយន្តត្រៀមចាំទទួល ក្រោយពីលោកបានចាកចេញពីពន្ធនាគារវិញ។
បន្ទាប់ពីចាកចេញពីពន្ធនាគារ លោកបានទៅចូលរួមពិធីស្រោចទឹករំដោះគ្រោះរបស់លោក ស៊ាង ចែត មេឃុំស្រក នៅខេត្តកំពង់ចាម ដែលត្រូវបានដោះលែងឲ្យមានសេរីភាពវិញកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននោះ។
ក្រោយពីពិធីស្រោចទឹកដែលធ្វើឡើងនៅក្នុងវត្ត អង្គមេត្រី ស្ថិតនៅក្បែរពន្ធនាគារព្រៃស លោក កឹម សុខា ព្យាយាមមិនផ្ដល់បទសម្ភាសន៍ ដោយគ្រាន់តែបាននិយាយទៅកាន់អ្នកសារព័ត៌មានថា ស្ថានភាពនយោបាយកម្ពុជា បានវិលមកស្ថានភាពល្អប្រសើរវិញ។
«ខ្ញុំគ្រាន់និយាយថា ល្អ! ណា៎បរិយាកាសល្អ»។
លោក អ៊ូ ច័ន្ទឫទ្ធិ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានចូលទៅសួរទុក សកម្មជនដែលជាប់ឃុំទាំង១៥រូបផងដែរនោះ ក៏មិនបានឆ្លើយសំណួររបស់អ្នកកាសែតអំពីការប្រជុំនោះដែរ។
ឆ្លើយទៅនឹងសំណួររបស់ VOA ចំពោះលក្ខខណ្ឌនយោបាយនៅក្រោយការធ្វើឲ្យមានស្ថានភាពប្រក្រតីនៃនយោបាយកម្ពុជានោះ អ្នកតំណាងរាស្ត្ររូបនេះ បានបកស្រាយថា៖
«គ្មានលក្ខខណ្ឌទេ គឺបញ្ហាបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ ហើយយើងធ្វើម៉េច ឲ្យមានស្ថិរភាពនយោបាយ។ ដូច្នេះអត់មានលក្ខខណ្ឌទេ ក្នុងការជជែកគ្នា ដោះលែងសកម្មជនគណបក្ស»។
លោកបានបញ្ជាក់បន្ថែមថា គណបក្សសង្គ្រោះជាតិ បន្តធ្វើការជាមួយគណបក្សកាន់អំណាចដើម្បីស្វែងរកដំណោះស្រាយឱ្យមន្ត្រីការពារសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងអគ្គលេខារងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមទាំង អ្នកស្រីទេព វន្នី សកម្មជនការពារ សិទ្ធិដីធ្លីនៅតំបន់បឹងកក់។
ទោះបីជាមានការប្រកែកថា មិនមានការដាក់លក្ខខណ្ឌយ៉ាងណាក្តី ដំណើរការដោះស្រាយភាពទាល់ច្រកនយោបាយរបស់កម្ពុជា ត្រូវគេជឿថា ជារឿយៗ ត្រូវបានធ្វើឡើង ដោយការដោះដូរឬជាកិច្ចព្រមព្រៀងដែលផ្ដល់ប្រយោជន៍ដល់គណបក្សទាំងពីរ ទោះបីជាតិចឬច្រើន។
ជាក់ស្ដែង ក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣ គណបក្សសង្គ្រោះជាតិទទួលបានកៅអីសម្រាប់អ្នកតំណាងរាស្ត្រ ស្ទើរតែពាក់កណ្ដាលនៅរដ្ឋសភា។
ក៏ប៉ុន្តែ ក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សមួយនេះ មិនបានបង្ហាញ ការពេញចិត្តនឹងលទ្ធផលនេះទេ ដោយពួកគេយល់ថា សន្លឹកឆ្នោតត្រូវបានគេលួចបន្លំ។
ការមិនពេញចិត្តនេះ បាននាំឲ្យគណបក្សប្រឆាំងដ៏ធំមួយនេះ ដឹកនាំមហាបាតុកម្ម ដែលធ្វើឲ្យមានដំណើររាំងស្ទះ ក្នុងកិច្ចការនយោបាយរបស់ប្រទេស ជាពិសេសភាពស្របច្បាប់របស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
នៅពេលស្ថានភាពនយោបាយបានជាប់គាំងជាងមួយឆ្នាំនោះ ហិង្សាមួយក៏បានកើតឡើងចេញពីការធ្វើបាតុកម្មមួយដែលធ្វើឡើង នៅក្បែរទីលានប្រជាធិបតេយ្យកាលពីកណ្ដាលខែកក្កដា ឆ្នាំ ២០១៤។
អំពើហិង្សានោះ បានបង្កឲ្យកងសន្តិសុខខណ្ឌដូនពេញប្រមាណជា ៣៥នាក់ រងរបួស និងមានការចាប់ខ្លួន ហើយនិងបញ្ជូនអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងមួយចំនួនទៅឃុំក្នុងពន្ធនាគារ។
ដើម្បីរំដោះអ្នកតំណាងរាស្ត្រទាំងនោះមកវិញ គណបក្សសង្គ្រោះជាតិ ក៏បានយល់ព្រមចុះកិច្ចព្រៀងនយោបាយមួយជាមួយគណបក្សប្រជាជនកម្ពុជា។
កិច្ចព្រមព្រៀងរវាងគណបក្សនយោបាយទាំងពីរដែលបានចុះកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤ បានបញ្ជាក់ថា គណបក្សទាំងពីរឯកភាពគ្នាដើម្បីកែទម្រង់ការបោះឆ្នោត ដោយរៀបចំស្ថាប័នបោះឆ្នោតដោយឯករាជ្យ។
កិច្ចព្រមព្រៀងនោះ ក៏បានបើកផ្លូវឲ្យមានការបែងចែកគណៈកម្មការជំនាញនៅរដ្ឋសភា និងការជ្រើសរើសលោក កឹម សុខា ជាអនុប្រធានទីមួយនៃរដ្ឋសភា។
នៅខណៈពេលនៃការសម្រេចកិច្ចព្រមព្រៀងនោះ ក៏មានការចាប់ខ្លួនឃុំខ្លួន មន្ត្រី និងសកម្មជននយោបាយគណបក្សប្រឆាំងចំនួន ១៥រូបដែរ។
ក្រោយមកពួកគេត្រូវបានដោះលែងឲ្យមានសេរីភាពវិញ នៅឆ្នាំ ២០១៥ ប៉ុន្តែពួកគេក៏ត្រូវបានចាប់ឃុំខ្លួនវិញម្ដងទៀតនៅឆ្នាំ២០១៥ដដែលនោះដែរ គឺនៅពេលដែលក្រុមតំណាងរាស្ត្រនៃគណបក្សសង្គ្រោះចាប់ផ្ដើមសើរើរឿងព្រំដែនកម្ពុជា-វៀតណាមឡើងវិញ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយក្នុងស្រុក ប្រាប់ VOA កាលពីថ្ងៃពុធថា ការចុះថមថយស្ថានភាពនយោបាយម្ដងទៀតនាពេលនេះ គឺជាលទ្ធផលនៃការភ្ជាប់កិច្ចព្រមព្រៀងនយោបាយជាក់លាក់ណាមួយ ដែលអាចធ្វើឲ្យគូរប្រកួតនយោបាយទាំងពីរនេះ ឈានដល់ចំណុចរួមមួយ។
លោកបានប្រាប់ VOA បន្ថែមនៅមុខប៉ុស្តិ៍របស់ក្រុមកងការពារសន្តិសុខនៃពន្ធនាគារព្រៃសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា ដំណើរវិលចុះឡើងនៃវប្បធម៌នយោបាយនេះ នឹងមិនផ្ដល់ផលចំណេញច្រើនដល់ប្រទេសជាតិនោះឡើយ តែលោកថា នេះជាឧបសគ្គរបស់អ្នកនយោបាយខ្មែរ។
«មិនចំណេញៗ ទាំងស្រុងទេ ក៏ប៉ុន្តែដូចខ្ញុំថា អញ្ចឹងជាឧបសគ្គ ដែលយើងអាច ដែលអាចឆ្លងផុតគឺជារឿងមួយបង្ហាញថា បន្ទាប់ពីយើងដួលហើយ យើងងើបឈរវិញ យើងរឹងម៉ាំ រឹងប៉ឹងជាងមុនហើយ យើងរឹងមាំជាងមុនហើយ។ អាហ្នឹងជាមេរៀនដូចក្មេងមួយដែលកំពុងរៀនដើរ អញ្ចឹងទៅណា៎។ជាទូទៅ តែងមុននឹងចេះរត់ ទាល់តែដួលខ្លះអីខ្លះហើយ ប៉ុន្តែនៅពេលការដួលណាមួយ ងើបឡើងវិញរួច អាហ្នឹងគឺជាសញ្ញាល្អ។ ប៉ុន្តែបើដួលហើយ ងើបអត់រួចសោះ អាហ្នឹងបានយ៉ាប់មែនទែន»។
ទោះបីជា លោក កឹម សុខា មិនទម្លាយឲ្យដឹងពីការសន្ទនាជាលក្ខណៈជនជាមួយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសភាក្ដី ពេលនេះក្នុងតួនាទី ជាប្រធានក្រុមមតិភាគតិច នៅរដ្ឋសភា លោក កឹម សុខា បានប្រាប់ក្រុមអ្នកតំណាងរាស្ត្រទាំងពីរគណបក្សនៅសភាកាលពីថ្ងៃពុធថា លោកបានឈានដល់ចំណុចរួមខ្លះៗជាមួយលោកនាយករដ្ឋមន្ត្រី។
លោកបានថ្លែងនៅមុនជំនួបនោះយ៉ាងដូច្នេះថា៖
«ថ្ងៃនេះ ដូចសម្ដេច ដួចសម្តេចនាយកបាន ជម្រាបហើយថា ការដែលវិលមកចូលរួមក្នុងរដ្ឋសភា ចាប់ផ្ដើមឡើងវិញនេះ គឺក្រោយអំពី ខ្ញុំបានពិភាក្សាកិច្ចការមួយចំនួនពីរឿងបញ្ហាប្រទេសជាតិ ជាមួយសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហើយយើងបានរកឃើញនូវចំណុចរួមខ្លះៗ គឺការរួបរួមជាតិឯកភាពជាតិ ដើម្បីឲ្យមានស្ថិរភាព សន្តិភាព និងការរីកចម្រើន របស់ប្រទេសជាតិយើង និងប្រជាពលរដ្ឋយើង»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងជាអតីតទីប្រឹក្សាលោក កឹម សុខា នៅរដ្ឋសភាបានមើលឃើញថា ការវិវត្តន៍ស្ថានការណ៍នយោបាយចុងក្រោយនេះ គឺមានភាពវិជ្ជមាន តែក៏មិនខុសពីពេលមុនៗដែរ។
លោកមិនបានថ្លែងបញ្ជាក់ថា មានការដាក់លក្ខខណ្ឌនយោបាយរវាងគណបក្សទាំងពីរឬយ៉ាងណានោះទេ តែលោកយល់ថា ការសម្រុះសម្រួលនយោបាយ ឈានដល់ការនិយាយគ្នាស្ងាត់ៗរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា អាចជាការរងសំពាធពីសហគមន៍អន្តរជាតិ ដូចជាសហភាពអឺរ៉ុបជាដើម។
លោកនិយាយថាវាមានការពិបាកដើម្បីទស្សន៍ទាយថាតើអ្នកណាមានល្បិចអ្វីខ្លះនៅក្នុងនយោបាយកម្ពុជា ក្រោយការស្រុះស្រួលគ្នានេះ៕