ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តីទូត​នានា​ជួប​លោក ​កឹម សុខា ​ខណៈ​សវនាការ​ប្រឆាំង​រូបលោក​អាច​ពន្យារ​ពេល​យូរ​ឆ្នាំ


រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំ​អតីតគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ កាល​ពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំ​អតីតគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ កាល​ពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០។ (ទុំ ម្លិះ/វីអូអេ)

មន្រ្តី​ជាន់ខ្ពស់​តំណាងទូត​នៃ​ប្រទេស​នានា​បាន​ចាប់​ផ្តើម​ជួប​មេ​ដឹកនាំ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា ខណៈ​សវនាការ​ប្រឆាំង​រូប​លោក​អាច​ត្រូវ​បាន​ពន្យារ​ពេល​យូរ​ឆ្នាំ។​

លោក​ កឹម សុខា ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​ជួប​ជាមួយ​លោកស្រី​ Carmen Moreno​ ឯក​អគ្គ​រដ្ឋទូត​របស់​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ​នៅ​ឯ​ផ្ទះ​របស់​លោក ​ក្នុង​ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ។​

លោក​ កឹម សុខា​ បាន​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា ជំនួប​នេះ​គឺ​ដើម្បី​«សំណេះ​សំណាល​សួរ​សុខទុក្ខ​ និង​ចង់ដឹង​អំពី​ស្ថានភាព​សុវត្ថិភាព​របស់​ខ្ញុំ​ ជាពិសេស​ក្នុង​រយៈ​ពេល​ចុងក្រោយ​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ចូលរួម​កម្ម​វិធី​សាសនា​ប្រពៃណី​ កសិកម្ម​ និង​ជីវភាព​សង្គម ​ជាមួយ​ប្រជា​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ តាម​បណ្ដា​ខេត្ត​ខ្លះៗ​ជាដើម»។​

បើ​តាម​ហ្វេសប៊ុក​របស់​លោក ​កឹម សុខា​ ​លោកស្រី​ Carmen Moreno ​បាន​បញ្ជាក់​ថា​ សហភាព​អឺរ៉ុប​នៅតែ​មាន​បំណង​ចង់​ជួយ​ប្រជា​ពលរដ្ឋ​កម្ពុជា​ និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​លើ​វិស័យ​នានា។ ​កាលពី​ថ្ងៃច័ន្ទ​ លោក ​កឹម សុខា​ ក៏​បាន​ជួប​ជាមួយ​លោក​ Björn Häggmark​ ឯក​អគ្គ​រាជទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ផង​ដែរ។​

លោក​ កឹម សុខា ​ពិភាក្សាជាមួយ​លោកស្រី​ Carmen Moreno​ ឯក​អគ្គ​រដ្ឋទូត​របស់​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ​នៅ​ឯ​ផ្ទះ​របស់​លោក ​ក្នុង​ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។
លោក​ កឹម សុខា ​ពិភាក្សាជាមួយ​លោកស្រី​ Carmen Moreno​ ឯក​អគ្គ​រដ្ឋទូត​របស់​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ​នៅ​ឯ​ផ្ទះ​របស់​លោក ​ក្នុង​ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។

លោក ​កឹម សុខា ​ក៏បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​លោក​ថា៖ ​«ក្នុង​ជំនួប​នេះ​ខ្ញុំក៏​បាន​ជម្រាប​ឯក​ឧត្តម​ឯក​អគ្គ​រាជទូត​ថា ​បើ​តាម​ខ្ញុំ​ដឹង ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅតែ​ត្រូវ​ការ​កិច្ច​សហ​ប្រតិបត្តិការ ​ឬ​ជំនួយ​លើ​វិស័យ​ផ្សេងៗ​ពី​ប្រជា​ពលរដ្ឋ​ និង​ប្រទេស​ជាមិត្ត​របស់​កម្ពុជា ​ដូចជា​ស៊ុយអែត​ជាដើម»។​

VOA ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​សហភាព​អឺរ៉ុប ​និង​ស៊ុយអែតបាន​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ។​

ជំនួប​នេះ​កើត​ឡើង​ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្រ្តី​ថា ​សំណុំ​រឿង​របស់​លោក ​កឹម សុខា ​អាច​ពន្យារ​ពេល​ដល់​ឆ្នាំ​ ២០២៤​ ពោល​គឺ​ក្រោយ​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​ក្នុង​ឆ្នាំ ​២០២២​ និង​ការបោះឆ្នោត​តំណាង​រាស្រ្ត​ក្នុង​ឆ្នាំ​ ២០២៣។​

កាលពី​ខែ​មិថុនា​ មេធាវី​ការពារ​ក្តី​លោក ​កឹម សុខា ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​បន្ត​សវនាការ​លើ​សំណុំ​រឿង​នេះ​ ដោយ​សារ​មើល​ឃើញ​ថា ​ស្ថានភាព​ជំងឺ​កូវីដ១៩ ​ហាក់​បាន​ធូរស្រាល​ឡើង​វិញ។​ ប៉ុន្តែ​ចៅក្រម​លោក ​កូយ សៅ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ បាន​លើក​ឡើង​ថា ​គប្បី​បន្ត​ផ្អាក​តទៅ​ទៀត​ ដោយសារ​ស្ថានភាព​កូវីដ១៩។​

សវនាការ​លើ​សំណុំ​រឿង​លោក ​កឹម សុខា​ បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ​១៥ ​ខែ​មករា ​ឆ្នាំ​ ២០២០​ ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ពេល​ចាប់​តាំង​ពី​ចុង​ខែ​មីនា​ ដោយ​ក្រុម​មន្ត្រី​លើក​ឡើង​ថា ​ជាការ​បង្ការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩។​

គួរ​បញ្ជាក់​ថា​លោក​ កឹម សុខា​ ត្រូវ​បាន​ចាប់​ខ្លួន​នាពេល​យប់​ថ្ងៃទី​ ២​ ឈាន​ចូល​ថ្ងៃ​ទី ​៣ ​ខែ​កញ្ញា ​ឆ្នាំ​ ២០១៧។​ មកទល់​ពេល​នេះ​លោក​ត្រូវ​បាន​ដាក់​ឲ្យ​នៅក្រៅ​ឃុំ​ តែ​សវនាការ​លើ​សំណុំ​រឿង​របស់​លោក​ពី​បទ​ «សន្ទិដ្ឋិភាព​ជាមួយ​បរទេស» ​នៅតែ​បន្ត​អូស​បន្លាយ៕

XS
SM
MD
LG