មេធាវីរបស់លោកកឹម សុខាបានស្នើឲ្យតុលាការពន្លឿនការកាត់ទោសដើម្បីឲ្យកូនក្តីរបស់លោកអាចធ្វើសកម្មភាពនយោបាយឡើងវិញ ខណៈលោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានលើកឡើងថា សំណុំរឿងរបស់មេដឹកនាំបក្សប្រឆាំងរូបនេះអាចពន្យារពេលដល់ឆ្នាំ២០២៤។
កាសែតខ្មែរថាមស៍(Khmer Times) បានចុះផ្សាយកាលពីថ្ងៃច័ន្ទ ដោយដកស្រង់ការថ្លែងរបស់នាយករដ្ឋមន្រ្តីនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រសប្តាហ៍មុនថាសំណុំរឿងរបស់លោកកឹម សុខាអាចពន្យារពេលរហូតដល់៤ឆ្នាំ។ នេះជាការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។កាសែតខ្មែរថាមស៍បានលើកឡើងទៀតថាលោកកឹម សុខាបានស្នើឲ្យពន្លឿនការកាត់ក្តីរូបលោកក្នុងឱកាសដែលលោកបានទៅចូលរួមពិធីបុណ្យសពម្តាយក្មេករបស់លោកនាយករដ្ឋមន្រ្តី ប៉ុន្តែលោក ហ៊ុន សែនថាវាអាស្រ័យលើតុលាការ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលដែលបានចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនោះដែរ ប្រាប់ VOA នៅថ្ងៃអង្គារថា ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីជាការព្យាករណ៍តែប៉ុណ្ណោះ តាមរយៈការសាកសួរអ្នកច្បាប់ ហើយលោកថា មិនមែនជាការបង្គាប់បញ្ជាទៅតុលាការនោះទេ។ លោកចាត់ទុកករណីលោកកឹម សុខា «ស្មុគស្មាញ»និង«ត្រូវការពេលវេលាយូរដើម្បីរកភស្តុតាង»។
លោកផៃ ស៊ីផានមានប្រសាសន៍ថា៖ «ជាដែនសមត្ថកិច្ចរបស់តុលាការហើយលោក(នាយករដ្ឋមន្រ្តី)សួរទៅខាងតុលាការ សួរ អ្នកជំនាញច្បាប់ ពីព្រោះករណីឧក្រិដ្ឋកម្មអ៊ីចឹង វាត្រូវការប្រើពេលយូរក្នុងការស្វែងរកផលប្រយោជន៍ជូនជនជាប់ចោទ(លោកកឹម សុខា)»។
លោកបន្ថែមថា៖ «លោក(ហ៊ុន សែន) គ្មានសិទ្ធិណាទៅសម្រេចទៅលើការសម្រេចចិត្តរបស់តុលាការទេ ពីព្រោះតុលាការធ្វើទៅតាមអង្គហេតុនិងអង្គច្បាប់ ឈរទៅលើករណីជាក់ស្តែងរឿងភស្តុតាង»។
នៅពេលសួរថា មូលហេតុអ្វីដែលលោកនាយករដ្ឋមន្រ្តីលើកឡើងករណីលោកកឹម សុខាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី លោកផៃ ស៊ីផានមានប្រសាសន៍ថា លោកមិនបានដឹងមូលហេតុនោះទេ។
លោកផេង ហេង សហមេធាវីការពារក្តីឲ្យលោកកឹម សុខា ថ្លែងប្រាប់VOAថាស្ថានភាពជំងឺកូវីដ១៩បានធូរស្បើយខ្លាំងហើយ ដូច្នេះមិនគួរមានការពន្យារពេលសវនាការយូរនោះទេ។ លោកបន្ថែមថា ក្រសួងយុត្តិធម៌ក៏មានគោលការណ៍ពន្លឿនដោះស្រាយសំណុំរឿងកុំឲ្យកកស្ទះ ហើយសំណុំរឿងលោកកឹម សុខាក៏ជាសំណុំរឿងមួយ ដែលមានរយៈពេល៣ឆ្នាំមកហើយ។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹងខ្ញុំគិតថា សំណុំរឿងគួរតែចាប់ផ្តើមសវនាការឡើងវិញដើម្បីឆាប់បញ្ចប់ ព្រោះគោលការណ៍យុត្តិធម៌ ការទុក មិនធ្វើសវនាការ ក៏មិនបានផ្តល់យុត្តិធម៌សម្រាប់ភាគីដែរ»។
លោកមេធាវីបន្តថា ការថ្លែងរបស់អ្នកនយោបាយដែលមានឥទ្ធិពលអាចប៉ះពាល់ដល់ការសម្រេចរបស់តុលាការផងដែរ។ លោកបញ្ជាក់ថា៖ «ការប៉ះពាល់វាចេះតែមានហើយប្រសិនបើអ្នកនយោបាយដែលមានឥទ្ធិពលថ្លែងសារណាមួយ ធ្វើឲ្យផ្នែកតុលាការហ្នឹង គាត់ធ្វើការពិចារណាធ្វើឲ្យឆន្ទានុសិទ្ធរបស់ចៅក្រមក្តីអាចនឹងមានការប៉ះពាល់ចៀសមិនផុតទេ»។
កាលពីខែមិថុនា មេធាវីការពារក្តីលោកកឹម សុខា បានដាក់ពាក្យស្នើសុំបន្តសវនាការលើសំណុំរឿងនេះដោយសារមើលឃើញថាស្ថានភាពជំងឺកូវីដ១៩ហាក់បានធូរស្រាលឡើងវិញ។ប៉ុន្តែចៅក្រម លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានលើកឡើងថា គប្បីបន្តផ្អាកតទៅទៀត ដោយសារស្ថានភាពកូវីដ១៩។
ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោកតាំង ស៊ុនឡាយ ប្រាប់VOAថា សវនាការលើសំណុំរឿងលោកកឹម សុខាមិនទាន់កំណត់ពេលនោះទេ ហើយលោកថា រង់ចាំចប់ជំងឺកូវីដ១៩សិន។ នៅពេលសួរបន្តទៀត លោកស្នើឲ្យសួរទៅអ្នកនាំពាក្យរបស់តុលាការ ដោយអះអាងថា ជាប់រវល់ប្រជុំ។
លោកមានប្រសាសន៍ថា៖ «អូ!អាហ្នឹងចាំធូរស្បើយរឿងហ្នឹង(ជំងឺកូវីដ១៩)សិនទៅ។ អ៊ីចឹងខ្ញុំនៅប្រជុំ ទាក់ទងទៅអ្នកនាំពាក្យចុះ ព្រោះខ្ញុំប្រគល់ការងារហ្នឹងជូនគាត់អស់ហើយ»។លោកបញ្ជាក់បន្ថែមថា៖ «ខ្ញុំអត់ទាន់ដឹងទេ ចាំមើលជែកជាមួយក្រុមប្រឹក្សាព្រោះ ក្រុមប្រឹក្សាអ្នកសម្រេចទេ កម្មវិធីអស់ហ្នឹងនោះ»។
លោកគុជ គឹមឡុង អ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញ មិនបានឆ្លើយតបនឹងសំណួរអ្នកយកព័ត៌មានVOAនោះទេ។
ករណីរបស់លោកកឹម សុខាត្រូវបានលោកមាស នីអ្នកវិភាគបញ្ហាសង្គម និងនយោបាយ លើកឡើងថា ជារឿងនយោបាយ ដូច្នេះអ្វីៗអាស្រ័យលើស្ថានការណ៍នយោបាយ។
លោកមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំ ខ្ញុំនៅតែអះអាងថា វាជាទោសនយោបាយ ។ ទោសនយោបាយគឺគេទុកឲ្យទៅតាមការវិវត្តនៃនយោបាយ។ពេលណាដែលគេត្រូវបំបិទមាត់មិនឲ្យអ្នកហ្នឹងនិយាយអីច្រើន គឺគេទុក យកទៅទុកចោលអ៊ីចឹងទៅ។ ហើយពេលណា គេនឹកឃើញឃើញពេលវេលាសមស្របអាចត្រូវដោះស្រាយ គេដោះភ្លាមអ៊ីចឹងទៅ ស្ទើរតែ២៤ម៉ោង។ បើចាប់ចាប់២៤ម៉ោងបើលែងក៏លែង២៤ម៉ោងដែរ»។
លោកលើកឡើងទៀតថា ករណីកឹម សុខា«នៅតែស្ថិតក្នុងកណ្តាប់ដៃរបស់គណបក្សកាន់អំណាច» ហើយគណបក្សប្រជាជនកម្ពុជាចាំមើលពីស្ថានភាពនៃគណបក្សប្រឆាំងថា តើមានឥទ្ធិពលឬយ៉ាងណា។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតតាំងពីដើមមកប្រសិនបើស្ថានភាពនៅបែបនេះ នៅមានការតវ៉ារពើតៗដូចឥឡូវនេះគឺករណីលោកកឹម សុខាអាចពន្យារពេលដល់២០២៣សម្រាប់ការបោះឆ្នោត ហើយដំណោះស្រាយទាំងឡាយណាដែលគណបក្សកាន់អំណាចមិនបានទទួលជោគជ័យក្នុងការបំផ្លាញរចនាសម្ព័ន្ធគណបក្សប្រឆាំងទេ ករណីលោកកឹម សុខានៅតែអណ្តែតបន្តទៅទៀត»។
លោក មាស នី មិនសង្ឃឹមច្រើននោះទេលើសម្ពាធអន្តរជាតិ ដូចជាការដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ»ឬ EBA របស់សហភាពអឺរ៉ុបជាដើម។ លោកបន្ថែមថា កាលៈទេសៈនេះ ពិបាកឲ្យគណបក្សប្រជាជនកម្ពុជាត្រឡប់ក្រោយដើម្បីដោះស្រាយបញ្ហានយោបាយ។
កាលពីដើមខែកញ្ញា លោក កឹម សុខាបានអំពាវនាវសាជាថ្មីឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើរូបលោក។ លោកបានបង្ហោះសារលើប្រព័ន្ធសង្គមហ្វេសប៊ុកថា៖ «រហូតមកដល់ថ្ងៃនេះ អស់រយៈពេលបីឆ្នាំហើយ ដែលខ្ញុំបាត់បង់នូវសិទ្ធិសេរីភាព ពិសេសសិទ្ធិក្នុងការធ្វើនយោបាយ ដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ»។
លោក កឹម សុខាត្រូវបានចាប់ខ្លួន នាពេលយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។មកទល់ពេលនេះ លោកត្រូវបានដាក់ឲ្យនៅក្រៅឃុំ តែសវនាការលើសំណុំរឿង របស់លោកពីបទ«សន្ទិដ្ឋិភាពជាមួយបរទេស»នៅតែបន្តអូសបន្លាយ។
សវនាការលើសំណុំរឿងលោក កឹម សុខា បានចាប់ផ្ដើមពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យារពេលចាប់តាំងពីចុងខែមីនា ដោយក្រុមមន្ត្រីលើកឡើងថាជាការបង្ការទប់ស្កាត់ជំងឺកូវីដ១៩។
លោក កឹម សុខា ដែលត្រូវបានដាក់ឲ្យនៅក្រៅមន្ទីរឃុំឃាំង និងលើកលែងការឃុំនៅផ្ទះនោះ ត្រូវបានគេឃើញថា បានចេញដំណើរទៅទស្សនកិច្ចនៅតាមខេត្តជុំវិញបឹងទន្លេសាបនិងបណ្ដាខេត្តផ្សេងទៀត ដូចជាខេត្តកំពង់ចាម និងត្បូងឃ្មុំជាដើម ទោះបីលោកត្រូវតុលាការព្រមានដាស់តឿនក្រើនរំឭកពីលក្ខខណ្ឌតម្រូវនៃនីតិវិធីឃ្លាំមើលរបស់តុលាការយ៉ាងណាក្តី៕