ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ត្រៀម​បេក្ខជន​និង​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត


រូបឯកសារ៖ កឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ ជម្រាប​សួរ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ នៅ​ពេល​លោក​កំពុង​ដើរ​ចូល​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​ ០៨​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ កឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ ជម្រាប​សួរ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ នៅ​ពេល​លោក​កំពុង​ដើរ​ចូល​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​ ០៨​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៦។​ (ហ៊ុល រស្មី/VOA)

លោក​​កឹម សុខា​ ប្រធាន​ស្តី​ទីគណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពីថ្ងៃ​សៅរ៍​បាន​ ប្រាប់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ថា​ គណបក្ស​នេះ​នឹង​ជ្រើសរើស​បេក្ខជន​បម្រុង​ និង​ពេញ​សិទ្ធិ​ចំនួន​ជាង​២៣០០០​នាក់​សម្រាប់​ការ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។​

គណបក្សប្រឆាំង​ដ៏​ធំនៅ​ប្រទេស​កម្ពុជា​កំពុង​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​ និង​បេក្ខនារី​ និង​កែ​សម្រួល​សារនយោបាយ​ដើម្បី​ទាក់​ទាញ​អ្នក​បោះឆ្នោត​ នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ ដែល​គ្រោង​នឹង​ធ្វើឡើង​ក្នុង​រយៈ​ពេល​ តែ​ប្រាំ​ខែ​ទៀត​ប៉ុណ្ណោះ។​ អ្នក​វិភាគ​និយាយ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​ និង​បេក្ខ​នារី​របស់​ខ្លួន។​

លោកកឹម សុខា​ ប្រធាន​ស្តី​ទីគណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពីថ្ងៃ​សៅរ៍​បាន​ ប្រាប់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ថា​ គណបក្ស​នេះ​នឹង​ជ្រើសរើស​បេក្ខជន​បម្រុង​ និង​ពេញ​សិទ្ធិ​ចំនួន​ជាង​២៣០០០​នាក់​សម្រាប់​ការ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) ​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ថ្ងៃ​ទី​៤ ​ខែ​មិថុនា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ។

លោកកឹម សុខា​ តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ចាម​ ​បាន​បញ្ជាក់​ថា​ បេក្ខ​ជន​ពេញ​សិទ្ធិ​នឹង​ត្រូវ​សម្រេច​ឲ្យ​ចូលរួម​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ នៅ​ក្នុង​ឃុំ-សង្កាត់​ចំនួន​១៦៤៦​ ​នៅ​ទូទាំង​ប្រទេស។​ លោក​បន្ត​ថា​ ក្រុម​គណៈ​កម្មការ​គណ​បក្ស​ថ្នាក់​មូល​ដ្ឋាន​ គណៈ​កម្មការសម្រប​សម្រួល​ថ្នាក់​ស្រុក​នឹងសម្រឹត​សម្រាំងរក​បេក្ខជន​ និង​បេក្ខនារី​ឆ្នើម​សម្រាប់​ឈរ​ឈ្មោះ​បោះ​ឆ្នោត។​ លោក​ថ្លែង​ថា​ ការ​បោះ​ឆ្នោត​ជ្រើស​រើស​បេក្ខជន​ និង​បេក្ខនារី​ នឹង​ត្រូវ​រៀប​ចំឡើង​ ប្រសិន​បើ​មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​ជ្រើស​រើស​បេក្ខជន ​និង​បេក្ខនារី​ពីការ​សម្រប​សម្រួល​របស់​គណៈ​កម្មការ​ថ្នាក់​ស្រុក។​

អនុ​ប្រធាន​គណបក្ស​ប្រឆាំង​រូបនេះ​បាន​បញ្ជាក់​បន្ត​ទៀត​ថា​ ក្រុម​ថ្នាក់ដឹកនាំ​របស់​គណ​បក្ស​នេះ​កំពុង​សិក្សា ​និងធ្វើ​កម្មវិធី​នយោបាយ​ថ្នាក់​មូលដ្ឋាន និង​ពិចារណាកែ​សម្រួល​ ឬ​ក៏​បន្ថែម​ចំណុច​មួយ​ចំនួន​នៃ​សារ​នយោបាយ​គណបក្ស​ដែល​កន្លង​មក​មាន​ប្រាំពីរ​ចំណុច។​

«សារ​នយោបាយ​នេះ​ យើង​ខ្ញុំ​ត្រូវតែ​បញ្ចប់​នៅ​ក្នុង​ដាច់​ខែ១​នេះដើម្បី​រៀបចំ​ យក​ទៅ​ឲ្យ​សមាជិក​ ​បេក្ខជនអាន​បាន​យល់​ឲ្យ​ហើយ»។​

លោក​បន្ថែម​ថា​ គ.ជ.ប.​បាន​ទុក​ពេល​ឲ្យ​គណបក្ស​នយោបាយ​នានា​បញ្ជូន​ឈ្មោះ​បេក្ខជន​ និង​បេក្ខនារី​ ដល់​ត្រឹម​ថ្ងៃ​ទី​៣​ ខែមីនា​ ឆ្នាំ​២០១៧។ ​លោក​ថ្លែងថា ​ គណបក្ស​សង្គ្រោះ​ជាតិ​ក៏គ្រោង​ជ្រើសរើស​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ចំនួន​ជិត៤៥០០០​នាក់​ ដើម្បី​ឃ្លាំមើល​ការ​បោះឆ្នោត​ ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​ នៅ​ការិយាល័យ​បោះឆ្នោត​ ចំនួន​ជាង​២២០០០កន្លែង​ផង​ដែរ។​

សារ​នយោបាយ​របស់​គណបក្ស​នេះ​មាន​ចំនួន​៧​ចំណុច ក្នុង​នោះ​មាន​ដូច​ជា​ការ​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​ និង​កម្មករ​ ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​មនុស្ស​ចាស់​ ការ​លើក​ស្ទួយ​ជីវភាព​ប្រជា​កសិករ​តាម​រយៈ​ការ​ការ​ពារ​តម្លៃ​កសិផល​របស់​ពួក​គេ​ជាដើម។

លោកមាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ​ប្រាប់​ VOA ​ថា​ គណបក្ស​ប្រឆាំង​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​រៀបចំ​ដាក់​បេក្ខជន​ និង​បេក្ខនារី​របស់​ខ្លួន​ឲ្យ​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោតឃុំ-សង្កាត់​ ដែល​កាន់​តែខិត​ជិត​មក​ដល់​នោះ។​ ​លោក​មាន​ប្រសាសន៍​ថា​ ការណ៍​នេះ​បង្ហាញ​ថា​ គណបក្ស​ប្រឆាំង​បានដើរ​ក្រោយមួយ​ជំហាន បើធៀបទៅ​នឹង​គណបក្ស​ប្រជាជនកម្ពុជា​ ដែល​បាន​ត្រៀមរួច​រាល់​អស់​ទៅ​ហើយ​នៃ​បេក្ខជន​ និង​បេក្ខ​នារី​របស់​គណបក្ស​ដែល​ក្តាប់​អំណាច​ជិត​៤០​ឆ្នាំ​មក​នេះ។​

«បើ​សិន​ជាប្រៀប​ធៀប​ពី​ដំណើរ​ហ្នឹង​ សង្គ្រោះ​ជាតិ​ហាក់​ដូច​ជានៅ​មួយ​ជំហាន​ ក្រោយ​គណបក្ស​ប្រជាជន​កម្ពុជា រាល់​ការ​រៀបចំ​ធនធាន​មនុស្ស។​ ទោះ​បី​ជាខ្ញុំ​បាន​សួរ​ទៅ​មន្ត្រី​សង្គ្រោះ​ជាតិ​ខ្លះ​ ​គាត់​បាន​អះ​អាង​ថា​ គាត់​បាន​រៀប​ចំ​ហើយ​ក៏​ដោយ​ ​ក៏​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មើល​ឃើញនៅតាម​មូលដ្ឋានគឺ​នៅ​មាន​ភាព​យឺតយ៉ាវ​ជាង​គណបក្ស​ប្រជាជន​កម្ពុជា​ ​មក​ដល់​ថ្ងៃ​នេះ»។​

ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ចំនួន​១.៦៣៣​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១២​ ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ចំនួន​១.៥៩២​ ​និង​ចំនួន​ក្រុម​ប្រឹក្សា​មាន​ដល់​ទៅ​ជាង​៨០០០​នាក់​ ​ដោយ​ត្រួតត្រា​កិច្ចការ​រដ្ឋបាល​មូលដ្ឋាន​សឹង​តែ​ទាំងអស់។​

ចំណែក​ឯ​គណបក្ស​ជំទាស់​របស់​លោកសម​ រង្ស៉ី​ និង​លោក​កឹម​ សុខាបាន​ឈ្នះ​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ចំនួន​៤០ ​និង​មាន​តួនាទី​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ជិត​៣.០០០​នៅ​ទូទាំង​ប្រទេស។​

គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច​ទទួល​បាន​អាសនៈ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ចំនួន​១​ និង​មាន​សមាជិក​ចំនួន​១៥១​ទូទាំង​ប្រទេស។​ កម្ពុជា​ក៏​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិនៅ​ឆ្នាំ​២០១៨​ផង​ដែរ៕

XS
SM
MD
LG