បន្ទាប់ពីតុលាការរាជធានីភ្នំពេញកាត់ទោស អឿត អាង ហៅ ជួប សំលាប់ ពីបទឃាតកម្មគិតទុកជាមុនលើលោក កែម ឡី អ្នកវិភាគពីបញ្ហាសង្គមដ៏ល្បីល្បាញរបស់កម្ពុជាបានជិតមួយខែមក ជួប សំលាប់ ក៏សម្រេចឲ្យមេធាវីរបស់ខ្លួនប្តឹងឧទ្ធរណ៍ ដើម្បីស្នើឲ្យមានការសម្រាលទោសពីតុលាការ។ នេះបើតាមការឲ្យដឹងពីមេធាវីការពារក្តីឲ្យ ជួប សំលាប់។
កាលពីថ្ងៃទី២៣ ខែមីនា សាលាដំបូងរាជធានីភ្នំពេញសម្រេចកាត់ទោសឈ្មោះ អឿត អាង ហៅ ជួប សំលាប់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ក្នុងសំណុំរឿងបាញ់សម្លាប់លោក កែម ឡី ដែលជាអ្នកវិភាគសង្គមដ៏មានប្រជាប្រិយភាព កាលពីខែកក្កដាកន្លងទៅ។
លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគសង្គមដែលតែងតែរិះគន់ការដឹកនាំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅស្តាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ក្នុងរាជធានីភ្នំពេញ។
ក្រោយការបាញ់សម្លាប់ភ្លាមៗ សមត្ថកិច្ចចាប់បានបុរសម្នាក់ដែលអះអាងថា ខ្លួនមានឈ្មោះ ជួប សំលាប់ ហើយថា ការបាញ់សម្លាប់លោក កែម ឡី គឺដោយសារលោក កែម ឡី ជំពាក់លុយខ្លួនចំនួន៣,០០០ដុល្លារមិនព្រមសង។
លោក យុង ផានិត មេធាវីការពារក្តីឲ្យ ជួប សំលាប់ ប្រាប់ VOA ថា លោកបានដាក់ឯកសារបណ្តឹងឧទ្ធរណ៍ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីកូនក្តីរបស់លោក ឈ្មោះ ជួប សំលាប់ លើកឡើងថា ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតនេះជាទោសធ្ងន់ធ្ងរពេក និងមិនអាចធ្វើឲ្យកូនក្តីរបស់លោកមានឱកាសកែប្រែកំហុស។
លោក យុង ផានិត បន្ថែមថា ក្រោយការបាញ់សម្លាប់លោក កែម ឡី កូនក្តីរបស់លោកសោកស្តាយចំពោះទង្វើដែលខ្លួនបានប្រព្រឹត្ត ដោយសារកូនក្តីរបស់លោកមិនបានស្គាល់លោក កែម ឡី ច្បាស់។ លោករំពឹងថា តុលាការជាន់ខ្ពស់នឹងផ្តល់ស្ថានសម្រាល ដើម្បីឲ្យកូនក្តីរបស់លោកមានឱកាសកែប្រែខ្លួនដើម្បីបម្រើផលប្រយោជន៍សង្គម។
មេធាវីរូបនេះបញ្ជាក់ប្រាប់ VOAថា៖
«យើងមើលទៅសកម្មភាពរបស់គាត់ ទាក់ទងទៅហ្នឹងអ្វីដែលបានប្រព្រឹត្ត ឬក៏ជំនាញរបស់គាត់ហ្នឹង គឺកើតឡើងដោយសារគាត់ពើបប្រទះជាមួយហ្នឹងមនុស្សអាក្រក់។ អញ្ចឹងបើសិនជាគាត់មានការភ្ញាក់រំឭកកសាងខ្លួន គាត់ប្រព្រឹត្តថ្ងៃក្រោយទៅជួបជាមួយមនុស្សល្អ គាត់នឹងធ្វើការកែប្រែខ្លួន ហើយគាត់អាចយកជំនាញគាត់ហ្នឹងយកមកប្រើសម្រាប់សង្គមជាតិបាន»។
លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ VOA ថា តុលាការនឹងបញ្ជូនពាក្យបណ្តឹងរបស់លោកមេធាវី យុង ផានិត ព្រមទាំងសំណុំរឿងដែលពាក់ព័ន្ធទៅសាលាឧទ្ធរណ៍នៅសប្តាហ៍ក្រោយ។
ការបាញ់សម្លាប់ លោក កែម ឡី កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានធ្វើអត្ថាធិប្បាយលើរបាយការណ៍ចុងក្រោយមួយរបស់អង្គការ Global Witness ដែលបានលាតត្រដាងអំពីអាជីវកម្មរបស់គ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានទឹកប្រាក់យ៉ាងហោចណាស់២០០លានដុល្លារ។
កាលពីដើមខែមីនា តុលាការបានបង្ហាញភស្តុតាង និងវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពមួយចំនួនដែលយកចេញពីកន្លែងកើតហេតុ។ វីដេអូដែលតុលាការបញ្ចាំងក្នុងសវនាការនោះ មិនបានបង្ហាញពីមុខមាត់ពិតរបស់អ្នកបាញ់ និងមិនបានបង្ហាញពីសកម្មភាពបាញ់ប្រហារចំៗលើលោក កែម ឡី នោះទេ។ ចំណែកសាក្សីដែលឆ្លើយបំភ្លឺក្នុងតុលាការក៏មិនមាននរណាម្នាក់ប្រាកដថា ជួប សំលាប់ ពិតជាអ្នកបាញ់នោះដែរ។ មានតែ ជួប សំលាប់ ខ្លួនឯងប៉ុណ្ណោះដែលបានឆ្លើយថា ខ្លួនជាអ្នកបាញ់សម្លាប់លោក កែម ឡី។
ក្រោយបញ្ចប់សវនាការ ទាំងក្រុមគ្រួសាររបស់លោក កែម ឡី និងអ្នកឃ្លាំមើលស្ថានការណ៍សង្គម លើកឡើងថា វីដេអូកាមេរ៉ាសុវត្ថិភាពដែលត្រូវបានបញ្ចេញជាសាធារណៈនោះ មិនទាន់គ្រប់គ្រាន់នៅឡើយ។ ក្រុមអង្គការសង្គមស៊ីវិលជាតិចំនួន៦៥ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដោយលើកឡើងថា ការស៊ើបអង្កេត និងសវនាការរបស់តុលាការដំណើរការទៅដោយមិនពេញលេញ និងគ្មានតម្លាភាព។ ពួកគេបានទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យជុំវិញឃាតកម្មលើលោក កែម ឡី នេះ៕