សពរបស់អ្នកវិភាគសង្គម លោក កែម ឡី ដែលគ្រោងនឹងត្រូវដង្ហែទៅបញ្ចុះនៅស្រុកកំណើតរបស់លោកនៅខេត្តតាកែវ នាថ្ងៃអាទិត្យទី ១៧ ខែ កក្កដា ខាងមុខនេះ ត្រូវបានពន្យារពេលទៅថ្ងៃក្រោយវិញ ដោយមិនទាន់មានការកំណត់កាលបរិច្ឆេទឲ្យបានច្បាស់នៅឡើយទេ។ នេះបើតាមការលើកឡើងរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ សមាជិកមួយរូបនៃគណៈកម្មាការរៀបចំបុណ្យសពលោក កែម ឡី និងអ្នកស្រី ប៊ូ រចនា ភរិយាសពលោក កែម ឡី នៅក្នុងទំព័រ Facebook របស់លោក កែម ឡី កាលពីថ្ងៃសុក្រ ទី ១៥ ខែកក្កដា កន្លងទៅនេះ។
ការប្រកាសពីការប្តូរថ្ងៃដង្ហែសពភ្លាមៗនេះ ធ្វើឡើងបន្ទាប់មានការសំណូមពរពីមតិមហាជនទូទៅឲ្យបន្តតម្កល់សពលោក កែម ឡី ក្នុងវត្តចាស់រហូតដល់គណៈកម្មការរៀបចំបុណ្យសពសម្រេចកំណត់នូវកាលបរិច្ឆេទច្បាស់លាស់មួយនាពេលក្រោយ។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានមានសង្ឃដីកាថា៖
«គណៈកម្មការមានអត្មាភាពជាអ្នករៀបចំក្នុងបុណ្យសពលោកបណ្ឌិត កែម ឡី បាន សម្រេចចិត្តសុំផ្លាស់ប្តូរកម្មវិធីដង្ហែសពរបស់លោកបណ្ឌិតចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តតាកែវនៅថ្ងៃទី ១៧ ខែកក្កដា វេលាម៉ោង ៧ ព្រឹកនោះ ត្រូវបានពន្យារហើយ ដោយសារមហាជនទាំងក្នុងនិងក្រៅប្រទេសមានការស្នើសុំយ៉ាងទទូច ហើយសពលោកបណ្ឌិត កែម ឡី គឺជាមរតករបស់មហាជនខ្មែរ ដូច្នេះការធ្វើអ្វីៗគឺសម្រេចចិត្តទៅតាមមហាជនខ្មែរ»។
ចំពោះកាលបរិច្ឆេទពិតប្រាកដនៃការដង្ហែសពលោក កែម ឡី នឹងត្រូវកំណត់ទៅតាមការសម្រេចចិត្តរបស់គ្រួសារសព និងមហាជនទូទៅ។ នេះបើយោងតាមការបញ្ជាក់របស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ។
«ការសម្រេចចិត្តយ៉ាងណាៗផ្អែកលើមនុស្សពីរប្រភព។ ប្រភពទីមួយ គ្រួសារសព ដែលជារឿងសំខាន់ជាងគេ ឲ្យអាទិភាព ហើយអាទិភាពទីពីរទៀត គឺមហាជន ពីព្រោះបណ្ឌិត កែម ឡី ជាមរតករបស់មហាជន។ វាឆ្លងផុតពីការសម្រេចចិត្តរបស់គណៈកម្មការតែឯងហើយ ឆ្លងផុតពីការសម្រេចចិត្តរបស់គ្រួសារសពតែឯងហើយ ដូច្នេះការសម្រេចចិត្តត្រូវតែជាការសម្រេចចិត្តជាឯកច្ឆន្ទ»។
អ្នកស្រី ប៊ូ រចនា ក៏បានបញ្ជាក់ដែរថា ការពន្យារពេលដង្ហែសពរបស់ស្វាមីអ្នកស្រី គឺជាការសម្រេចចិត្តរបស់អ្នកស្រីដែលធ្វើទៅតាមមតិប្រជាពលរដ្ឋទូទៅ ដែលសំណូមពរឲ្យមានការពន្យារពេលនេះ។ «ការពន្យារពេលនេះ ជាការពេញចិត្តរបស់ខ្ញុំដែរ។ មតិភាគច្រើន គឺបងប្អូនគាត់ចង់ឲ្យយើងពន្យារឲ្យបានវែងបន្តិច»។
លោក កែម ឡី ដែលមនុស្សទូទៅមានការគោរពស្រឡាញ់យ៉ាងច្រើននោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ខណៈពេលដែលលោកកំពុងផឹកកាហ្វេនៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យទី១០ ខែកក្កដា កន្លងទៅនេះ ដែលបានធ្វើឲ្យសាធារណជននៅទូទាំងប្រទេសកម្ពុជាមានការឈឺចាប់ និងខឹងសម្បារយ៉ាងខ្លាំង។
ជនល្មើសឈ្មោះ អឿត អាង ត្រូវបានព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន និងបទប្រើប្រាស់អាវុធគ្មានការអនុញ្ញាតកាលពីថ្ងៃពុធកន្លងទៅនេះ។
លោក កែម ឡី គឺជាវាគ្មិនដ៏មានឥទ្ធិពលមួយរូប ដែលបានវិភាគបញ្ហាសង្គម និងនយោបាយតាមបណ្តាញព័ត៌មានផ្សេងៗជាប្រចាំ។ លោកគឺជាស្ថាបនិកគណបក្សលទ្ធិប្រជាធិបតេយ្យមូលដ្ឋាន ប៉ុន្តែក្រោយមកលោកបានបដិសេធមិនចូលរួមកាន់តួនាទីជាផ្លូវការនៅក្នុងគណបក្សនេះនោះទេ ក្រោយពីគណបក្សនេះត្រូវបានបង្កើតឡើង។
នៅថ្ងៃដែលលោក កែម ឡី ត្រូវបានគេសម្លាប់ បន្ទាប់ពីមានការប្រឈមយ៉ាងតឹងតែងជាមួយនឹងប៉ូលីសរួចមក អ្នកគាំទ្រជាច្រើនពាន់នាក់បានដង្ហែសពរបស់លោក កែម ឡី កាត់រាជធានីភ្នំពេញ ឆ្ពោះទៅវត្តចាស់ ដែលនៅទីនោះ អ្នកកាន់ទុក្ខជាច្រើនបានទៅគោរពសពរបស់លោកហូរហែរជារៀងរាល់ថ្ងៃ។
លោក ទឹម ម៉ាល័យ ប្រធានបណ្តាញយុវជនកម្ពុជា និងជាសមាជិកមួយរូបក្នុងគណៈកម្មការរៀបចំក្បួនដង្ហែសពលោក កែម ឡី រំពឹងថា មនុស្សប្រហែល ១ លាន នាក់ នឹងចូលរួមនៅក្នុងក្បួនដង្ហែសពនៅថ្ងៃខាងមុខនេះ។
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ បានមានប្រសាសន៍ថា សមាជិកគណបក្សសង្គ្រោះជាតិមិនចាំបាច់ប្រមែប្រមូលអ្នកគាំទ្រដើម្បីចូលរួមដង្ហែសពលោក កែម ឡី នោះទេ ដោយហេតុថាប្រជាពលរដ្ឋទូទៅមានឆន្ទៈចង់ចូលរួមដោយខ្លួនឯង។
លោកស្រី សុខហួរ បាននិយាយបន្តថា លោកស្រីនៅតែមានក្តីបារម្ភអំពីអំពើហិង្សាដែលអាចកើតមានឡើងនៅក្នុងពិធីនោះ ប៉ុន្តែលោកស្រីជឿជាក់ថា ភាគីទាំងសងខាងបានប្តេជ្ញាថានឹងចៀសវាងអំពើហិង្សាឲ្យបាន។
អ្នកនាំពាក្យស្នងការប៉ូលីសជាតិ លោក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា លោកមិនមានការចាប់អារម្មណ៍អំពីការចូលរួមរបស់មនុស្សទូទៅនៅក្នុងក្បួនដង្ហែសពនោះទេ។ អ្វីដែលលោកត្រូវខ្វល់នោះ គឺការរក្សាសន្តិសុខ និងសុវត្ថិភាពជូនអ្នកចូលរួមប៉ុណ្ណោះ៕