សាលាឧទ្ធរណ៍កំពុងកំណត់នីតិវិធីជម្រះរឿងក្តីទាក់ទិននឹងឃាតកម្មលើលោកកែម ឡី ក្រោយទទួលបណ្តឹងរបស់ជួប សំលាប់សុំបន្ធូរបន្ថយទោស ដែលប្តឹងជំទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសឲ្យខ្លួនជាប់ពន្ធនាគារអស់មួយជីវិត។ នេះបើតាមការឲ្យដឹងរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍នាថ្ងៃពុធ។
អឿត អាង ឬ ជួប សំលាប់ ដែលអះអាងថា ខ្លួនបានបាញ់សម្លាប់អ្នកវិភាគដ៏ល្បីល្បាញមួយរូបគឺលោកកែម ឡី ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី២៣ ខែមិនា កន្លងទៅ។
បន្ទាប់ពីតុលាការប្រកាសសាលក្រមបានជិតមួយខែ គឺនៅថ្ងៃទី២១ ខែមេសានេះ លោកមេធាវីយុង ផានិត ដែលការពារក្តីឲ្យជួប សំលាប់ នាពេលនោះ បានដាក់បណ្តឹងប្តឹងឧទ្ធរណ៍ សុំបន្ធូរបន្ថយទោសឲ្យកូនក្តីរបស់លោក។
លោកទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ប្រាប់ VOA នារសៀលថ្ងៃពុធនេះថា សាលាឧទ្ធរណ៍ទើបតែទទួលបានបណ្តឹងស្នើសុំបន្ធូរបន្ថយទោសរបស់ឈ្មោះ អឿត អាង ហៅជួប សំលាប់ និងថា ប្រធានសាលាឧទ្ធរណ៍កំពុងពិនិត្យ ដើម្បីកំណត់ពីកាលបរិច្ឆេទ និងចៅក្រមដែលត្រូវទទួលបន្ទុក។
លោកទូច ថារិទ្ធមានប្រសាសន៍ថា៖
«សំណុំរឿងហ្នឹងបានមកដល់សាលាឧទ្ធរណ៍ហើយ ប៉ុន្តែចៅក្រមគាត់កំពុងពិនិត្យលើសំណុំរឿងហ្នឹង។ អត់ទាន់បានដាក់កម្មវិធីជំនុំជម្រះនៅឡើយទេ។ អាស្រ័យទៅលើខាងឯកឧត្តមប្រធាន។ គាត់ចាត់ទៅចៅក្រមមួយណា ដើម្បីឲ្យគាត់ទទួលបន្ទុកទៅលើការដោះស្រាយសំណុំរឿងហ្នឹង បានគាត់អាចបន្តនីតិវិធីបានទៅមុខទៀត»។
លោកយុង ផានិត មេធាវីការពារក្តីឲ្យជួប សំលាប់ក្នុងដំណាក់កាលសវនាការជំនុំជម្រះនៅសាលាដំបូង ក៏បានឱ្យ VOA ដឹងដែរថា មូលហេតុនៃការដាក់ពាក្យបណ្តឹងសុំបន្ធូរបន្ថយទោស ដោយសារ ជួប សំលាប់លើកឡើងថា ទោសដែលតុលាការប្រកាសឲ្យជាប់ពន្ធនាគារអស់មួយជីវិតនោះ ជាទោសដែលធ្ងន់ធ្ងរពេក។ លោកបញ្ជាក់ថា បើយោងតាមការការពារក្តីឲ្យជួប សំលាប់កន្លងមក ជួប សំលាប់ គួរតែត្រូវបានបន្ធូរបន្ថយទោស។
លោកមេធាវីយុង ផានិតបញ្ជាក់យ៉ាងដូច្នេះ៖
«ខ្ញុំយល់ឃើញថា គួរតែគាត់ត្រូវបានស្ថានសម្រាលទោសមួយផ្នែក ព្រោះតាមដែលយើងឃើញសកម្មភាពគាត់ ទាក់ទងទៅនឹងបុគ្គលិកលក្ខណៈរបស់គាត់ និងស្ថានភាពក្នុងការដែលគាត់ប្រព្រឹត្តបទល្មើសហ្នឹង គឺគាត់គួរតែទទួលបានស្ថានសម្រាល»។
លោកយុង ផានិតបន្ថែមថា លោកបានបញ្ចប់ភារកិច្ចជាមេធាវីការពារក្តីឲ្យជួប សំលាប់ បន្ទាប់ពីលោកបានដាក់បណ្តឹងទៅសាលាឧទ្ធរណ៍កាលពីចុងខែមេសា។ ទោះជាយ៉ាងណា លោកថា រហូតមកដល់ពេលនេះ លោកមិនទាន់បានទទួលដំណឹងពីសមាភាពមេធាវីដែលនឹងត្រូវការពារជួប សំលាប់ក្នុងដំណាក់កាលជំនុំជម្រះនៅសាលាឧទ្ធរណ៍ទេ។
លោកកែម ឡី អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគសង្គមដែលតែងតែរិះគន់ការដឹកនាំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅស្តាម៉ាត ស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ក្នុងរាជធានីភ្នំពេញ។
ក្រោយការបាញ់សម្លាប់ភ្លាមៗ សមត្ថកិច្ចចាប់បានបុរសម្នាក់ដែលអះអាងថា ខ្លួនមានឈ្មោះជួប សំលាប់ ហើយថា ការបាញ់សម្លាប់លោកកែម ឡីគឺ ដោយសារអ្នកវិភាគដ៏ល្បីល្បាញរូបនេះ ជំពាក់លុយខ្លួនចំនួន៣.០០០ដុល្លារមិនព្រមសង។ ការណ៍នេះធ្វើឲ្យអ្នកគាំទ្រ និងក្រុមគ្រួសាររបស់លោកកែម ឡីមិនអស់ចិត្ត និងបានលើកឡើងថា ជួប សំលាប់បានប្រឌិតការជំពាក់បំណុលនេះឡើង។
លោកកែម រិទ្ធីសិត ប្អូនប្រុសបង្កើតរបស់សពលោកកែម ឡី សុំមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងបណ្តឹងសុំបន្ធូរបន្ថយទោសរបស់ជួប សំលាប់ទេ ក៏ប៉ុន្តែលោកប្រាប់ VOA ថា លោក និងក្រុមគ្រួសារកំពុងស្វែងរកមេធាវីដើម្បីប្តឹងឲ្យតុលាការច្រានចោលការលើកឡើងរបស់ជួប សំលាប់ក្នុងសវនាការ ដែលថា ការបាញ់សម្លាប់នោះកើតឡើងដោយសារលោកកែម ឡីបានជំពាក់លុយជួប សំលាប់ចំនួន៣.០០០ដុល្លារ មិនព្រមសង។
លោកកែម រិទ្ធីសិតបញ្ជាក់ថា៖
«ខ្ញុំដែលជាប្អូន ឬម្តាយនេះ គឺមិនទទួលយកទេ ដែលថា ជំពាក់លុយ៣ពាន់ហ្នឹង ឈានដល់ការសម្លាប់។ ព្រោះលុយ៣ពាន់ បើជំពាក់គឺ គួរតែមានការទារណាមួយ ឬមួយក៏មានលិខិតស្នាមត្រឹមត្រូវ។ អីចឹងបានថា យើងបដិសេធកន្លែងហ្នឹង»។
បើទោះបីជាជួប សំលាប់ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតក៏ដោយ ប៉ុន្តែមន្ទិលសង្ស័យពាក់ព័ន្ធនឹងអ្នកនៅពីក្រោយការសម្លាប់លោកកែម ឡី នៅតែមិនជ្រះស្រឡះពីក្នុងចិត្តរបស់អ្នកគាំទ្រ និងអ្នកចូលចិត្តអ្នកវិភាគដ៏ល្បីរូបនេះ។
ការបាញ់សម្លាប់លោកកែម ឡីកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានធ្វើអត្ថាធិប្បាយលើរបាយការណ៍ចុងក្រោយមួយរបស់អង្គការ Global Witness ដែលបានលាតត្រដាងអំពីអាជីវកម្មរបស់គ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលមានទឹកប្រាក់យ៉ាងហោចណាស់២០០លានដុល្លារ។
ក្នុងសវនាការជំនុំជម្រះជួប សំលាប់កាលពីដើមខែមីនា តុលាការបានបង្ហាញភស្តុតាង និងវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពមួយចំនួនដែលយកចេញពីកន្លែងកើតហេតុ។ ប៉ុន្តែទាំងក្រុមគ្រួសាររបស់លោកកែម ឡី និងអ្នកឃ្លាំមើលស្ថានការណ៍សង្គម លើកឡើងថា វីដេអូកាមេរ៉ាសុវត្ថិភាពដែលត្រូវបានបញ្ចេញជាសាធារណៈនោះ មិនទាន់គ្រប់គ្រាន់ និងបានទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យជុំវិញឃាតកម្មដ៏រន្ធត់នេះ៕