ប្រជាពលរដ្ឋរស់នៅទំនប់ ៩៤ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាង ២០០ នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រមូលផ្តុំគ្នានៅខាងមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំឱ្យរដ្ឋមន្ត្រីលោក សាយ សំអាល់ ពន្លឿនផ្តល់ប្លង់កម្មសិទ្ធិដីធ្លីដល់ពួកគេ ខណៈពួកគេកំពុងព្រួយបារម្ភអំពីការបណ្តេញចេញ។
ប្រជាពលរដ្ឋអះអាងថា ពួកគេមិនទាន់ទទួលបានដំណោះស្រាយណាមួយនៅឡើយពីក្រសួង បន្ទាប់ពីពួកគេធ្លាប់បានដាក់ញត្តិ កាលពីដើមខែមេសា ឆ្នាំ ២០២៤។
ញត្តិរបស់ពលរដ្ឋបានរៀបរាប់ថា៖ «យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅភូមិខាងលើ ស្នើសុំឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មេត្តាជួយកាត់ដីប្រជាពលរដ្ឋចេញពីការអភិវឌ្ឍរបស់គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ(ព្រលានយន្តហោះថ្មី) និងជួយផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ព្រមទាំងការអភិវឌ្ឍនៅនឹងកន្លែងដល់ប្រជាពលរដ្ឋ»។
ប្រជាពលរដ្ឋបានលើកឡើងថា ក្តីបារម្ភរបស់ពួកគេចំពោះការបណ្តេញចេញទាំងបង្ខំនេះបានកើតឡើងជាង ២ ឆ្នាំមកហើយ ស្របពេលដែលក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គឺក្រុមហ៊ុន OCIC ចាប់ផ្តើមដំណើរការសាងសង់របស់ខ្លួននៅទីនោះ។
ប្រជាពលរដ្ឋម្នាក់ដែលកំពុងរស់នៅតាមទំនប់ ៩៤ ក្នុងភូមិអំពៅព្រៃ អ្នកស្រី អួង ស៊ីម អាយុ ៦៤ ឆ្នាំ ប្រាប់អ្នកសារព័ត៌មានថា ការមកប្រមូលផ្តុំគ្នានៅមុខក្រសួង គឺដើម្បីតាមដានពីដំណើរការនៃការដោះស្រាយរបស់ក្រសួងចំពោះញត្តិដែលពលរដ្ឋធ្លាប់បានដាក់។
អ្នកស្រីថ្លែងថា៖ «ពួកខ្ញុំមកតាមដានលិខិតខ្ញុំហ្នឹង! តើគាត់ដោះស្រាយឱ្យខ្ញុំបានរបៀបយ៉ាងណា? ហើយដាក់ទៅដល់ណាហើយ...ព្រោះអីឥឡូវអត់បានរក[ស៊ី]បន្តទៀតទេ ព្រោះខាងគេនោះ គេបិទយើងគេចាក់ដី។ គេអត់ឱ្យយើងចូលទេអ៊ីចឹង។ យើងប្រឈមនឹងការអត់ឃ្លាន ហើយនិងប្រឈមនឹងការបណ្តេញចេញ»។
អ្នកស្រីអះអាងថា ប្រជាពលរដ្ឋកំពុងប្រឈមនឹងរឿងអយុត្តិធម៌ ដែលទាមទារឱ្យមានដំណោះស្រាយសម្រាប់ពួកគេ។
អ្នកស្រីបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ វាអត់យុត្តិធម៌ សម្រាប់ខ្ញុំ! ព្រោះអីនៅទីនោះគឺ គេក្រុមហ៊ុនអីគេអាចធ្វើបាន អភិវឌ្ឍបាន តែចំណែកខ្ញុំប្រជាពលរដ្ឋម៉េចអត់អាចអភិវឌ្ឍបាន? ដីនោះ ក៏ជាដីរបស់រដ្ឋដូចគ្នាហ្នឹង»។
ចំណែកពលរដ្ឋម្នាក់ទៀត មកពីភូមិអំពៅព្រៃដែលមកចូលរួមក្នុងការតវ៉ា អ្នកស្រី សុខ ចិន្ដា អាយុ ៣៥ ឆ្នាំ ប្រាប់វីអូអេនៅមុខក្រសួងរៀបចំដែនដីថា ក្រសួងហាក់មិនអើពើចំពោះបញ្ហារបស់ពលរដ្ឋ ហើយថែមទាំងអូសបន្លាយពេលនៃការដោះស្រាយទៀតផង ដែលជាហេតុធ្វើឱ្យពលរដ្ឋរឹតតែរងសម្ពាធ។
អ្នកស្រីថ្លែងថា៖ «ជំពាក់គេសឹងគ្រប់គ្នាបង បងឯងពិចារណាទៅសម្ពោធផ្លូវចិត្តគឺខ្លាំងណាស់ ដោយសារពេលកាលណាដែលយើងរុះរើផ្ទះ បងឯងត្រូវដឹងថាពេលដែលយើងរុះរើផ្ទះទៅធ្វើផ្ទះមួយទៀត យើងត្រូវចំណាយជួលគេរុះរើ ជួលគេសាងសង់ ហើយដីដែលដោះដូរក៏យើងមិនដឹងថាជាដីរបៀបម៉េច អីរបៀបម៉េច និយាយទៅគឺពលរដ្ឋអត់ដឹងសោះ ដឹងតែត្រឹមថារស់នៅទាំងខ្វាយខ្វល់»។
ចំណែកពលរដ្ឋម្នាក់ទៀតដែលកំពុងរងការបណ្តេញចេញ អ្នកស្រី ង៉ុយ សំណាង អាយុ ៣៤ ឆ្នាំ ដែលមានកូន ៣ នាក់ លើកឡើងថាអ្នកស្រីកំពុងបារម្ភអំពីការសិក្សារបស់កូនៗ ប្រសិនបើតម្រូវឱ្យមានដោះដូរទីលំនៅថ្មី។
អ្នកស្រីថ្លែងថា៖ «ពិបាកនៅក្នុងការសិក្សារបស់គាត់ ដូច្នេះដូរចុះដូរឡើងអ៊ីចឹង ការរៀនរបស់គាត់អន់ខ្សោយ»។
បន្ទាប់ពីតំណាងពលរដ្ឋបានចូលទៅជួបជាមួយតំណាងក្រសួងរួច ក្រសួងបានតម្រូវឱ្យតំណាងពលរដ្ឋទាំងអស់នោះរៀបចំញត្តិជាថ្មីម្តងទៀត ដើម្បីដាក់មកកាន់ក្រសួង។ នេះបើតាមតំណាងពលរដ្ឋ។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ក្រសួងបានទទួលសំណើររបស់ពលរដ្ឋរួចហើយ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ថានឹងមានដំណោះស្រាយបែបណានៅឡើយ ដោយក្រសួងកំពុងពិនិត្យមើលចំពោះករណីនេះ។
លោកបញ្ជាក់ថា៖ «ញត្តិគាត់ទើបតែយកមកអ៊ីចឹង ដំណោះស្រាយខ្ញុំអត់ទាន់អាចជម្រាបជូនបានថា យ៉ាងម៉េចទេ គ្រាន់តែដឹងថាប្រជាពលរដ្ឋហ្នឹងគាត់អញ្ជើញមកពីខេត្តកណ្តាល...ហើយក្រុមការងារបានទទួលសំណើហ្នឹង ដើម្បីយកមកពិនិត្យហើយ»។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោក ពង់ ឃាវសែ អគ្គនាយកក្រុមហ៊ុន OCICបាននៅឡើយទេ។
គួរបញ្ជាក់ថា គម្រោងរួមរបស់ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានចាប់ផ្តើមសាងសង់ព្រលានយន្តហោះអន្តរជាតិដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៨ ដែលគ្រោងចំណាយប្រាក់ប្រមាណ ១.៥០០ លានដុល្លារអាមេរិក និងត្រូវការដីទំហំ ២.៦០០ ហិកតា៕
វេទិកាបញ្ចេញមតិ