ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្តាលជាង ៥០ នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បាននាំគ្នាធ្វើដំណើរតាមរថយន្តឈ្នួល និងម៉ូតូ មកសុំកិច្ចអន្តរាគន៍ពីលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ឱ្យជួយដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃ ដែលពួកគេមានជម្លោះជាមួយអ្នកស្រី សៀង ចាន់ហេង ម្ចាស់ក្រុមហ៊ុនហេងអភិវឌ្ឍន៍។
ជម្លោះដីធ្លីនោះ កើតឡើងតាំងពីឆ្នាំ ២០០៥ ដែលមានទំហំប្រមាណ ២០០ ហិកតា ស្ថិតនៅក្បែរព្រលានយន្តហោះថ្មី ក្នុងខេត្តកណ្តាល។
អ្នកស្រី អួង ស៊ីម អាយុ ៦៣ ឆ្នាំ រស់នៅក្នុងឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបានមកដាក់លិខិតសុំកិច្ចអន្តរាគមន៍ពីស្ថាប័នព្រឹទ្ធសភា និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រាប់អ្នកសារព័ត៌មានវីអូអេថា អ្នកស្រីរំពឹងថា ប្រធានព្រឹទ្ធសភាថ្មី លោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដោះស្រាយបញ្ហាដីធ្លីរ៉ាំរ៉ៃជូនប្រជាពលរដ្ឋចំនួន ៩៦ គ្រួសារ ដែលមានទំហំផ្ទៃដីប្រមាណ ២០០ ហិកតា។
អ្នកស្រីថ្លែងថា៖ «ខ្ញុំមកថ្ងៃនេះ ក្នុងគោលបំណងយកញត្តិមកដាក់ឱ្យសម្តេចតា ហើយនឹងសម្តេច ហ៊ុន ម៉ាណែត ឱ្យគាត់ជួយដោះស្រាយរឿងដីឱ្យខ្ញុំ ព្រោះដីខ្ញុំ តុលាការបានកាត់ឱ្យតាំងពីឆ្នាំ ២០០៧ [និង] ឆ្នាំ ២០០៦ ហើយនឹងបាញ់ភូមិបាល ហើយទៀត ប៉ុន្តែអត់បានដីទេ បានតែក្រដាស ហើយគេមិនឱ្យខ្ញុំចូលអាស្រ័យផលនៅកន្លែងដីហ្នឹងទេ»។
បើតាមអ្នកស្រី អួង ស៊ីម ដីរបស់អ្នកស្រីដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍ មានទំហំជិត២ហិកតា។ អ្នកស្រីបន្ថែមថា ដីរបស់ក្រុមហ៊ុនហេងអភិវឌ្ឍន៍ ភាគច្រើនស្ថិតនៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។ ប៉ុន្តែក្រុមហ៊ុនបានមកវាតទី យកដីពលរដ្ឋ នៅឃុំកណ្តោក ឃុំជើងកើប ស្រុកកណ្តាលស្ទឹង និងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមិនឱ្យប្រជាពលរដ្ឋចូលអាស្រ័យផល និងដាំដុះដំណាំតាំងពីឆ្នាំ ២០០៩ មក។
អ្នកស្រីបង្ហាញក្តីរំពឹងទាក់ទងការដាក់លិខិតសុំកិច្ចអន្តរាគមន៍នោះថា៖ «ខ្ញុំសង្ឃឹមជឿជាក់ថា សម្តេចពុកនឹងដោះស្រាយឱ្យប្រជាពលរដ្ឋខ្ញុំនេះបាន ហើយនឹងសម្តេច ហ៊ុន ម៉ាណែត គាត់នឹងដោះស្រាយឱ្យពួកខ្ញុំបាន។ អ៊ីចឹងបានខ្ញុំយក[ញត្តិ]មកដាក់ ខុទ្ទកាល័យ និងព្រឹទ្ធសភា កន្លែងគាត់ហ្មង»។
បើតាមលិខិតស្នើសុំរបស់ប្រជាពលរដ្ឋ ដែលដាក់ទៅកាន់ស្ថាប័នព្រឹទ្ធសភា និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលវីអូអេទទួលបាន ប្រជាពលរដ្ឋបានរស់នៅនិងអាស្រ័យផលនៅឃុំកណ្តោក ឃុំជើងកើប ស្រុកកណ្តាលស្ទឹង និងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ តាំងពីឆ្នាំ ១៩៩០ លុះរហូតដល់ឆ្នាំ ២០០៩ ក្រុមហ៊ុនរបស់អ្នកស្រី សៀង ចាន់ហេង បានបញ្ជូនកងកម្លាំងប្រដាប់អាវុធ មករារាំងប្រជាពលរដ្ឋ និងបាញ់លើពលរដ្ឋ ដែលបណ្តាលឱ្យពលរដ្ឋពីរនាក់រងរបួស និងមិនឱ្យពលរដ្ឋចូលទៅអាស្រ័យផលដូចមុន បើទោះបីជាមានសាលក្រមស្ថាពររបស់តុលាការខេត្តកណ្តាលដែលបញ្ជាក់ថា វាជាដីរបស់ប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផល ហើយមិនមែនជាដីក្រុមហ៊ុនក៏ដោយ។
ជាមួយគ្នានេះ ពលរដ្ឋម្នាក់ទៀតដែលមកដាក់លិខិតសុំកិច្ចអន្តរាគមន៍ជាមួយប្រជាពលរដ្ឋដទៃទៀត លោក ញ៉ ញែម រស់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏អះអាងដូចអ្នកស្រី អួង ស៊ីម ដែរ។ លោកបញ្ជាក់ថា ជម្លោះដីធ្លីនេះ កើតឡើងតាំងពីឆ្នាំ ២០០៥ មក ដោយក្រុមហ៊ុនបានប្តឹងប្រជាពលរដ្ឋ ទៅតុលាការខេត្តកណ្តាល លុះនៅឆ្នាំ ២០០៦ និង ២០០៧ តុលាការបានចេញសាលក្រមស្ថាពរដែលទទួលស្គាល់ថា ជាដីរបស់ប្រជាពលរដ្ឋ និងឱ្យអាជ្ញាធរធ្វើបណ្ណកម្មសិទ្ធិសម្គាល់ជូនពលរដ្ឋ។ ប៉ុន្តែនៅឆ្នាំ ២០០៩ ក្រុមហ៊ុនរបស់អ្នកស្រី សៀង ចាន់ហេង បានបញ្ជូនកងកម្លាំងប្រដាប់អាវុធ ដោយរារាំងមិនឱ្យប្រជាពលរដ្ឋចូលអាស្រ័យផលរហូតដល់ពេលបច្ចុប្បន្ននេះ និងធ្វើឱ្យវិវាទដីធ្លីនេះបន្តអូសបន្លាយដល់ពេលបច្ចុប្បន្ននេះ។
លោកប្រាប់វីអូអេថា៖ «ជម្លោះកាលហ្នឹង ក្រុមហ៊ុនហេងអភិវឌ្ឍន៍បានប្តឹងប្រជាពលរដ្ឋទៅតុលាការ។ ដល់ហើយក្រុមហ៊ុនហេងអភិវឌ្ឍន៍ក៏បានដាក់ប្លង់របស់គាត់ ៤២ បណ្ណ ដាក់ចូលឱ្យតុលាការ ដើម្បីឱ្យតុលាការកាត់[ក្តី]។ តុលាការសម្រេចក្តីសាលក្រម ៤០(វ) ដោយទទួលស្គាល់បណ្ណក្រុមហ៊ុន តែបណ្ណក្រុមហ៊ុនមិនជាន់លើដីប្រជាពលរដ្ឋទេ»។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីអ្នកស្រី សៀង ចាន់ហេង ម្ចាស់ក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងលោក លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបាននៅឡើយទេ។
ទាក់ទងការដាក់លិខិតរបស់ប្រជាពលរដ្ឋ លោក គង់ ចំរើន មន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តី ប្រាប់ឱ្យប្រជាពលរដ្ឋទាំងនោះយកលិខិតទៅដាក់នៅក្រសួងយុត្តិធម៌ជំនួសវិញ ដោយលោកថា ខុទ្ទកាល័យនាយករដ្ឋមន្រ្តីមិនទទួលញត្តិទៀតឡើយ។
លោកថ្លែងថា៖ «ហើយយើងចេះតែនិយាយផ្លូវកាត់ៗថា អភិវឌ្ឍអត់បានដី ហ្ហេ? វាអត់បានដី។ វាមានហេតុអី? រកហេតុវាហ្នឹងឱ្យឃើញ ពីព្រោះអីគេធ្វើអ្វីមានរបៀបរបស់វា។ អ៊ីចឹងអញ្ជើញទៅក្រសួងយុត្តិធម៌»។
បើទោះជាមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីមិនទទួលយកលិខិតនោះ ក៏ប្រជាពលរដ្ឋទាំងនោះរំពឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភានឹងស្វែងរកដំណោះស្រាយក្នុងវិវាទនេះនិងផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋ។ ពលរដ្ឋទាំងនោះថា ពួកគេក៏តែងតែស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធជាច្រើនលើកច្រើនសា ប៉ុន្តែមិនដែលទទួលបានដំណោះស្រាយអ្វីឡើយ៕
វេទិកាបញ្ចេញមតិ