ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​បង្គាប់​ឱ្យ​បន្ត​ឃុំ​ខ្លួន​លោក រ៉ុង ឈុន ខណៈ​មាន​សម្រែក​អ្នកតវ៉ា


អ្នក​គាំទ្រ​លោក រ៉ុង ឈុន នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ដោះលែង​លោក ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ​២០២០។ (អូន ឆេងប៉រ/វីអូអេ)
អ្នក​គាំទ្រ​លោក រ៉ុង ឈុន នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ដោះលែង​លោក ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ​២០២០។ (អូន ឆេងប៉រ/វីអូអេ)

លោក ​ជូង ជូងី ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ​រ៉ុង ឈុន ​ឱ្យ​ដឹង​ថា ​លោក​ចៅក្រម ​ឃុន លាងម៉េង​ ប្រធាន​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ ​បាន​បដិសេធ​បណ្ដឹង​ពីរ​របស់​ក្រុម​មេធាវី​ការពារ​ក្ដី ​គឺ​បណ្ដឹង​ប្រឆាំង​ដីកា​សម្រេច​ឃុំ​ខ្លួន​ និង​បណ្ដឹង​ប្រឆាំង​ដីកា​មិន​ព្រម​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន។​

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ ​សម្រេច​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ​រ៉ុង ឈុន​ មេ​ដឹកនាំ​សហជីព​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ ខណៈ​មាន​ការ​តវ៉ា​របស់​អ្នក​គាំទ្រ​រូប​លោក​នៅ​ក្រៅ​របង​តុលាការ។​

លោក​ រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា ​និង​ជា​អតីត​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ទាំង​កណ្ដាល​រាត្រី ​កាល​ពី​ចុង​ខែ​កក្កដា​ និង​ត្រូវ​បាន​ចោទ​ពី​បទ​«ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។​

ការ​ចាប់​ខ្លួន​នេះ​ ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​លើ​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​ ដែល​លោក​បាន​ចុះ​ជួប​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​ពញា​ក្រែក​ ខេត្ត​ត្បូងឃ្មុំ​ហើយ​ពួក​គេ​អះអាង​ថា​ កម្ពុជា ​បាត់​បង់​ដី​ ដោយ​សារ​ការ​បោះ​បង្គោល​ព្រំដែន។​

លោក ​ជូង ជូងី ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ​រ៉ុង ឈុន ​ឱ្យ​ដឹង​ថា ​លោក​ចៅក្រម ​ឃុន លាងម៉េង​ ប្រធាន​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ ​បាន​បដិសេធ​បណ្ដឹង​ពីរ​របស់​ក្រុម​មេធាវី​ការពារ​ក្ដី ​គឺ​បណ្ដឹង​ប្រឆាំង​ដីកា​សម្រេច​ឃុំ​ខ្លួន​ និង​បណ្ដឹង​ប្រឆាំង​ដីកា​មិន​ព្រម​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន ​ដែល​សម្រេច​ដោយ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

ក្រោយ​ពី​សវនាការ​បាន​បិទ​បញ្ចប់​កាល​ពី​អំឡុង​ម៉ោង​១១ព្រឹក​ថ្ងៃ​ពុធ​ លោក ​ជូង ជូងី ​ប្រាប់​ VOA ថា៖​

«សហ​មេធាវី​ការពារក្ដី​ឱ្យ​លោក​គ្រូ ​រ៉ុង ឈុន​ យល់​ឃើញ​ថា​ សេចក្ដី​សម្រេច​នេះ​អត់​មាន​ផ្ដល់​យុត្តិធម៌​ឱ្យ​គាត់​ទេ​ ហើយ​សូម​អះអាង​ថា​ វា​បំពាន​សិទ្ធិ​គាត់ ​និង​បំពាន​ច្បាប់។ ​អ៊ីចឹង​យើង​ក៏​សូម​អនុវត្ត​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ ឱ្យ​គាត់​តវ៉ា​តាម​នីតិវិធី​បន្ដ​ទៅ​ទៀត»។​

លោក ​រ៉ុង ឈុន ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ពី​ពន្ធនាគារ​ព្រៃស​មក​ចូលរួម​សវនាការ​ដោយ​ផ្ទាល់​នៅ​សាលា​ឧទ្ធរណ៍​ កាល​ពី​ព្រឹក​ថ្ងៃពុធ ​មិន​សុខ​ចិត្ត​នឹង​សេចក្ដី​សម្រេច​នេះ​ទេ​ ហើយ​នឹង​បឹ្ដង​សារទុក្ខ​បន្ត​ទៀត​ទៅ​តុលាការ​កំពូល។​ នេះ​បើ​យោង​តាម​លោក ​ជូង ជូងី។​

អ្នក​គាំទ្រ​លោក រ៉ុង ឈុន នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ដោះលែង​លោក ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ​២០២០។ (អូន ឆេងប៉រ/វីអូអេ)
អ្នក​គាំទ្រ​លោក រ៉ុង ឈុន នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ដោះលែង​លោក ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ​២០២០។ (អូន ឆេងប៉រ/វីអូអេ)

នៅ​បរិវេណ​ក្រៅ​របង​សាលា​ឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ​ក្រុម​គ្រួសារ​និង​អ្នក​គាំទ្រ​លោក ​រ៉ុង ឈុន​ ប្រមាណ​៣០​នាក់​ បាន​ឈរ​ស្រែក​តវ៉ា​ ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​រូប​លោក ​និង​សកម្មជន​ដទៃ​ទៀត​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយសារ​ចេញ​មុខ​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​លោក ​រ៉ុង ឈុន​ កាល​ពីពេលកន្លង​ទៅ។​

ការ​តវ៉ា​ដោយ​មាន​ការ​លើក​រូប​ថត​របស់​លោក ​រ៉ុង ឈុន ​ផង​នោះ​ ស្ថិត​ក្រោម​ការ​យាម​កាម​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​កង​កម្លាំង​សន្ដិសុខ​របស់​សាលា​ខណ្ឌ​ដូនពេញ ​និង​ក្រុម​នគរបាល។​

អ្នកស្រី ​សាន់ ស្រីនាថ ​ដែល​ជា​អ្នកតវ៉ា​មួយរូប​កាល​ពី​ព្រឹក​ថ្ងៃពុធ​ ឱ្យ​ដឹង​ថា​ ខ្លួន​ចេញ​មក​សម្ដែង​មតិ ​ដើម្បី​ទាម​ទារ​ចង់​បាន​«សេរីភាព»​សម្រាប់​ខ្លួន​ឯង​ ដើម្បី​និយាយ​ស្ដី​ផង ​និង​សម្រាប់​លោក ​រ៉ុង ឈុន ​និង​សកម្មជន​ជាប់​ឃុំ​ដទៃ​ផង។​

ពលរដ្ឋ​វ័យ​ ៣៩​ឆ្នាំ​ រស់​នៅ​រាជធានី​ភ្នំពេញ​រូប​នេះ​ បាន​ប្រាប់ ​VOA​ ថា៖ ​«បើ​សិន​ជា​លោក​តុលាការ​មិន​ព្រម​ដោះ​លែង​លោកគ្រូ ​រ៉ុង ឈុន ​និង​បងប្អូន​ផ្សេង​ទៀត​ទេ​ ពួកខ្ញុំ​ នឹង​មាន​ការ​ទាមទារ​បន្ត​ទៅ​ទៀត​ ព្រោះអី​គាត់​គ្មាន​កំហុស។ គាត់​អត់​បាន​ធ្វើ​កំហុស​អ្វី​ទេ​ ចា៎។ ​ខ្ញុំ​ សុំ​តែ​ប៉ុណ្ណឹង​ទេ»។

អ្នក​គាំទ្រ​លោក រ៉ុង ឈុន នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ដោះលែង​លោក ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ​២០២០។ (អូន ឆេងប៉រ/វីអូអេ)
អ្នក​គាំទ្រ​លោក រ៉ុង ឈុន នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ដោះលែង​លោក ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ​២០២០។ (អូន ឆេងប៉រ/វីអូអេ)

ខណៈ​អ្នក​តវ៉ា​កំពុង​ស្រែក​ទាមទារ​នៅ​ម្ខាង​ទៀត​នៃ​វិថី​ព្រះ​ស៊ីសុវត្ថិ ​ទល់​មុខ​សាលា​ឧទ្ធរណ៍ ក្រុម​បុរស​ស្លៀក​សម្លៀក​បំពាក់​ស៊ីវិល​មួយ​ក្រុម ​ដែល​គេមិនស្គាល់​អត្តសញ្ញាណ ​បាន​កាន់​ទូរស័ព្ទដៃ​ថត​មុខ​អ្នក​ចូលរួម​ ហើយ​ម្នាក់​បាន​បន្លឺ​សំឡេង​ថា ​ក្រុម​អ្នក​តវ៉ា​ជា​ក្រុម​«បដិវត្ដន៍​ពណ៌» ​ខណៈ​លោក​កំពុង​ថត។​

អ្នក​គាំទ្រ​លោក រ៉ុង ឈុន នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ដោះលែង​លោក ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ​២០២០។ (អូន ឆេងប៉រ/វីអូអេ)
អ្នក​គាំទ្រ​លោក រ៉ុង ឈុន នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ដោះលែង​លោក ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ​២០២០។ (អូន ឆេងប៉រ/វីអូអេ)

ក្រុម​អ្នក​តវ៉ា​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សកម្ម​ជន​ដទៃ​ទៀត​រួម​មាន​ កញ្ញា ​ឈឿន ដារ៉ាវី ​លោក ​ហ៊ុន វណ្ណៈ ​និង​លោក ​សួង សុភ័ណ្ឌ ​ប្រធាន​គណបក្ស​ខ្មែរឈ្នះ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ​អ្នក​ទាំង​៣​ជា​មនុស្ស​សកម្ម​ក្នុងការ​ចូល​រួម​សកម្មភាព​តវ៉ា​ដំបូងៗ​ ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន។​

លោក ​ជិន ម៉ាលីន​ រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌​ បាន​រំឭក​ប្រាប់​អ្នក​តវ៉ា​ឱ្យ​«គោរព​ច្បាប់»​ និង​ទុក​ឲ្យ​សមត្ថកិច្ច​វិនិច្ឆ័យ​លើ​ភាព​មាន​ ឬ ​គ្មាន​ទោស​កំហុស​របស់​លោក ​រ៉ុង ឈុន ​និង​សកម្មជន​ដទៃ​ទៀត​ជូន​ស្ថាប័ន​យុត្តិធម៌​ជា​អ្នក​សម្រេច។​

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​រូប​នេះ​ បាន​ប្រាប់​ VOA​ តាម​ទូរស័ព្ទ​ថា៖​ «ហើយ​ធម្មតា​ជន​ល្មើស​មិន​ដែល​សារ​ភាព​ថា​ សកម្មភាព​របស់​ខ្លួន​ជា​បទ​ល្មើស​ទេ។ ​អ៊ីចឹង​បាន​គេ​ឱ្យ​មាន​ស្ថាប័ន​តុលាការ​ជា​អ្នក​វិនិច្ឆ័យ»។​

ក្នុង​ជំនួប​ជាមួយ​មេ​ដឹកនាំ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​អង្គារ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​លើកឡើងថា​ ​«ការ​ឈឺ​ឆ្អាល» ​និង​ការ​គិត​គូរ​អំពី​បញ្ហា​បូរណភាព​ទឹកដី ​និង​ខ្សែ​បន្ទាត់​ព្រំដែន​ មិន​មែន​ជា​រឿង​ខុស​ច្បាប់​ទេ ​តែ​ការ​«យក​ប្រធាន​បទ​ព្រំដែន​មក​បំភ្លៃ ​មួល​បង្កាច់​ ញុះញង់»​ទេ​ តើ​ទើប​ជា​រឿង​ដែល​រដ្ឋាភិបាល​លោក​«មិន​អាច​អត់​ឱន​ឱ្យ​បាន»។ ​ នេះ​ បើ​យោង​តាម​ លោក ​ឈឹម ផល​វរុណ ​ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ​ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​ជាមួយលោក​នាយក​រដ្ឋមន្រ្តី។

ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​នៅ​ក្រុង​ភ្នំពេញ​ ខណៈ​ដែល​បាន​ទទួល​ញ្ញតិ​សុំ​អន្តរាគមន៍​ពី​គ្រួសារ​លោក​ រ៉ុង ឈុន ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ក្រើន​រំឭក​អាជ្ញាធរ​កម្ពុជា​ថា​ ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ដែល​រង់​ចាំ​សវនាការ​ «មិន​គួរ​តែ​ជា​វិធាន​ទូទៅ»​នោះ​ទេ ​ហើយ​ពួក​គេ​មាន​សិទ្ធិ​ទទួល​ការ​ការពារ​ប្រឆាំង​«ការ​ឃុំ​ខ្លួន​និង​ការ​ចាប់​ខ្លួន​តាម​តែ​អំពើ​ចិត្ត»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG