រដ្ឋបាលខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី២១ ខែវិច្ឆិកា បានចេញសេចក្តីជូនដំណឹងតម្រូវឲ្យប្រជាពលរដ្ឋខ្មែរឥស្លាមជាង៧០គ្រួសារដែលកំពុងរស់នៅលើដីច្រាំងទន្លេទន្លេ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រុះរើសំណង់របស់ខ្លួនចេញក្នុងរយៈពេលមួយសប្តាហ៍។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា សំណង់រោងរបស់ប្រជាពលរដ្ឋខ្មែរឥស្លាមបានធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ខណៈដែលកម្ពុជាត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ឬ Asia-Europe Meeting (ASEM) ដែលមានការចូលរួមពីថ្នាក់ដឹកនាំពីបណ្តាប្រទេសធំៗ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ នៅឆ្នាំ២០២០។
លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានប្រាប់វីអូអេនៅថ្ងៃច័ន្ទនេះតាមទូរស័ព្ទថា ការតម្រូវឲ្យរើនេះគឺដោយសារសណ្តាប់ធ្នាប់។
លោកបានប្រាប់វីអូអេតាមទូរស័ព្ទថា៖ «បាទ ដោយសារតែយើងចេះតែឲ្យគាត់មកនៅហ្នឹង គាត់ចេះតែមកតាំងទីលំនៅកាន់តែច្រើនទៅៗ បានទៅជាបញ្ហាត្រូវឲ្យចេញ»។
លោកមិនបានបកស្រាយបន្ថែមថា តើប្រជាជនខ្មែរឥស្លាមទាំងនោះនឹងមានទីតាំងសមស្របនៅទីណានោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនដែលរស់នៅតាមដងទន្លេទាំងនោះមិនបដិសេធក្នុងការចាកចេញនោះទេ តែប្រជាជនទាំងនោះស្នើថា រដ្ឋាភិបាលគួរផ្តល់ពេលវេលាឲ្យពួកគេច្រើនជាងនេះ ដើម្បីរើចេញនិងជួយរកកន្លែងផ្សេងទៀតដែលពួកគេអាចទិញ ឬជួលនៅបាន។
លោកអ៊ី យូ អ្នកនេសាទវ័យ៦០ឆ្នាំ និងជាអ្នកតំណាងប្រជាពលរដ្ឋខ្មែរឥស្លាមនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានប្រាប់វីអូអេថា ប្រជាពលរដ្ឋខ្មែរឥស្លាមទីនោះមាន៧៨គ្រួសារ មកសាងសង់សំណង់រោងតូចៗ នៅលើដីតាមច្រាំងទន្លេ ខាងក្រោយសណ្ឋាគាររេស៊ីដង់សុខាភ្នំពេញ ជាយូរឆ្នាំមកហើយ។ លោកសង្ឃឹមថា អាជ្ញាធរនឹងទុកពេលបន្ថែមពីរខែដើម្បីឲ្យពួកគេស្វែងរកទីតាំងថ្មី ប៉ុន្តែអាជ្ញាធរមិនអនុញ្ញាត។
លោកបាននិយាយប្រាប់វីអូអេថា៖ «អត់ដឹងថា ត្រូវទៅណាទេឥឡូវ! ម្នាក់ៗយំក៏អត់ចេញ ស្រែកក៏អត់ចេញដែរអត់ដឹងធ្វើម៉េចទេ។ អាហ្នឹងគោលការណ៍របស់ខាងថ្នាក់លើ»។
ប៉ុន្តែលោកសង្ឃឹមថា រដ្ឋាភិបាលនឹងជួយប្រជាពលរដ្ឋខ្មែរឥស្លាមទាំង៧៨គ្រួសារ ដែលនៅលើច្រាំងទន្លេសង្កាត់ជ្រោយចង្វារទទួលបានទីតាំងសមស្រប។
លោកសុស ស្តាហ្វា អ្នករត់កងបីជនជាតិខ្មែរឥស្លាមអាយុ៣១ឆ្នាំម្នាក់ កំពុងរុះរើរោងរបស់ខ្លួនជាមួយប្រពន្ធ នៅច្រាំងទន្លេ កាលពីថ្ងៃសុក្រទី២៩ ខែវិច្ឆិកា សប្តាហ៍មុន។
លោកបាននិយាយប្រាប់វីអូអេថា លោកមិនបដិសេធក្នុងការចាកចេញនោះទេ ប៉ុន្តែលោកថា រយៈពេលដែលអាជ្ញាធរទុកឲ្យពួកគាត់រុះរើនិងផ្លាស់ទីលំនៅ គឺខ្លីពេក។
«ខ្ញុំអត់ដឹងថា ម៉េចដែរ មានតែរើ រើហើយឥវ៉ាន់ខ្ញុំដាក់លើទូកម៉ែក្មេកខ្ញុំទៅ ហើយយប់ឡើងដេកលើកង់បីខ្លះទៅ ព្រោះអីឥវ៉ាន់វាច្រើនណាស់»។
VOA មិនអាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញគឺលោកម៉េត មាសភក្តីបានទេ រហូតមកដល់ល្ងាចថ្ងៃច័ន្ទនេះ។
ទោះយ៉ាងណា អ្នកធ្វើការខាងសិទ្ធិមនុស្សនិយាយថា រដ្ឋាភិបាលគួរដោះស្រាយនិងរកទីលំនៅថ្មីសម្រាប់គ្រួសារទាំងនេះ ដោយសារនៅពេលដំបូងឡើយ គ្រួសារទាំងនេះអាចរស់នៅទីនោះបានដោយសារតែមិនមានការហាមឃាត់ពីអាជ្ញាធរ។
លោកអំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho)លើកឡើងថា៖
«ខ្ញុំមិនហ៊ានថា ម៉េចទេ ព្រោះអាហ្នឹង បើយើងនិយាយថា គាត់ខុសទាំងស្រុងក៏មិនត្រូវ ព្រោះអាជ្ញាធរអ្នកឲ្យគាត់សង់មកណា៎។ អាហ្នឹងវាមួយដែរ រឿងអ៊ីចឹងណា៎»។
លោកសឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រាប់វីអូអេថា រដ្ឋាភិបាលគួរតែមានវិធានការផ្តល់កម្មសិទ្ធិដីស្របច្បាប់ដល់ប្រជាជនខ្មែរឥស្លាមផងដែរ។
«មុននឹងធ្វើការបណ្តេញ ឬក៏ធ្វើឲ្យគាត់ចាកចេញពីទីលំនៅគាត់ហ្នឹងគួរតែមានការគិតគូរនូវគោលនយោបាយដែរ ព្រោះយើងឃើញនៅពេលថ្មី ពលរដ្ឋរបស់ជនជាតិវៀតណាមគឺនៅខេត្តកំពង់ឆ្នាំង ឃើញថា អាជ្ញាធររបស់រដ្ឋាភិបាល គាត់បានដោះដូរឲ្យមកនៅលើគោក មានដី៤០ហិកតាជាដើមអ៊ីចឹងណា៎»។
កាលពីចុងខែវិច្ឆិកាកន្លងទៅ អភិបាលខេត្តកំពង់ឆ្នាំងបានលក់និងជួលដីតម្លៃថោកចំនួន៤០ហិកតាដើម្បីឲ្យប្រជាជនខ្មែរ ខ្មែរឥស្លាមនិងជនអន្តោប្រវេសន៍វៀតណាមជាង៤ពាន់គ្រួសារដែលកំពុងរស់នៅលើផ្ទះបណ្តែតទឹកតាមដងទន្លេសាប មករស់នៅលើគោកវិញ៕