ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​​​ប្រកាស​អាសន្ន​​ពី​កម្ពស់​ទឹក​ស្ទឹង​ព្រែកត្នោត​ក្រោយ​ទំនប់​​​ខ្នង​​ភ្នំ​គីរីរម្យ​បាក់


ស្ថានភាព​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​នៅ​ភាគ​ខាង​​លិច​​និង​ខាង​ត្បូង​រាជធានី​ភ្នំពេញ​និង​ក្នុង​​ខេត្ត​កណ្តាល បាន​ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន​កាល​ពី​យប់​ថ្ងៃ​អង្គារ។ (រូបថត​ពី​ហ្វេសប៊ុក​ក្រសួង​ធនធានទឹក និង​ឧតុនិយម)
ស្ថានភាព​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​នៅ​ភាគ​ខាង​​លិច​​និង​ខាង​ត្បូង​រាជធានី​ភ្នំពេញ​និង​ក្នុង​​ខេត្ត​កណ្តាល បាន​ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន​កាល​ពី​យប់​ថ្ងៃ​អង្គារ។ (រូបថត​ពី​ហ្វេសប៊ុក​ក្រសួង​ធនធានទឹក និង​ឧតុនិយម)

កម្ពស់​ទឹក​នៅ​ទំនប់​ទឹក​ពាមឃ្លៃ​និង​ទ្វារ​ទឹក​រលាំង​ជ្រៃ តាម​បណ្តោយ​ស្ទឹង​ព្រែកត្នោត​ ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ​ នៅ​ថ្ងៃ​ពុធ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ។

សេចក្តីប្រកាស​ព័ត៌មាន​ ចុះថ្ងៃ​ទី​ ១៤ ​ខែ​តុលា ​ឆ្នាំ​ ២០២០​ របស់​រដ្ឋបាល​ខេត្ត​ស្ថិត​នៅ​ប៉ែក​ខាង​លិច​រាជធានី​ភ្នំពេញ​មួយ​នេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ភូមិ​ជា​ច្រើន បង្កើន​ការ​ប្រុង​ប្រយ័ត្ន​និង​ត្រៀម​ខ្លួន​រក​ទី​ទួល​សុវត្ថិភាព​ ជា​ពិសេស​អ្នក​រស់នៅ​ក្នុង ភូមិរំលោង កាហែង កាប់ទូក ថ្មី ក្រវៀន ក្នុង​សង្កាត់​កណ្តោលដុំ​និង​ភូមិ​ព្រៃស្លឹក ក្នុង​សង្កាត់​ច្បារ​មន ហើយ​និង​ភូមិព្រៃបេង ទឹកលិច គោករងៀង​ក្នុង​ឃុំ​ស្គុះ ស្រុក​សំរោង​ទង នៃ​ខេត្ត​កំពង់ស្ពឺ។

កាល​ពី​ថ្ងៃ​អង្គារ រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ ក៏​បាន​ប្រកាស​ពី​ការ​បាក់​ទំនប់​ចំការតែដែល​ស្តុក​ទឹក​ចំណុះ​ប្រមាណ​ជាង ​៥ ​លាន​ម៉ែត្រ​គូប​ នៅ​លើ​ខ្នង​ភ្នំ​គីរីរម្យ ស្ថិត​ក្នុង​ឃុំ​ចំបក់​នៃ​ស្រុក​ភ្នំស្រួច​របស់​ខេត្ត​នេះ​ផង​ដែរ។

អាជ្ញាធរ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ​ភ្លៀង​ធ្លាក់​ខ្លាំង​និង​អូស​បន្លាយ​ពេល​អស់​ជាច្រើន​ថ្ងៃ​មក​នេះ ដោយសារ​ទទួល​រង​ឥទ្ធិពល​នៃ​ព្យុះ​ត្រូពិក បាន​បង្ក​ជា​ជំនន់​លិច​នៅ​ផ្នែក​ខ្លះនៃ​រាជធានី​ភ្នំពេញ និង​ខេត្ត​ក្រុង​សរុប​ចំនួន ​១៨​ ផ្សេង​ទៀត៕

XS
SM
MD
LG