មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជាបានបន្តព្រមានអំពី«មហន្តរាយ»នៃសុខភាពសាធារណៈបំផ្លាញដោយជំងឺកូវីដ១៩ ប្រសិនបើប្រជាពលរដ្ឋមិនចូលរួមការពារ។
នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍បាយ័នកាលពីថ្ងៃអង្គារ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថាការរាតត្បាតជំងឺកូវីដ១៩ស្ថិតនៅក្នុង«ស្ថានភាពព្រួយបារម្ភនៅឡើយទេ» បើទោះលែងមានការបិទខ្ទប់រាជធានីភ្នំពេញទាំងស្រុងក៏ដោយ។ លោកស្រីបន្តព្រមានថាបើប្រជាពលរដ្ឋទាំងអស់គ្នាមិនចូលរួមការពារ នោះប្រទេសកម្ពុជានឹងរងគ្រោះមហន្តរាយដោយសារជំងឺនេះ។
លោកស្រីបញ្ជាក់ថា៖ «វានឹងធ្វើឲ្យមានហានិភ័យខ្ពស់ ក៏ដូចជាវាអាចនឹងឈានចូលទៅដល់មហន្តរាយសុខភាពសាធារណៈដែលខ្ញុំបានធ្លាប់ជម្រាបជូនហើយថាខ្ញុំអត់ចង់ស្រមៃឃើញនូវទិដ្ឋភាពនៃមហន្តរាយសុខភាពសាធារណៈនោះទេ»។
មន្រ្តីក្រសួងសុខាភិបាលរូបនោះក៏បានបញ្ជាក់ថាទាក់ទងនឹងវីរុសប្លែងខ្លួនថ្មី ឈ្មោះB.1.617ដែលមានប្រភពមកពីប្រទេសឥណ្ឌា ដែលឆ្លងកាន់តែរហ័ស អាជ្ញាធរសុខាភិបាលកម្ពុជារកឃើញតែមួយករណីលើជនបរទេសដែលជាករណីនាំចូលហើយក្រុមគ្រូពេទ្យបានព្យាបាលជាសះស្បើយរួចទៅហើយ។
លោកស្រីបន្ថែមថា៖ «ហើយយើងក៏មិនទាន់ឃើញថាមានការរីកសាយភាយ[វីរុសប្លែងខ្លួនថ្មីពីឥណ្ឌា]នៅក្នុងប្រទេសយើងនៅឡើយទេ ខ្ញុំសូមបញ្ជាក់ណា។ អញ្ចឹងបច្ចុប្បន្ននេះ ការរកឃើញ គឺត្រឹមតែប្រភេទB.1.1.7»។
វីរុសប្លែងខ្លួនថ្មីដែលរកឃើញក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំមុន ត្រូវបានអង្គការសុខភាពពិភពលោក(WHO)ចាត់ទុកថាជាប្រភេទវីរុសដែលជាក្តីបារម្ភកម្រិតសាកល។
នៅពេលផ្ទុះឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសរកឃើញវីរុសប្លែងខ្លួនថ្មីដែលមានផ្ទុកវ៉ារ្យ៉ង់B.1.1.7 ដែលមានប្រភពនៅចក្រភពអង់គ្លេស បានរាលដាលក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យករណីឆ្លងកាន់តែរហ័ស។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានបន្តអំពាវនាវឲ្យម្ចាស់អាជីវកម្មទាំងអស់យកចិត្តទុកដាក់ខ្ពស់និងចាត់ចែងរបៀបរបបតាមបែបគន្លងថ្មី ដោយតម្រូវឲ្យភ្ញៀវពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីធានានិរន្តរភាពនៃមុខរបរ។
ក្រសួងសុខាភិបាល នៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មី ប្រមាណ៤៧០នាក់ ដែលនាំឲ្យករណីឆ្លងសរុបចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ បានកើនឡើងដល់ជិត២ម៉ឺននាក់។ ករណីស្លាប់បានកើនឡើងដល់១៣៦នាក់ ដោយមានករណីស្លាប់ថ្មីចំនួន៥នាក់។
កាលពីសប្តាហ៍មុន លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បាននិយាយថាវាពិតជាមានគ្រោះថ្នាក់ខ្លាំងក្លាដែលមានភាពធូររលុងទៅលើវិធានការសុខាភិបាល ខណៈវីរុសនេះនៅតែរាតត្បាតក្នុងប្រទេស។ លោកស្រីជំរុញឲ្យអនុវត្តវិធានការសុខាភិបាលនិងអនុវត្តការរស់នៅតាមធម្មតាបែបគន្លងថ្មី។
នៅថ្ងៃពុធនេះផងដែរ សាលារាជធានីភ្នំពេញបានសម្រេចបន្តរឹតត្បិតតំបន់ឆ្លងជំងឺកូវីដ១៩ស្រួចស្រាល់នៅឡើយ រយៈពេលមួយសប្តាហ៍ទៀត គឺរហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
នេះជាការពន្យារពេលមួយសប្តាហ៍ទៀត ខណៈកាលកំណត់ពីមុន ការរាំងខ្ទប់នេះត្រូវបញ្ចប់ចាប់ពីថ្ងៃទី១៣ ខែឧសភា។ ប៉ុន្តែអាជ្ញាធរបានបង្រួមតំបន់គ្រោះថ្នាក់ខ្លាំងដូចជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង«តំបន់លឿង»។
បើតាមសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ នៅក្នុងខណ្ឌ៧មករា អគារចំនួន៨នៅប្លុកបុរីកីឡានៃសង្កាត់វាលវង់ ជាតំបន់ក្រហម។ តំបន់មួយក្នុងសង្កាត់ច្បារអំពៅទី២នៃខណ្ឌច្បារអំពៅ ជាតំបន់ក្រហម។ ភូមិ២៣នៃសង្កាត់បឹងកក់ទី២និងភូមិ១០នៃសង្កាត់បឹងសាឡាងក្នុងខណ្ឌទួលគោក ជាតំបន់ក្រហម។ ភូមិត្រពាំងថ្លឹង១និងត្រពាំងថ្លឹង២នៃសង្កាត់ចោមចៅទី១ ក្នុងខណ្ឌពោធិ៍សែនជ័យ ជាតំបន់ក្រហម។ តំបន់ខ្លះនៃសង្កាត់ទួលសង្កែទី១ ក្នុងខណ្ឌឬស្សីកែវ និងផ្នែកខ្លះនៃសង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី៣នៃខណ្ឌមានជ័យ ជាតំបន់ក្រហម។
តំបន់ក្រហមជាតំបន់រឹតត្បិតខ្លាំងដោយហាមឃាត់ការធ្វើដំណើរ ការចេញពីផ្ទះនិងអាជីវកម្មគ្រប់ប្រភេទ៕