ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​សម្លាប់​មនុស្ស​យ៉ាង​តិច ៣១ នាក់ ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន


សម្លៀក​បំពាក់​និង​ស្បែកជើង​ត្រូវ​បាន​ប្រមូល​បន្ទាប់​ការបំផ្ទុះ​នៅទីក្រុង​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃទី​២២ មេសា ២០១៨។
សម្លៀក​បំពាក់​និង​ស្បែកជើង​ត្រូវ​បាន​ប្រមូល​បន្ទាប់​ការបំផ្ទុះ​នៅទីក្រុង​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន​កាលពី​ថ្ងៃទី​២២ មេសា ២០១៨។

អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​ខ្លួន​នៅ​ឯ​មជ្ឈមណ្ឌល​ចែកចាយ​អត្តសញ្ញាណប័ណ្ណ​អ្នក​បោះ​ឆ្នោត​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ នៅ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៣១ នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​ជាង ៥៦ នាក់​ផ្សេង​ទៀត​រង​របួស។

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​អាហ្វហ្គានីស្ថាន​លោក Najeeb Danish បាន​ប្រាប់ VOA ថា នៅ​ពេល​ដែល​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​បំផ្ទុះ​គ្រាប់​បែក​នៅ​ជាប់​នឹង​ខ្លួន មនុស្ស​ម្នា​ជា​ច្រើន​កំពុង​តម្រង់​ជួ​រង់ចាំ​ដើម្បី​យក​អត្តសញ្ញាណប័ណ្ណ​បោះ​ឆ្នោត​របស់​ពួកគេ។

ប្រភព​ពី​មន្ទីរពេទ្យ​បាន​បញ្ជាក់​ថា អ្នក​រង​របួស​យ៉ាង​តិច ១០ នាក់ គឺ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ជា​ទី​បំផុត។

ប្រមុខ​ប្រតិបត្តិ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​លោក Abdullah Abdullah បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​នេះ​ថា ជា​ការ​វាយ​ប្រហារ «ភេរវកម្ម»។

លោក Abdullah Abdullah បាន​សរសេរ​នៅ​លើ​គណនី Twitter ផ្លូវការ​របស់​លោក​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​រួម​ចំណែក​ជាមួយ​នឹង​អ្នក​ដែល​រងគ្រោះ​ដោយសារ​ការ​វាយ​ប្រហារ​បែប​កំសាក​នេះ។ ការ​តាំង​ចិត្ត​របស់​យើង​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​យុត្តិធម៌ និង​មាន​តម្លាភាព​នឹង​នៅតែ​បន្ត ហើយ​ពួក​ភេរវជន​មិន​អាច​យក​ឈ្នះ​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន​បាន​ទេ»។

ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក Ashraf Ghani បាន​ចាប់ផ្ដើម​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាល​ពី​សប្ដាហ៍​មុន ដោយ​អនុញ្ញាត​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​រដ្ឋសភា​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ២០ ខែ​តុលា​ខាង​មុខ​នេះ និង​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ នេះ​នឹង​ក្លាយជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​ការ​បោះ​ឆ្នោត​នឹង​ធ្វើ​ឡើង​ផ្អែក​លើ​មូលដ្ឋាន​នៃ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ផ្លូវការ៕

XS
SM
MD
LG