ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​តុលាការ​ចាប់ផ្ដើម​ពិភាក្សា​លើ​សំណុំ​រឿង​របស់​លោក Manafort


រូបភាពឯកសារ៖ អតីតអ្នកគ្រប់គ្រង​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ដូណាល់ ត្រាំ លោក Paul Manafort បាន​មកដល់តុលាការ​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​១៥ មិថុនា ឆ្នាំ ២០១៨។
រូបភាពឯកសារ៖ អតីតអ្នកគ្រប់គ្រង​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ដូណាល់ ត្រាំ លោក Paul Manafort បាន​មកដល់តុលាការ​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​១៥ មិថុនា ឆ្នាំ ២០១៨។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​ប្រឹក្សា​តុលាការ​ចាប់ផ្ដើម​ពិភាក្សា​លើ​សំណុំ​រឿង​លោក Paul Manafort អតីត​ប្រធាន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Donald Trump ដើម្បី​មើល​ថា​តើ​លោក​មាន​កំហុស​ឬ​ក៏​អត់​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​បន្លំ​ពន្ធដារ និង​គណនី​ធនាគារ។ លោក Manafort ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រាប់​ទសវត្សរ៍ ប្រសិនបើ​រក​ឃើញ​ថា​មាន​ទោស។

ទាំង​រដ្ឋអាជ្ញា និង​ទាំង​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក Manafort សុទ្ធតែ​បាន​បង្ហាញ​សេចក្ដី​សន្និដ្ឋាន​បញ្ចប់​ការ​ពិភាក្សា​ដេញដោល​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។ មេធាវី​ដើម​ចោទ​បាន​អះអាង​ថា ជីវិត​របស់​លោក Manafort «ពោរពេញ​ដោយ​ការ​កុហក‍»។

លោក​រដ្ឋអាជ្ញា Greg Andres បាន​និយាយ​ថា៖ «លោក Manafort កុហក​ដើម្បី​អាច​សល់​លុយ​ច្រើន​នៅ​ពេល​ដែល​លោក​មាន​លុយ​ទាំង​នោះ ហើយ​លោក​កុហក​ដើម្បី​បាន​លុយ​បន្ថែម​ទៀត​នៅ​ពេល​ដែល​លោក​គ្មាន​លុយ‍»។

ប៉ុន្តែ មេធាវី​ការពារ​ក្ដី​លោក Richard Westling បាន​ប្រាប់​ក្រុម​ប្រឹក្សា​តុលាការ​ថា តុលាការ​គួរតែ​ដោះលែង​លោក Manafort។ លោក Westling បាន​និយាយ​ថា រដ្ឋាភិបាល​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់​ថា​លោក Manafort «មាន​កំហុស​ដែល​មិន​អាច​ប្រកែក​បាន‍» នោះ​ទេ ដែល​នេះ​គឺ​ជា​ស្តង់ដារ​នៃ​ការ​ផ្ដន្ទាទោស​នៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​សហរដ្ឋ​អាមេរិក។

លោក Westling បាន​បន្ថែម​ថា ដោយសារតែ​ហេតុ​នេះ​ហើយ​បាន​ជា​ភាគី​ខាង​ចុង​ចោទ​សម្រេច​បញ្ចប់​រឿង​ក្ដី​នេះ ដោយ​មិន​ហៅ​សាក្សី​ណា​ម្នាក់​មក​ផ្ដល់​សក្ខី​កម្ម​នោះ​ទេ ដែល​ក្នុង​នោះ​មាន​ទាំង​ខ្លួន​លោក Manafort ផ្ទាល់​ផង​ដែរ៕

XS
SM
MD
LG