ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈវិនិច្ឆ័យ​សម្រេច​ថា លោក Trump មាន​ពិរុទ្ធភាព​លើ​បទចោទ​ព្រហ្មទណ្ឌ​ក្នុង​សំណុំ​រឿង​ប្រាក់​បំបិទ​មាត់


អតីតប្រធានាធីបតី​សហរដ្ឋអាមេរិកលោក Donald Trump ចាកចេញ​ពី​បន្ទប់​សវនាការ​ បន្ទាប់​ពី​គណៈវិនិច្ឆ័យ​សម្រេចថា​លោកមាន​ពិរុទ្ធភាព​លើ​បទចោទ​ព្រហ្មទណ្ឌ ៣៤ករណី​ នៅ​តុលាការ​ព្រហ្មទណ្ឌ Manhattan ក្នុង​ក្រុងញូវយ៉ក នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
អតីតប្រធានាធីបតី​សហរដ្ឋអាមេរិកលោក Donald Trump ចាកចេញ​ពី​បន្ទប់​សវនាការ​ បន្ទាប់​ពី​គណៈវិនិច្ឆ័យ​សម្រេចថា​លោកមាន​ពិរុទ្ធភាព​លើ​បទចោទ​ព្រហ្មទណ្ឌ ៣៤ករណី​ នៅ​តុលាការ​ព្រហ្មទណ្ឌ Manhattan ក្នុង​ក្រុងញូវយ៉ក នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

គណៈ​វិនិច្ឆ័យ​នៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​ប្រាក់បំបិទ​មាត់​របស់​លោក Donald Trump បាន​សម្រេចថា​ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកមាន​ពិរុទ្ធភាព​លើ​បទចោទ​ព្រហ្មទណ្ឌ​ទាំង ៣៤ ករណី​លើ​រូបលោក។ នេះ​បើ​យោងតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

គណៈ​វិនិច្ឆ័យបាន​ប្រកាស​សាលក្រម​នេះ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ ពីរ​ថ្ងៃ​បន្ទាប់​ពី​ការ​ធ្វើ​សារណាបិទ​បញ្ចប់​សំណុំរឿង​ដែល​បាន​ចំណាយពេល​ដល់ទៅ ៩ម៉ោង ៣០នាទី។

រដ្ឋអាជ្ញា​បាន​ចោទ​លោក Trump ពី​ការ​ក្លែងបន្លំ​ឯកសារ​ធ្វើ​ជំនួញ​ផ្ទៃក្នុង​ដើម្បី​លាក់បាំង​ការ​ចាយ​ប្រាក់​បំបិទមាត់​ ដែល​ពាក់ព័ន្ធ​នឹង​ផែនការ​ដែល​សង្ស័យ​ថា​ដើម្បី​បិទបាំង​រឿងរ៉ាវ​ដែល​អាចប៉ះពាល់​ដល់​ការ​ស្វែងរក​សំឡេង​គាំទ្រដើម្បី​តំណែង​ប្រធានាធិបតី​កាលពី​ឆ្នាំ​ ២០១៦។

លោក Trump បាន​បដិសេធ​ថា​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​នោះទេ ហើយ​បាន​ប្រកាស​ថា​លោក​មិនមាន​ពិរុទ្ធភាព​ចំពោះ​បទចោទ​ទាំង​ ៣៤ ករណី លើ​ការ​ក្លែង​បន្លំ​ឯកសារ​ធ្វើ​ជំនួញ​នោះឡើយ។ លោក Trump បាន​អង្គុយ​ធ្វើ​មុខ​ធ្មឹង​ដោយ​ភ្នែក​របស់​លោក​បាន​សម្លឹង​ចុះក្រោម នៅពេល​ដែល​សាលក្រម​ត្រូវបាន​ប្រកាស៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG