ព្រះចៅអធិរាជជប៉ុន Akihito នឹងដាក់រាជ្យជាព្រះចៅអធិរាជនៅថ្ងៃទី៣០ ខែមេសា ឆ្នាំនេះ។ នៅពេលព្រះអង្គទ្រង់សម្រេចព្រះរាជតម្រិះបែបនេះ វាជាលើកទី២ហើយក្នុងរយៈពេលជិតមួយសតវត្សរ៍ដែលប្រទេសជប៉ុនបានបើកទំព័ររជ្ជកាលថ្មីមួយទៀត។
ហើយចាប់ពីថ្ងៃទី១ ខែឧសភាតទៅ រជ្ជកាល Reiwa នឹងចាប់ផ្តើមឡើង។
ប្រទេសជប៉ុនគឺជាប្រទេសតែមួយគត់ក្នុងពិភពលោកដែលនៅបន្តប្រើប្រាស់ប្រព័ន្ធនាមរជ្ជកាលដែលមានប្រភពដើមពីប្រទេសចិន។
ក្នុងរជ្ជកាលព្រះចៅអធិរាជ Akihito នាពេលបច្ចុប្បន្ននេះ គេហៅឈ្មោះថា រជ្ជកាល «Heisei» ដែលមានន័យថា «សន្តិភាពមានគ្រប់ទិសទី» ឬ «ការសម្រេចបាននូវសន្តិភាព» ដែលរជ្ជកាលនេះមានរយៈពេល៣០ឆ្នាំហើយ និងបានជះឥទ្ធិពលលើជីវភាពប្រចាំថ្ងៃក្នុងប្រទេសជប៉ុន។
នៅពេលដែលរជ្ជកាល Heisei ជិតផុតបែបនេះ វាជំរុញទឹកចិត្តប្រជារាស្រ្តក្នុងប្រទេសទាំងមូលឲ្យនឹកគិតពីអ្វីៗដែលបានកើតមានក្នុងអំឡុង៣ទសវត្សរ៍កន្លងមកនេះ នឹងទន្ទឹងរង់ចាំអ្វីៗដែលនឹងកើតឡើងនាពេលអនាគត។
ឈ្មោះ (នាម)រជ្ជកាលថ្មីនេះ ត្រូវបានជ្រើសរើសដោយគណៈកម្មការចេញពីឈ្មោះនានាដែលផ្តល់ដោយក្រុមបញ្ញវន្ត។
នាមរជ្ជកាល Reiwa នេះយកលំនាំតាមរបៀបដាក់ឈ្មោះតាមបែបប្រពៃណី គឺពាក្យ Reiwa ផ្សំឡើងដោយអក្សរជប៉ុន (ឬអក្សរកាន់ជិ) ពីរតួរ ដែលជាអក្សរងាយអាន និងងាយសរសេរ ហើយមិនប្រើពាក្យពេចន៍សាមញ្ញទេ។
ពាក្យពីរព្យាង្គនេះមានន័យថា ក្រឹត្យក្រម បទបញ្ជា ឬការបញ្ជា និងសុខដុមរមនា សន្តិភាព និងសេចក្តីស្ងប់។
តាមរយៈការប្រកាសផ្សព្វផ្សាយព័ត៌មានកាលពីថ្ងៃចន្ទកន្លងទៅ លោកនាយករដ្ឋមន្រ្តី Shinzo Abe បានពន្យល់បកស្រាយពាក្យ Reiwa ដោយលោកថ្លែងថា វាមានន័យថា វប្បធម៌មួយដែលបង្កើត និងទ្រទ្រង់ដោយមនុស្ស«ដែលចេះគាំពារថែរក្សាគ្នាទៅវិញទៅមកបានយ៉ាងល្អ»។
លោក Abe ក៏បានបន្ថែមថា៖ «ជាមួយនឹងការជ្រើសរើសឈ្មោះរជ្ជកាលថ្មីនេះ ខ្ញុំសូមប្តេជ្ញាចិត្តសាជាថ្មីថា នឹងត្រួសត្រាយរជ្ជកាលថ្មីនេះឲ្យពោរពេញទៅដោយក្តីសង្ឃឹម»។
ពាក្យ Reiwa ជ្រើសចេញពីពាក្យរាយក្នុងកំណាព្យ Manyoshu ដែលជាកម្រងកំណាព្យជិត ៤.៥០០ កំណាព្យបុរាណជប៉ុនចងក្រងជា២០ក្បាលតាំងពីសតវត្សរ៍ទី៨មកម៉្លេះ។
នៅពេលប្រកាសផ្សព្វផ្សាយព័ត៌មានអំពីឈ្មោះរជ្ជកាលថ្មីនេះ រដ្ឋលេខាធិការនៃខុទ្ទកាល័យគណៈរដ្ឋមន្រ្តី លោក Yoshihide Suga បាននិយាយថា៖ «យើងសង្ឃឹមថា ឈ្មោះរាជកាលថ្មីនេះ ប្រជារាស្ត្រគ្រប់ទិសទីនឹងទទួលយក ហើយនិងចាក់ឫសគល់នៅក្នុងផ្នែកជីវិតរស់នៅរបស់ពួកគេ»។
ការប្រកាសផ្សព្វផ្សាយព័ត៌មានដែលបានធ្វើឡើងកាលពីដើខែមេសា គឺជាការប្រកាសផ្សព្វផ្សាយព័ត៌មានលើកទី២៤៨ ហើយនឹងត្រូវកត់ត្រាជាថ្ងៃចុងក្រោយក្នុងការពុះពារបស់ព្រះអង្គម្ចាស់រាជទាយាទស្នងរាជ្យ Naruhito មុនពេលទ្រង់ឡើងគ្រងរាជ្យ។
ព្រះអង្គម្ចាស់ Naruhito ទ្រង់ប្រសូត្រនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៦០ និងបានសិក្សានៅសាកលវិទ្យាល័យ Oxford រយៈពេល២ឆ្នាំ បន្ទាប់ពីព្រះអង្គបានបញ្ចប់ការសិក្សាជំនាញប្រវត្តិសាស្រ្តនៅប្រទេសជប៉ុន។
ព្រះចៅអធិរាជ Akihito ទ្រង់ឡើងសោយរាជ្យនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៨៩ បន្ទាប់ពីការសោយទិវង្គតនៃព្រះបិតាទ្រង់ គឺព្រះចៅអធិរាជ Hirohito ដែលមានបច្ចាមរណនាម (នាមក្រោយពេលសោយទិវង្គត) ថា ព្រះចៅអធិរាជ Showa៕
ប្រែសម្រួលដោយ កោះ សុគន្ធី