ដោយបារម្ភពីការកើនឡើងខ្លាំងនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដែលកំពុងធ្វើឲ្យអ្នកជំងឺកកកុញពេញមន្ទីរពេទ្យទូទាំងប្រទេសនោះ នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshidide Suga បានប្រកាសកាលពីថ្ងៃអង្គារថា មានតែអ្នកជំងឺកូវីដ១៩ធ្ងន់ធ្ងរឬអ្នកដែលមានហានិភ័យខ្ពស់ដែលអាចឈានដល់អាការ:ធ្ងន់ធ្ងរនឹងត្រូវបានអនុញ្ញាតឲ្យចូលសម្រាកព្យាបាល។
អ្នកដែលឆ្លងជំងឺកូវីដ១៩ផ្សេងទៀតត្រូវរស់នៅដាច់ដោយឡែកនៅក្នុងផ្ទះ ដើម្បីធ្វើឲ្យប្រាកដថា មានគ្រែគ្រប់គ្រាន់នៅក្នុងមន្ទីរពេទ្យ។
ជប៉ុនកំពុងបន្ថែមការឆ្លងថ្មីប្រមាណ១ម៉ឺនករណីក្នុងមួយថ្ងៃ ដែលបណ្តាលឲ្យប្រធានសមាគមសុខាភិបាលជប៉ុនកាលពីថ្ងៃអង្គារប្រកាសស្ថានភាពអាសន្នទូទំាងប្រទេស។
នៅក្នុងប្រទេសចិន អាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រជាជនដែលរស់នៅក្នុងទីក្រុង Wuhan ទាំងអស់នឹងត្រូវធ្វើតេស្តរកជំងឺកូវីដ១៩ បន្ទាប់ពីទីក្រុងនេះបានកត់ត្រាករណីឆ្លងក្នុងស្រុកលើកដំបូងក្នុងរយ:ពេលជាងមួយឆ្នាំមកនេះ។
វីរុសនេះត្រូវបានរកឃើញដំបូងនៅក្នុងទីក្រុង Wuhan ប្រទេសចិននៅចុងឆ្នាំ២០១៩ ហើយទីក្រុងដែលមានប្រជាជនរស់នៅជាង១១លាននាក់នេះ ត្រូវបានបិទយ៉ាងតឹងរ៉ឹងអស់រយ:ពេល៧៦ថ្ងៃចាប់ពីខែមករា ឆ្នំា២០២០។
ស្របពេលដែលប្រទេសជាច្រើនព្រួយបារម្ភអំពីការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មីដែលតា (Delta) មន្ត្រីសុខាភិបាលប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារបានរាយការណ៍ថា មានករណីឆ្លងវីរុសប្រភេទថ្មីមួយទៀតដែលគេហៅថា Delta Plus ចំនួនពីរករណី។
ចក្រភពអង់គ្លេស ព័រទុយហ្គាល់និងឥណ្ឌាស្ថិតក្នុងចំណោមប្រទេសដែលកាលពីពេលមុនបានរាយ ការណ៍ពីឆ្លងវីរុសបំប្លែងថ្មី Delta Plus តិចតួច៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press, AFP និង Reuters