លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe បានបញ្ជាឲ្យកងកម្លាំងយោធានិងមន្រ្តីស្តារគ្រោះមហន្តរាយបន្ថែមទៀតទៅកាន់កន្លែងដែលគ្រោះរញ្ជួយដីធំៗចំនួន២បានកើតឡើងរយៈពេល២ថ្ងៃនៅប៉ែកខាងត្បូងនៃប្រទេស។
មានសេចក្តីរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ចំនួន១៩នាក់បានស្លាប់នៅក្នុងការរញ្ជួយដីលើកទី២កាលពីព្រឹកថ្ងៃសៅរ៍នេះនៅក្បែរទីក្រុង Kumamoto។ ទីភ្នាក់ងារឧត្តុនិយមរបស់ជប៉ុនបានឲ្យដឹងថា ការរញ្ជួយដីលើកទី២នោះមានកម្រិត៧,០ បន្ទាប់មកមានការរញ្ជួយដីតូចមួយទៀតដែលមានកម្រិត៥,៤។
ក្រុមមន្រ្តីនិយាយថា តួលេខជនរងគ្រោះដែលបានស្លាប់នៅក្នុងគ្រោះមហន្តរាយនេះអាចនឹងកើនឡើង ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្ត។
គ្រោះមហន្តរាយនេះបានបណ្តាលឲ្យមានការបាក់ដីនៅកោះ Kyushu ដែលបានធ្វើឲ្យលំនៅដ្ឋានមួយចំនួនបាក់ស្រុតចុះ ហើយក៏បានកាត់ផ្តាច់មហាវិថីមួយផងដែរ។ ស្ពានសំខាន់មួយដែលតភ្ជាប់ទៅភូមិ Minamiaso ត្រូវបានបំផ្លាញ ដែលអាចធ្វើឲ្យមានការលំបាកដល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយដល់តំបន់ដែលបានរងផលប៉ះពាល់ខ្លាំងបំផុតពីការរញ្ជួយដី។
ទីសក្ការៈបូជា Aso ដែលមានអាយុជាង១៧០០ឆ្នាំ ត្រូវបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ អាគារមួយចំនួនព្រមទាំងក្លោងទ្វារមួយដែលគេហៅថា «ក្លោងទ្វារផ្កាសាគូរ៉ា» បានដួលរលំទាំងស្រុង។
ភ្នំភ្លើងមួយនៅក្នុងតំបន់នេះក៏បានផ្ទុះឡើងជាលើកដំបូងបង្អស់ក្នុងរយៈពេលមួយខែនេះ។ គេនៅមិនទាន់ច្បាស់នៅឡើយទេ ថាការផ្ទុះភ្នំភ្លើងនេះមានជាប់ពាក់ព័ន្ធនឹងការរញ្ជួយដីនេះឬយ៉ាងណា។
មានមនុស្សចំនួនយ៉ាងហោចណាស់១០នាក់បានស្លាប់នៅក្នុងការរញ្ជួយដីលើកទី១នៅក្នុងតំបន់ដដែលនេះដែលបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍៕