ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​សម រង្ស៊ី ​ស្នើ​លោក​ ហ៊ុន សែន​ ឲ្យពន្យារ​ពេលការ​បោះឆ្នោត​ដើម្បី​បញ្ចៀស​ហិង្សា


ក្នុង​វីដេអូ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​​របស់​លោក លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​ពន្យល់​អំពី​មូលហេតុ​នៃ​ការ​បង្កើត​«ចលនា​សង្គ្រោះ​ជាតិ‍» ក្នុង​សុន្ទរកថា​មួយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​វត្ត​ខ្មែរ Brooklyn ក្នុង​បុរី​ញូវយ៉ក។ (ទំព័រ​ហ្វេសប៊ុក Sam Rainsy)
ក្នុង​វីដេអូ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​​របស់​លោក លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​ពន្យល់​អំពី​មូលហេតុ​នៃ​ការ​បង្កើត​«ចលនា​សង្គ្រោះ​ជាតិ‍» ក្នុង​សុន្ទរកថា​មួយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​វត្ត​ខ្មែរ Brooklyn ក្នុង​បុរី​ញូវយ៉ក។ (ទំព័រ​ហ្វេសប៊ុក Sam Rainsy)

ការ​ស្នើ​របស់​លោក​តាម Twitter នេះ កើត​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​​ក្រោយ​​​លោក​ និង​អតីត​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​បាន​បង្កើត​ចលនា​សង្គ្រោះជាតិ​មួយ​នៅ​ក្រៅ​ប្រទេស​ ដែល​មន្ត្រី​បក្ស​កាន់​អំណាច​ចាត់​ទុក​ថា ជា​ចលនា​ឧទ្ទាម​ បើ​គ្មាន​ច្បាប់​ត្រឹមត្រូវ។

អតីត​មេដឹកនាំ​ក្រុម​ជំទាស់ ​គឺ​លោក សម រង្ស៊ី បាន​ស្នើសុំ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពន្យារ​ពេលការ​បោះឆ្នោត ដើម្បី​បញ្ចៀស​ទាំង​អំពើ​ហិង្សា​និង​បញ្ចៀស​ការ​ដាក់​កម្ពុជា​ឲ្យ​ក្លាយ​ជា​ប្រទេស​ឯកោ។ នេះ​បើ​តាម​សារ​មួយ​ដែល​លោក​ សម រង្ស៊ី បង្ហោះ​តាម​ប្រព័ន្ធ​សង្គម Twitter នៅ​ថ្ងៃ​នេះ។

រដ្ឋាភិបាល​លោក ហ៊ុន សែន រង​ការ​រិះគន់​ជា​អន្តរជាតិ​ដោយសារ​ការ​បង្ក្រាប​ក្រុម​ជំទាស់​ ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​រឹតត្បិត​សង្គមស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ ដែល​ធ្វើ​ឲ្យ​មាន​ទណ្ឌកម្ម​និង​ការ​ព្រមាន​ពី​អន្តរជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​ការ​បោះឆ្នោត បើ​គ្មាន​ក្រុម​ជំទាស់​ចូលរួម​ និង​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ត្រឹមត្រូវ​ទេ។ ប៉ុន្តែ​ដោយសារ​ការ​មិន​ខ្វល់​នឹង​សម្ពាធ​អន្តរជាតិ លោក​ ហ៊ុន សែន បាន​កំណត់​យក​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០១៨ ជា​ថ្ងៃ​បោះឆ្នោត​ជាតិ​ជ្រើសរើស​តំណាងរាស្ត្រ។

នៅ​ក្នុង​សារតាម Twitter នោះ ​លោក សម រង្ស៊ី បាន​សរសេរ​ថា៖

«ខ្ញុំ​ដាក់​សំណើ​ទៅ​លោក ហ៊ុន សែន ថា​ ចូរ​ពន្យារ​ពេល​បោះឆ្នោត​ជាតិ​ខាង​មុខ​ រហូត​ទាល់តែ​យើង​ទាំង​អស់​គ្នា​មាន​ការ​ធានា​ថា ការ​បោះឆ្នោត​ខាង​មុខ​ទាំង​នោះ​អាច​មាន​ស្តង់ដា​អន្តរជាតិ​ជា​អប្បបរមា។ ការណ៍​នេះ​ នឹង​បញ្ចៀស​ទាំង​អំពើ​ហិង្សា​និង​បញ្ចៀស​ការ​ដាក់​កម្ពុជា​ឲ្យ​ក្លាយ​ជា​ប្រទេស​ឯកោ»។

លោក​ សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ក្រោយ​ពី​មាន​ការ​ជាប់​បណ្តឹង​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​បន្ទាប់​ពី​គណបក្ស​លោក បាន​កើន​ការ​គាំទ្រ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ខ្លាំង​មិន​ធ្លាប់​មាន​ពី​មុន។ លោក​ទើប​បាន​បង្កើត​ចលនា​សង្គ្រោះជាតិ​មួយ​នៅ​ក្រៅ​ប្រទេស​ ដែល​មន្ត្រី​បក្ស​កាន់​អំណាច​ចាត់​ទុក​ថា ជា​ចលនា​ឧទ្ទាម​ បើ​គ្មាន​ច្បាប់​ត្រឹមត្រូវ៕

XS
SM
MD
LG