លោក James Ricketson ផលិតករភាពយន្តឯកសារសញ្ជាតិអូស្ត្រាលី ដែលត្រូវបានតុលាការចោទប្រកាន់ពីបទ«ចារកម្ម» បានអំពាវនាវឲ្យរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គោរពសេរីភាពបញ្ចេញមតិនៅកម្ពុជា។
ការអំពាវនាវរបស់អ្នកផលិតភាពយន្តឯកសារវ័យ៦៨ឆ្នាំនេះធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទ ពេលដែលលោកត្រូវបាននាំខ្លួនមកសួរចម្លើយសារជាថ្មីនៅសាលាដំបូងរាជធានីភ្នំពេញ។
ខណៈត្រូវបានសមត្ថកិច្ចបណ្តើរចេញពីបន្ទប់ដាក់ជនជាប់ចោទ សំដៅទៅកាន់បន្ទប់សួរចម្លើយ លោក James Ricketson ថ្លែងប្រាប់ VOA ថា ចៅក្រមមិនមានភ័ស្តុតាងដាក់បន្ទុកលើលោកនោះទេ។ លោកបន្ថែម ទាំងដៃឱបឯកសារពីរដុំធំៗ ថា លោកមិនបានប្រព្រឹត្តកំហុសនោះទេ និងថា ទង្វើដែលលោកបានធ្វើកន្លងមកគឺជាការបង្ហាញពីសេរីភាពនៃការបញ្ចេញមតិប៉ុណ្ណោះ។
ខណៈកំពុងដើរឡើងជណ្តើរពីជាន់ទី១ទៅជាន់ទី៥នៃសាលាដំបូងរាជធានីភ្នំពេញ លោកបានបន្ថែមក្នុងន័យដើមជាភាសាអង់គ្លេស និងត្រូវបានសម្រួលជាភាសាខ្មែរថា៖
«ខ្ញុំអំពាវនាវឲ្យរដ្ឋាភិបាល និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គោរពសេរីភាពនៃការបញ្ចេញមតិ»។
ការឃុំខ្លួន និងការចាប់ខ្លួនលោក Ricketson ធ្វើឡើងបន្ទាប់ពីអ្នកផលិតវីដេអូឯកសារជនជាតិអូស្ត្រាលីរូបនេះ បានប្រើម៉ាស៊ីនដ្រូន (drone) ថតយករូបភាពការប្រមូលផ្តុំរបស់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលបានហែក្បួនឃោសនាគណបក្សពីវត្តចាស់តាមស្ពានឆ្លងទន្លេមកកណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២មិថុនា ឆ្នាំ២០១៧។
លោក Ricketson ត្រូវបានតុលាការរាជធានីភ្នំពេញចោទថា បានប្រមូលព័ត៌មានឲ្យគណបក្សសង្គ្រោះជាតិ និងរដ្ឋបរទេស និងសម្រេចដាក់ឲ្យលោកជាប់ឃុំបណ្ដោះអាសន្នក្នុងពន្ធនាគារប្រមាណជាជាង៧ខែមកហើយ គិតចាប់តាំងពីការចាប់ឃុំខ្លួនលោកកាលពីខែមិថុនា ឆ្នាំ២០១៧។ រហូតមកដល់ពេលនេះ តុលាការនៅបន្តការស៊ើបសួរលើសំណុំរឿងរបស់លោកជាបន្តបន្ទាប់ ក្រោយពីតុលាការគ្រប់ជាន់ថ្នាក់បានច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់លោក កាលពីពេលកន្លងមក។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានប្រាប់ VOA ថា ការបង្ហោះឧបករណ៍ដ្រូនដោយគ្មានការអនុញ្ញាតគឺជាអំពើខុសច្បាប់។ លោកបន្ថែមថា ករណីរបស់លោក James Ricketson គឺត្រូវសម្រេចលើតុលាការ និងថា រដ្ឋាភិបាលមានច្បាប់ត្រឹមត្រូវក្នុងការអនុវត្តលើសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។
លោកមានប្រសាសន៍ថា៖
«យើងមានច្បាប់ត្រឹមត្រូវ ហើយយើងឃើញថា នៅប្រទេសដទៃទៀតក៏គេចាត់វិធានការទៅលើការបង្ហោះដ្រូនដោយគ្មានការអនុញ្ញាត ហើយនៅប្រទេសដទៃទៀតហ្នឹងក៏គេរឹតត្បិតនូវការបញ្ចេញមតិណាដែលវាមិនឆ្លើយតបនឹងច្បាប់ ដូចជាការវាយប្រហារ ការប្រមាថ ការប្រឌិត។ អាហ្នឹងមិនមែនជាសេរីភាពនៃការបញ្ចេញមតិទេ»។
ក្រៅពីជាផលិតករវីដេអូឯកសារ លោក Ricketson ក៏ជាអ្នកសារព័ត៌មានមួយក្នុងចំណោមបីរូបដែលកំពុងជាប់ឃុំឃាំងក្រោមការចោទពីបទ«ចារកម្ម»ឲ្យរដ្ឋបរទេស ចំពោះការងារអាជីពជាអ្នកសារព័ត៌មាន ដែលប្រឈមនឹងទោសទណ្ឌដល់ទៅ១០ឆ្នាំក្នុងពន្ធនាគារ។ អ្នកសារព័ត៌មានពីររូបផ្សេងទៀតគឺលោក អួន ឈិន និងលោក យាង សុជាមេត្តា ដែលជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរីនៅកម្ពុជា។
ការវាយប្រហារលើក្រុមសារព័ត៌មានឯករាជ្យ និងអ្នកសារព័ត៌មាននៅកម្ពុជាបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការការពារអ្នកសារព័ត៌មាន និងអង្គការអន្តរជាតិនានា។ ពួកគេហៅការវាយប្រហារនេះថា ជា«មហន្តរាយ»ដល់សារព័ត៌មានឯករាជ្យនៅកម្ពុជា៕