វិទ្យាស្ថាន National Order of Architects នៃប្រទេសកូតឌីវ័រ (Ivory Coast) បានបើកសម្ភោធសាលាស្ថាបត្យកម្មជំនាញលើកដំបូងដែលនេះមានន័យថា សិស្សពុំចាំបាច់ទៅរៀនជំនាញនេះនៅក្រៅប្រទេសទៀតនោះទេ។ ក្រៅពីការរចនា និងទ្រឹស្ដី សាស្រ្តាចារ្យចង់ឲ្យស្ថាបត្យករជំនាន់ថ្មីរបស់កូតឌីវ័រមានការយល់ដឹងអំពី តម្រូវការខាងអគារ និងបេតិកភណ្ឌនៃប្រទេសរបស់ខ្លួន។
សិស្សម្នាក់នៅសាលាស្ថាបត្យកម្មក្រុង Abidjan យកចម្រៀកឬស្សីទៅដាក់បន្ថែមក្នុងគម្រោងសិក្ខាសាលាចុងក្រោយរបស់គាត់ ដែលគម្រោងសាងសង់តៀមតែបែបជប៉ុន។
កិច្ចការនេះមានគោលបំណងឲ្យសិស្សស្គាល់គ្រឿងសម្ភារៈសំណង់ក្នុងស្រុក។
មនសិស្សចំនួន១៩នាក់ចុះឈ្មោះចូលរៀនថ្នាក់បើកដំបូងនៃសាលាស្ថាបត្យកម្មនេះ កាលពីខែធ្នូកន្លងទៅ។ ពួកគេនឹងចំណាយពេលចំនួន៦ឆ្នាំរៀនមុខវិជ្ជានេះ។ ហើយពួកគេត្រូវចុះហាត់ការនៅកន្លែងមួយចំនួន និងធ្វើសារណាមុននឹងបញ្ចប់ថ្នាក់សិក្សា។
ស្ថាបនិករបស់សាលានេះនិយាយថា វាគួរតែដល់ពេលហើយដែលប្រទេសកូតឌីវ័រគួរតែមានសាលាស្ថាបត្យកម្មជំនាញមួយដោយខ្លួនឯង។ មកទល់ពេលនេះ មានសិស្សជាច្រើនដែលមានបំណងចង់ក្លាយជាស្ថាបត្យករបានជ្រើសរើសទៅរៀននៅប្រទេសបារាំង ឬសហរដ្ឋអាមេរិក។
លោក Francis Sossah គឺជាស្ថាបត្យករដ៏ល្បីម្នាក់ក្នុងចំណោមស្ថាបត្យករល្បីៗនៅប្រទេសកូតឌីវ័រ និងជាសាស្រ្តាចារ្យនៅសាលាស្ថាបត្យកម្មនេះដែរ។ លោកបានប៉ាន់ស្មានថា មានស្ថាបត្យករប្រហែល១០០នាក់ប៉ុណ្ណោះទទួលបានការបណ្តុះបណ្តាលជំនាញនៅប្រទេសនេះ ដែលជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅក្នុងពិភពលោក។
លោកនិយាយថា សម្រាប់ប្រទេសដែលមានប្រជាជនចំនួន២៥លាននាក់មួយនេះ យើងមិនមានសូម្បីតែចំនួនស្ថាបត្យករស្មើទៅនឹងស្រុកទី១៤ នៅទីក្រុងប៉ារីសមួយផង ឬក៏ទីក្រុង Toulouse ដែលជាទីក្រុងដ៏តូចមួយនៅប្រទេសបារាំង។ លោកនិយាយវាពិបាកណាស់ ពីព្រោះយើងឃើញថាបច្ចុប្បន្នមានគម្រោងសាងសង់ច្រើននៅតំបន់ជាយក្រុងដូចជាមន្ទីរពេទ្យ សកលវិទ្យាល័យ សាលារៀន និងការិយាល័យធ្វើការជាដើម។ស្ថាបត្យករជំនាញតម្រូវឲ្យដឹកនាំគម្រោងទាំងនេះ។
នៅដំណាក់កាលដំបូងនៃការបណ្តុះបណ្តាល សិស្សរបស់លោក Sossah ចំណាយពេលយ៉ាងច្រើនគិតអំពីកេរតំណែលស្ថាបត្យកម្មនៃប្រទេសកូតឌីវ័រ។ ពួកគេបានធ្វើទស្សនកិច្ចសិក្សានៅអគារនានានៅទីក្រុងឆ្នេរ Grand-Bassam និងទីក្រុង Kong ដែលជាទីក្រុងនៅភាគឦសាននៃប្រទេស។
និស្សិតម្នាក់ឈ្មោះ Georges Brou និយាយថាដំណើរទស្សនកិច្ចទៅទីក្រុង Kong បានធ្វើឲ្យយល់អំពីកេរតំណែលរបស់ពួកគេ ដែលជាស្ថាបត្យកម្មធ្វើឡើងពីដី ហើយព្រះវិហារសាសនាឥស្លាមធ្វើពីដី។ គាត់បាននិយាយថា នេះគឺជាកេរដំណែលរបស់យើង ហើយយើងចាំបាច់ត្រូវអភិរក្សកេរដំណែលទាំងនេះ។ យើងចង់រៀនអំពីអគារទាំងនេះ ហេតុអ្វីក៏យើងមិនសាងសង់អគារបែបនេះទៀត។ ពីព្រោះគាត់និយាយថា អគារដែលស្អាតជាងគេគឺជាអគារដែលកសាងពីគំនិតសាមញ្ញបំផុត ហើយយើងមិនឃើញមានអគារបែបនោះទៀតទេ។
មានសិស្សជាច្រើនទៀតកំពុងខិតខំបង្កើតស្នាដៃរបស់គេនៅ Abidjan ដែលជារដ្ឋធានីសេដ្ឋកិច្ចទំនើបរបស់ប្រទេសកូតឌីវ័រ និងជាមជ្ឃមណ្ឌលប្រចាំតំបន់ដែលមានអ្នកតាំងទីលំនៅចំនួន៤លាននាក់។
នាង Marie-Danielle Kangah និយាយថា នាងសង្ឃឹមថានឹងសាងសង់ផ្ទះដែលមានគុណភាពខ្ពស់សម្រាប់ប្រជាពលរដ្ឋក្រីក្រដែលបច្ចុប្បន្នកំពុងរស់នៅក្នុងតំបន់ជាយក្រុងអនាធិបតេយ្យ។
នាងបាននិយាយថាមិនមានច្បាប់អ្វីនោះទេ។ គេអាចសាងសង់តាមតែគេចង់ នៅពេលដែលគេចង់សាងសង់ និងនៅកន្លែងដែលគែចង់សង់។ មានស្ថាបត្យករច្រើនប៉ុន្តែពួកគេមិនបានផ្តោតការយកចិត្តទុកដាក់លើចំនួនប្រជាជនទាំងអស់ទេ។ ហើយនាងនិយាយថាពួកគេធ្វើការឲ្យតែបុគ្គលប៉ុណ្ណោះ។ ដូច្នេះប្រសិនបើមានស្ថាបត្យករកូតឌីវ័រដែលដឹងពីធាតុពិតនៃប្រទេសយើងនោះ យើងដែលជាស្ថាបត្យករជំនាន់ថ្មីអាចព្យាយាមដោះស្រាយបញ្ហាទាំងនេះបាន។
សាលាស្ថាបត្យកម្ម Abidjan មានតម្លៃថ្លៃជាងសាលាឯកជនដទៃទៀតនៅក្នុងប្រទេស។ថ្លៃសិក្សាប្រចាំឆ្នាំនៅសាលានេះអាចមានចំនួនចាប់ពី៨ពាន់ដុល្លារ។ សាលានេះសង្ឃឹមថា នឹងផ្ដល់អាហាររូបករណ៍នៅពេលអនាគត។
ប្រែសម្រួលដោយឡេង ឡែន