ការកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងអតីតប្រធានាធិតបីប្រទេសកូតឌីវ័រ (Ivory Coast) គឺលោក ឡូរិន បេកបូ (Laurent Gbagbo) បានចាប់ផ្តើមហើយ នៅថ្ងៃព្រហស្បតិ៍នេះ នៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ។
លោក បេកបូ ដែលជាអតីតប្រមុខរដ្ឋដំបូងគេដែលត្រូវបានជំនុំជម្រះទោសនៅឯតុលការក្នុងទីក្រុងឡាអេ ប្រទេសហូឡង់នោះ កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិផ្សេងៗ រួមទាំងការរំលោភសេពសន្ថវៈ និងអំពើមនុស្សឃាតផងដែរ។
បទឧក្រិដ្ឋទាំងនេះ ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តនៅក្នុងពេលមានជម្លោះរយៈពេល៤ខែ ក្នុងឆ្នាំ២០១០ ក្នុងប្រទេសកូតឌីវ័រនោះ ដែលបានធ្វើឲ្យមនុស្ស៣ពាន់នាក់ស្លាប់។ ក្រុមរដ្ឋអាជ្ញានិយាយថា លោក បេកបូ ដែលមានអាយុ៧០ឆ្នាំរូបនេះ បានធ្វើសង្គ្រាម ដើម្បីនៅក្រាញអំណាច ទោះបីជាលោកបានចាញ់ការបោះឆ្នោតប្រធានាធិបតីទៅហើយ។ គូប្រជែងដ៏ស្វិតស្វាញរបស់លោកគឺ លោក អាឡាសាន អូតារ៉ា (Alassane Ouattara) បានឈ្នះការបោះឆ្នោតប្រធានាធិបតីនោះ។
ទីបំផុត ជម្លោះក៏បានបញ្ចប់ ក្រោយពីប្រទេសបារាំង ដែលធ្លាប់ធ្វើអាណានិគមលើប្រទេសកូតឌីវ័រនេះ បានបញ្ជូនកងទ័ពចូលក្នុងប្រទេសនេះ ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ ហើយចាប់ខ្លួន លោក បេកបូ ដែលបានជាប់នៅក្នុងវិមានប្រធានាធិបតីក្នុងអំឡុងពេលធ្វើសង្គ្រាម៤ខែ៕