ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​អ៊ីស្រាអែល​និយាយ​ថា​កងទ័ព​បាន​ធ្វើ​កិច្ចប្រតិបត្តិការ​ថ្មើរ​ជើង​នៅ​ក្នុង​តំបន់ហ្កាហ្សា


រូបភាព​ពីវីដេអូឯកសារដែលចេញផ្សាយដោយកងទ័ពអ៊ីស្រាអែលកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បង្ហាញពី «ការវាយឆ្មក់គោលដៅ» នៅភាគខាងជើងហ្កាហ្សាដោយនឹងរថក្រោះ និងថ្មើរជើង។
រូបភាព​ពីវីដេអូឯកសារដែលចេញផ្សាយដោយកងទ័ពអ៊ីស្រាអែលកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បង្ហាញពី «ការវាយឆ្មក់គោលដៅ» នៅភាគខាងជើងហ្កាហ្សាដោយនឹងរថក្រោះ និងថ្មើរជើង។

យោធា​អ៊ីស្រាអែល​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ខ្លួន​បាន​ធ្វើ​កិច្ចប្រតិបត្តិការ​ថ្មើរ​ជើង​នៅ​ក្នុង​តំបន់ ហ្កាហ្សា​ជា​ទីកន្លែង​ដែល​អស់​រយៈពេល​ជិត៣សប្តាហ៍ដែល​កងទ័ព​អ៊ីស្រាអែល​បាន​ធ្វើ​ការវាយ​ប្រហារ​តាម​អាកាស​ដែល​ដៅ​លើ​ពួក​សកម្ម​ប្រយុទ្ធ​ហាម៉ាស់។

កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​និយាយ​ថា​រថក្រោះ​និង​ទាហាន​ថ្មើរជើង​របស់​ខ្លួន​«បាន​វាយ​ប្រហារ​ក្រុម​តូចៗ​របស់​ភេរវជន​ជា​ច្រើន ​ហេដ្ឋារចនា​សម្ព័ន្ធ​និង​ទីកន្លែង​បាញ់​មីស៊ីល​ប្រឆាំង​នឹង​រថក្រោះ»​មុន​ពេល​វិលត្រឡប់​មក​កាន់​ទឹកដី​អ៊ីស្រាអែល​វិញ។

កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែលបាន​និយាយ​ថា​កិច្ចប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​ដើម្បី​ប្រុងប្រៀប​«សម្រាប់​ដំណាក់ការ​នៃ​ការប្រយុទ្ធ​បន្ទាប់»។

ពួក​មន្ត្រី​អ៊ីស្រាអែល​បាន​សន្យា​ធ្វើ​ឱ្យ​ប្រាកដ​ថា​ពួក​ហាម៉ាស់​លែង​អាច​ធ្វើការ​វាយ​ប្រហារ​ដែល​គំរាម​កំហែង​អ៊ីស្រាអែល​តទៅ​ទៀត​បន្ទាប់ពី​ការវាយ​ប្រហារ​ថ្ងៃ​ទី៧ ​ខែតុលា​ដោយ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ដែល​បាន​សម្លាប់​មនុស្ស​ប្រហែល១.៤០០​នាក់។

យោធា​អ៊ីស្រាអែល​បាន​កោះហៅ​ទាហាន​បម្រុង៣០០.០០០​នាក់​ហើយ​បាន​ដាក់​កងទ័ព​នៅ​ជិត​ព្រំដែន​តំបន់​ហ្កាហ្សា​មុនពេល​នៃ​ការវាយ​ប្រហារ​ថ្មើ​ជើង​តាម​ការរំពឹង​ទុក។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahuបាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ផ្សាយ​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​អ៊ីស្រាអែល​បាន​«ប្រុងប្រៀប​ការវាយ​ប្រហារ​ថ្មើរ​ជើង។ ខ្ញុំ​នឹង​មិន​បរិយាយ​ថា​នៅពេល​ណា ​តើ​ប៉ុន្មាន​ដង​នោះ​ទេ»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Bidenបាន​សម្តែង​ការគាំទ្រ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ចំពោះ​អ្វី​ដែល​ឥឡូវ​នេះ​ហាក់​ដូចជា​ស្ថិត​នៅ​ឆ្ងាយពី​គោលដៅ​ដែល​សហរដ្ឋ​អាមេរិក​ប៉ងប្រាថ្នា​ស្វះស្វែង​រក​ជា​យូរ​មកហើយសម្រាប់​រដ្ឋ​ដាច់​ដោយ​ពី​គ្នា​និង​ស្វ័យភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។

លោក​ប្រធានាធិបតី Bidenបាន​មាន​ប្រសាសន៍​នៅឯ​សន្និសីទ​កាសែត​នៅ​សេតវិមាន​ថា៖​«សេចក្តី​ប្រាថ្នា​របស់​ជនជាតិ​ប៉ាឡេស្ទីន​មិន​អាច​ត្រូវ​ព្រងើយ​កន្តើយ​នោះ​ទេ។ អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​សក្តិសម​រស់​នៅ​ស្មើភាព​គ្នា ប្រកៀក​ស្មា​គ្នា​ក្នុង​សុវត្ថិភាព សេចក្តី​ថ្លៃថ្នូ​និង​សន្តិភាព»៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters

XS
SM
MD
LG