រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជួបពិភាក្សាជាមួយប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sissi នៅថ្ងៃព្រហស្បតិ៍នេះ នៅចំពេលដែលមានកិច្ចប្រឹងប្រែងបង្ការកុំឱ្យសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) នៅក្នុងតំបន់ហ្កាហ្សា (Gaza) រីករាលដាលនិងកិច្ចប្រឹងប្រែងធ្វើយ៉ាងណាឱ្យមានការដោះលែងចំណាប់ខ្មាំងនៅសេសសល់ដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់ចាប់ឃុំនៅក្នុងតំបន់ហ្កាហ្សា។
ប្រទេសអេហ្ស៊ីបបានដើរតួនាទីសំខាន់នៅក្នុងការសម្របសម្រួលឱ្យមានកិច្ចឈប់បាញ់គ្នាដំបូង ដែលកិច្ចឈប់បាញ់គ្នានោះតម្រូវឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងជាង ១០០នាក់ ហើយអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន ២៤០ នាក់។
លោកនាយឧត្តមសេនីយ៍ចូលនិវត្តន៍ Kenneth «Frank» McKenzie ដែលជាអតីតមេបញ្ជាការនៃបញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ានិងអាស៊ីកណ្ដាល បានបង្ហាញទុទ្ទិដ្ឋិនិយមក្នុងអំឡុងព្រឹត្តិការណ៍អនឡាញមួយ កាលពីថ្ងៃពុធ។
ការពិភាក្សារវាងលោក Blinken និងលោក Sissi នៅក្នុងទីក្រុងគែរ នៅថ្ងៃព្រហស្បតិ៍នេះធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីលោក Blinken បានជួបជាមួយនឹងប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក Mahmoud Abbas នៅក្នុងតំបន់ West Bank ហើយលោក Abbas បានរៀបចំការពិភាក្សាជាបន្តបន្ទាប់ក្រោយមកជាមួយនឹងលោក Sissi និងព្រះមហាក្សត្រ Abdullah ទីពីរនៃប្រទេសហ្ស៊កដានី។
មេដឹកនាំប្រទេសហ្ស៊កដានី អេហ្ស៊ីប និងប៉ាឡេស្ទីនបានចេញសេចក្ដីថ្លែងការណ៍រួមអំពាវនាវឱ្យសហគមន៍អន្តរជាតិរក្សាសម្ពាធឱ្យមានកិច្ចឈប់បាញ់គ្នាជាបន្ទាន់ នៅក្នុងតំបន់ហ្កាហ្សានិងឱ្យមានការការពារជនស៊ីវិលប៉ាឡេស្ទីន។
មេដឹកនាំទាំង ៣ រូប ក៏បានលើកឡើងផងដែរអំពីតម្រូវការនៅក្នុងការឱ្យជនជាតិប៉ាឡេស្ទីនដែលភៀសខ្លួនពីផ្ទះសម្បែងអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ នៅក្នុងតំបន់ហ្កាហ្សា។ ជាងនេះទៀត មេដឹកនាំទាំង ៣ រូប បានប្រឆាំងនឹងការប៉ុនប៉ងណាមួយរបស់អ៊ីស្រាអែលនៅក្នុងការត្រួតត្រាឡើងវិញលើផ្នែកនានានៃដែនដីប៉ាឡេស្ទីននៅក្រោយសង្គ្រាម។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយក្នុងអំឡុងសុន្ទរកថាតាមទូរទស្សន៍កាលពីយប់ថ្ងៃពុធថា អ៊ីស្រាអែល «គ្មានបំណងត្រួតត្រាជាអចិន្ត្រៃយ៍លើតំបន់ហ្កាហ្សា ឬក៏ធ្វើឱ្យជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សាភៀសខ្លួនពីផ្ទះសម្បែងនោះទេ»។
ពួកចៅក្រមនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិបានចាប់ផ្តើមសវនាការរយៈពេល ២ ថ្ងៃនៅថ្ងៃព្រហ្រហស្បតិ៍នេះ នៅក្នុងរឿងក្តីដែលបានប្តឹងដោយប្រទេសអាហ្វ្រិកខាងត្បូងដែលបានចោទប្រកាន់អ៊ីស្រាអែលពីការប្រព្រឹត្តិអំពើប្រល័យពូជសាសន៍នៅក្នុងសង្គ្រាមរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា។
ប្រទេសអាហ្វ្រិកខាងត្បូងកំពុងសុំតុលាការទាមទារឱ្យផ្អាកជាបន្ទាន់នូវយុទ្ធនាការរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា ជាទីកន្លែងដែលអ៊ីស្រាអែលនិយាយថាខ្លួនកំពុងស្វះស្វែងដើម្បីបំបាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅក្នុងការឆ្លើយតបដល់ការវាយប្រហារភេរវកម្មថ្ងៃទី ៧ ខែតុលា នៅតំបន់ខាងត្បូងអ៊ីស្រាអែល។
បណ្តឹងជាលាយលក្ខណ៍អក្សរមកពីប្រទេសអាហ្វ្រិកខាងត្បូងបានបញ្ជាក់ថា ខ្លួនចង់ឱ្យតុលាការធ្វើឱ្យអ៊ីស្រាអែលទទួលខុសត្រូវចំពោះការរំលោភសន្ធិសញ្ញាប្រល័យពូជ សាសន៍ ហើយនឹងធ្វើឱ្យប្រាកដពីភាពចាំបាច់និងលទ្ធភាពនៃការការពារឱ្យបានពេញ លេញដល់ពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាដែលនៅមានហានិភ័យយ៉ាងខ្លាំងនិងជាបន្ទាន់នៃការបន្តនិងបង្កើនសកម្មភាពនៃអំពើប្រល័យពូជសាសន៍។
អ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់នោះថាគ្មានហេតុផលត្រឹមត្រូវ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីយប់ថ្ងៃពុធថា កងទ័ពអ៊ីស្រាអែលកំពុងធ្វើអ្វីទាំងអស់ដែលពួកគេអាចដើម្បីកាត់បន្ថយគ្រោះថ្នាក់ជនស៊ីវិលឱ្យនៅតិច ហើយលោកបានចោទប្រកាន់ពួកជនសកម្មប្រយុទ្ធហាម៉ាស់ពីការប្រើប្រាស់ជនស៊ីវិលមកធ្វើជាខែល។
សហរដ្ឋអាមេរិកដែលបានជំរុញឱ្យអ៊ីស្រាអែលធ្វើឱ្យបានច្រើនថែមទៀតដើម្បីការពារជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សា ខណៈដែលគាំទ្រយុទ្ធនាការរបស់អ៊ីស្រាអែលដែរនោះ ក៏បានច្រានចោលការចោទប្រកាន់របស់ប្រទេសអាហ្វ្រិកខាងត្បូងដែរ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កាលពីថ្ងៃអង្គារ បានបដិសេធរឿងក្តីនោះថា «គ្មានអង្គហេតុត្រឹមត្រូវ»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters, AFP និង AP។
វេទិកាបញ្ចេញមតិ