ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលនិយាយថា ត្រូវប្រើពេលច្រើនខែក្នុងការយកឈ្នះទៅលើក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា


រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant ថ្លែងនៅក្នុងពិធីបុណ្យសពរបស់ទាហានអ៊ីស្រាអែល នៅក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant ថ្លែងនៅក្នុងពិធីបុណ្យសពរបស់ទាហានអ៊ីស្រាអែល នៅក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Yoav Gallant ​កាលពី​ថ្ងៃព្រហស្បតិ៍​ បាន​ប្រាប់​ទីប្រឹក្សា​សន្តិសុខ​ជាតិសេតវិមានលោក​ Jake Sullivan ​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​អ៊ីស្រាអែល​ថា​ កងទ័ព​អ៊ីស្រាអែល​ត្រូវប្រើ​ពេល​ជា​ច្រើន​ខែ​ ដើម្បីយក​ឈ្នះ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​នៅក្នុង​តំបន់​ហ្កាហ្សា។​ ​ ​ ​

លោក​ Gallant ​បាន​និយាយ​ថា​ ក្រុម​ហាម៉ាស់​ ​បាន​កសាង​ប្រព័ន្ធ​ហេដ្ឋាន​រចនា​សម្ព័ន្ធ​ក្រោម​ដីនិង​លើ​ដី​នៅ​តំបន់​ហ្កាហ្សា​អស់​ពេល​ជាង ១០ ​ឆ្នាំ​កន្លង​ទៅ​ ​និង​ថា ការវាយបំផ្លាញ​ក្រុមឥស្លាម​មួយ​នេះ​ នឹង​ត្រូវ​ប្រើ​ពេល​វេលា​យូរ​ គឺចំនួន​ច្រើន​ខែ។

«ប៉ុន្តែ​យើង​នឹង​ឈ្នះ​ ហើយ​យើង​នឹង​វាយកម្ទេច​ពួកគេ»។ ​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ​Gallant ។ ​

គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការធ្វើ​អត្ថាធិប្បាយ​ណា​មួយ​របស់​អាមេរិក​ ជុំវិញ​កិច្ចប្រជុំរបស់ទីប្រឹក្សា​សន្តិសុខ​ជាតិរបស់​ខ្លួន​ជាមួយ​លោក Gallant​ នោះ​ឡើយ។ ​

ជាមួយ​នឹង​សង្គ្រាមអ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ពេល​នេះ​ឈាន​ចូលដល់​ខែ​ទី ​៣ ​ហើយ​នោះ​ ​ខុទ្ទកាល័យ​របស់លោក Gallant​ ​និយាយ​ថា​ មន្ត្រី​អ៊ីស្រាអែល​និង​អាមេរិក​ទាំង​ពីរ​រូប​នេះ​ ក៏​បាន​ពិភាក្សា​គ្នា​ផង​ដែរ ទៅ​លើភាព​ចំាបាច់​នៃ​ការវិល​ត្រឡប់​របស់​ពលរដ្ឋ​អ៊ីស្រាអែល ​ទៅ​កាន់​លំនៅដ្ឋាន​របស់​គេ​វិញ​ នៅ​ជិត​ព្រំដែន​ជា​មួយ​ប្រទេស​លីបង់ ​នៅ​ភាគ​ខាង​ជើង​ ក្រោយពី​ពលរដ្ឋ​ជាច្រើន​ម៉ឺន​នាក់​បាន​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​គេ​ ដោយសារ​ភ័យខ្លាច​នឹង​ការប្រយុទ្ធ​គ្នា​ជាមួយ​ក្រុម Hezbollah ​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់។

កងទ័ព​អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយប្រហារ​តាម​អាកាសជា​ច្រើន​ថែម​ទៀត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​លើ​តំបន់​ហ្កាហ្សា​ មុន​ដំណើរ​ទស្សនកិច្ចរបស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក Sullivan ទៅ​កាន់​អ៊ីស្រាអែល​។​ ​

ក្រសួង​សុខាភិបាលក្នុង​តំបន់​ហ្កាហ្សា​ដែលគ្រប់គ្រងដោយ​ក្រុម​ហាម៉ាស់បាន​និយាយ​ថា​ រហូត​មក​ដល់​ពេលនេះ​ មនុស្ស​ជាង​ ១​៨.​៦០០​ នាក់ បាន​ស្លាប់ដោយ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​ ដែល​ ៧០ ​ភាគរយ​នៃ​អ្នក​ស្លាប់ទាំង​នោះជា​ស្ត្រី​និងកុមារ​ ក្រោយ​ពី​ក្រុមយុទ្ធជនហាម៉ាស់​ ដែល​ត្រូវ​បាន​អាមេរិក​និង​សហភាព​អឺរ៉ុប​ចាត់ទុកថា​ជា​ក្រុម​ភេរវករ​ បានសម្លាប់​មនុស្ស​អស់​ ១.២០០​នាក់​ និង​ចាប់​មនុស្ស​ប្រមាណ​ ២៤០ នាក់ ​ធ្វើ​ជា​ចំណាប់​ខ្មាំង​ ក្នុង​ការវាយប្រហារ​ដ៏​ភ្ញាក់ផ្អើល​មួយរបស់​ខ្លួន​លើ​ប្រទេស​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ទី​ ៧​ ខែ​តុលា​កន្លង​ទៅ៕ ​

អ្នកឆ្លើយឆ្លង​ព័ត៌មាន​សេតវិមាន VOA ​អ្នកស្រី​ Anita Powell ផ្តល់​ព័ត៌មាន​សម្រាប់​សេចក្តី​រាយការណ៍​នេះ​។ ព័ត៌មាន​ខ្លះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ Associated Press, Agence France-Presse និង​ Reuters។

XS
SM
MD
LG