កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារកាលពីថ្ងៃពុធនៅក្នុងតំបន់ហ្កាហ្សា ភាគកណ្តាលនិងខាងត្បូងនៅពេលដែលជនស៊ីវិលប៉ាឡេស្ទីនស្វះស្វែងរកកន្លែងជ្រកកោនបន្ទាប់ពីបទបញ្ជាជម្លៀសមនុស្សនៅពេលថ្មីៗនេះរបស់អ៊ីស្រាអែល។
យោធាអ៊ីស្រាអែលបាននិយាយថាខ្លួនបានដៅការវាយប្រហារលើពួកអ្នកប្រយុទ្ធក្រុមហាម៉ាស់នៅក្នុងទីក្រុង Rafahភាគខាងត្បូង ខណៈដែលកិច្ចប្រតិបត្តិការថ្មើរជើងបានធ្វើឡើងនៅក្នុងស្រុកShujaiya ក្នុងក្រុងហ្កាហ្សាក្នុងតំបន់ហ្កាហ្សាខាងជើង។
អង្គការសហប្រជាជាតិបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងកាលពីថ្ងៃអង្គារអំពីបទបញ្ជាជម្លៀសរបស់អ៊ីស្រាអែលសម្រាប់តំបន់ហ្កាហ្សាដ៏ធំល្វឹងល្វើយនៅភាគខាងត្បូងដែលអង្គការសហប្រជាជាតិបាននិយាយថាបានប៉ះពាល់ជនស៊ីវិលរាប់ពាន់នាក់។
ទីភ្នាក់ងារអង្គការសហប្រជាជាតិដែលបានជួយជនភៀសខ្លួនUNRWAបានប៉ាន់ស្មានថាមនុស្សជិត២សែន៥ម៉ឺននាក់អាចបានស្នាក់នៅក្នុងតំបន់នានានៅក្រោមបទបញ្ជានៅពេលដែលបទបញ្ជានោះបានចេញ។
លោកStephane Dujarricអ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រាប់ពួកអ្នកយកព័ត៌មានថាមនុស្សនៅក្នុងតំបន់ទាំងនោះត្រូវបានគេធ្វើឲ្យធ្លាក់ក្នុងស្ថានភាព«គ្មានជម្រើស»ក្រៅពីត្រូវផ្លាស់ទីលំនៅម្តងទៀតទៅតំបន់នានាដែលមិនមានទីកន្លែងឬសេវាកម្មឬស្នាក់នៅកន្លែងដែលពួកគេដឹងថាការប្រយុទ្ធនឹងកើតមានឡើងម្តងទៀត។
លោកបាននិយាយទៀតថាបទបញ្ជាជម្លៀសថ្មីគ្របដណ្តប់តំបន់មួយដែលមានសាលារៀនជាង៩០ ភាគច្រើនជាកន្លែងរស់នៅរបស់មនុស្សគ្មានផ្ទះសម្បែងនិងកន្លែងមន្ទីរពេទ្យ៤៕
អ្នកស្រី Margaret Besheerអ្នកយកព័ត៌មានរបស់វីអូអេប្រចាំនៅអង្គការសហប្រជាជាតិផ្តល់សេចក្តីរាយការណ៍នេះ។ ហើយព័ត៌មាននៃសេចក្តីរាយការណ៍នះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFPនិងReuters