រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant និយាយថាកងទ័ពរបស់លោកកំពុងផ្លាស់ប្តូរបណ្តើរៗពីការចាប់អារម្មណ៍របស់ខ្លួនចេញពីតំបន់ហ្កាហ្សាទៅកាន់ព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែលជាមួយប្រទេសលីបង់នៅពេលដែលអ៊ីស្រាអែលនិងពួកសកម្មប្រយុទ្ធ Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់វាយប្រហារតបតគ្នាឆ្លងកាត់ព្រំដែនកាលពីថ្ងៃពុធ។
ក្នុងការវាយប្រហារមួយយប់ពេញ អ៊ីស្រាអែលបាននិយាយថាខ្លួនបានវាយប្រហារឃ្លាំងផ្ទុកអាវុធមួយកន្លែងដែលត្រូវបានប្រើប្រាស់ដោយក្រុម Hezbollah នៅភាគខាងកើតប្រទេសលីបង់នៅជិតព្រំដែនជាមួយប្រទេសស៊ីរី។ មនុស្សយ៉ាងតិចណាស់ក៏ម្នាក់ដែរបានត្រូវសម្លាប់ហើយ៣០នាក់ទៀតរងរបួស រួមទាំងកូនក្មេងផង។ នេះបើតាមក្រសួងសុខាភិបាលលីបង់បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍។
នៅក្នុងការឆ្លើយតប ក្រុម Hezbollah បាននិយាយថាខ្លួនបានវាយប្រហារទីតាំងយោធាអ៊ីស្រាអែលមួយកន្លែងនៅក្នុងតំបន់ Golan Heights ដែលត្រួតត្រាដោយអ៊ីស្រាអែល។ ផ្ទះ២ខ្នងបានខូចខាតនៅក្នុងភូមិ Katzrin។ នេះបើតាមយោធាអ៊ីស្រាអែល ហើយមនុស្សយ៉ាងតិចណាស់ក៏ម្នាក់ដែរបានរងរបួសនៅពេលដែលគ្រាប់កាំភ្លើងរាប់សិបគ្រាប់ត្រូវបានបាញ់ចេញពីតំបន់មួយនៅក្នុងប្រទេសលីបង់។
អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោកវរសេនីយ៍ទោ Nadav Shoshani ដែលចុះផ្សាយរូបថតនៅលើបណ្តាញព័ត៌មានសង្គមអំពីអ្វីដែលលោកបាននិយាយថាជាផ្ទះដែលត្រូវបានខូចខាតនៅក្នុងភូមិ Katzrinបាននិយាយថា«មិនមានការវាយប្រហារផ្សេងទៀតនៅក្នុងតំបន់នោះជាជាងកន្លែងជនស៊ីវិលនិងកូនក្មេងឈប់សម្រាករដូវក្តៅរបស់ពួកគេទេ»។
ក្នុងការវាយប្រហារមួយទៀត បណ្តាញនិងពួកមន្ត្រីប៉ាឡេស្ទីននៅលីបង់បាននិយាយថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងឆ្នេរសមុទ្រ Sidonរបស់លីបង់កាលពីថ្ងៃពុធបានសម្លាប់បងប្អូនប្រុសរបស់មន្ត្រីជាន់ខ្ពស់ម្នាក់មកពីភាគីយោធា Fatahរបស់ប៉ាឡេស្ទីន។
លោក Khalil al-Maqdah ជាបងប្អូនប្រុសរបស់លោក Mounir al-Maqdah ឧត្តមសេនីយ៍របស់ក្រុម Fatah បានត្រូវសម្លាប់នៅក្នុងការវាយប្រហារត្រូវចំរថយន្តមួយគ្រឿង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានជាតិដែលរៀបចំចាត់ចែងដោយរដ្ឋ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និងReuters
វេទិកាបញ្ចេញមតិ