ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​វាយ​សន្ធាប់​តំបន់​ហ្កាហ្សា ខណៈ​កងទ័ព​រុល​ចូល​ទីក្រុង Rafah ភាគ​កណ្តាល


ផ្សែងហុយឡើង​ក្រោយ​ទាហាន​អ៊ីស្រាអែល​ទម្លាក់​គ្រាប់បែក​ពី​អាកាស​លើ​ទីក្រុង Rafah នៅ​តំបន់ហ្កាហ្សា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។
ផ្សែងហុយឡើង​ក្រោយ​ទាហាន​អ៊ីស្រាអែល​ទម្លាក់​គ្រាប់បែក​ពី​អាកាស​លើ​ទីក្រុង Rafah នៅ​តំបន់ហ្កាហ្សា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

កងទ័ព​អ៊ីស្រាអែល​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​វាយ​ប្រហារ​ទីដៅ​នានា​ទូទាំង​តំបន់ហ្កាហ្សា​ ដោយ​ពួក​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​នឹង​ភ្នែក​បាន​រាយការណ៍​ពី​ការវាយ​ប្រហារ​តាម​អាកាស​នៅ​ជុំវិញទីក្រុង Rafah ភាគ​ខាង​ត្បូង​ ដោយ​ផ្តោត​ជាសំខាន់នៅពេល​ថ្មីៗបំផុត​ នៅ​ក្នុង​សង្គ្រាម​រយៈពេល​ជិត ៨ ខែ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ៊ីស្រាអែល​បាន​ចាប់ផ្តើម​ការវាយលុក​ខាង​យោធា​របស់​ខ្លួន​ចូលក្នុង​ទីក្រុង Rafah នៅ​ដើម​ខែ​ឧសភា​ ថ្វីបើ​មាន​ការជំទាស់​ប្រឆាំង​ពី​សហគមន៍​អន្តរជាតិ​អំពី​សុវត្ថិភាព​របស់​ជន​ស៊ីវិល ដែល​ជ្រកពួន​នៅ​ព្រំដែន​នៃ​តំបន់​ហ្កាហ្សា​ជាមួយ​ប្រទេស​អេហ្ស៊ីប​ក្តី​។

ការវាយ​ប្រហារ​តាម​អាកាសមួយ ​ដែល​បណ្តាល​ឱ្យ​មាន​អគ្គីសភ័យ​ឆាបឆេះ ​ហើយ​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​នៅ​ជំរំ​ជន​ភៀសខ្លួន​មួយ​កន្លែង កាល​ពី​ចុង​សប្តាហ៍កន្លង​ទៅ​ បាន​ធ្វើ​ឱ្យ​មាន​ការថ្កោលទោស​ជា​ខ្លាំងកាលពី​ពេល​ថ្មីៗនេះ។

ពួក​អ្នក​ឃើញហេតុការណ៍​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ការវាយ​ប្រហារ​របស់​អ៊ីស្រាអែល​ត្រូវចំក្រុង​ Rafah និងទីក្រុង Nuseirat នៃ​តំបន់​ហ្កាហ្សា​ភាគ​កណ្តាល ហើយ​អ្នក​យកព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​រាយការណ៍​ពី​ការទម្លាក់​គ្រាប់​បែក​ដ៏​ខ្លាំងក្លា ​នៅ​ភាគ​ខាង​ជើង។

ការវាយ​ប្រហារ​លើ​ទីកន្លែងពីរ​ដាច់​ពីគ្នា​បាន​សម្លាប់​មនុស្ស​ទាំង​អស់ ១១ នាក់ ​ក្នុង​រយៈពេល​មួយ​យប់។ នេះ​បើ​តាម​ប្រភព​ពេទ្យ​នានា​នៅឯ​មន្ទីរពេទ្យ​ក្នុង​ជំរំ​ជនភៀសខ្លួន Deir al-Balah និង Nuseirat ដែល​បាន​រាយការណ៍។

យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា ​កងទ័ព​របស់​ខ្លួន«បន្ត​សកម្មភាព​ប្រតិបត្តិការ»នៅ​ក្នុង​តំបន់ Rafah ហើយ​បាន​រកឃើញ​ប្រដាប់​បាញ់​គ្រាប់​រ៉ុក្កែត អាវុធ​និង​ជណ្តើ​ចុះ​ក្នុង​រូង​ក្រោម​ដី​នៅ​កណ្តាល​ទីក្រុង។

យោធា​អ៊ីស្រាអែល​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​កា រវាយ​ប្រហារ​តាម​អាកាស​បាន«កំណត់​គោល​ដៅ​និង​កំចាត់»​ជនសកម្ម​ប្រយុទ្ធ​នៅ​ក្នុង​តំបន់​នោះ។

ក្នុង​តំបន់​ហ្កាហ្សា​ភាគ​កណ្តាល ការបន្ត​ការវាយ​ប្រហារ​តាម​អាកាស​បាន«កម្ចាត់ពួក​ភេរវជន​ជា​ច្រើន​នាក់​ដែល​ធ្វើប្រតិបត្តិការ​នៅ​ជិត»កងទ័ព។ នេះ​បើ​តាម​កងទ័ព​អ៊ីស្រាអែល។

ប្រទេស​អេហ្ស៊ីប​ដែល​ជា​អ្នក​សម្រប​សម្រួល​ជា​យូយារ​មក​ហើយ​នៅ​ក្នុង​ជម្លោះ​នេះ​មិន​ទាន់​បាន​ធ្វើ​អត្ថាធិប្បាយ​ជា​ផ្លូវការណ៍​អំពី​ការកាន់កាប់​របស់​អ៊ីស្រាអែល​ ដែល​ពួក​មន្ត្រី​បាន​និយាយ​កាលពី​ពេល​មុន​ថា ​អាច​រំលោភ​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ ១៩៧៩ របស់​ប្រទេស​ទាំងពីរ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG