កាលពីថ្ងៃសុក្រ ជនជាតិ Israel និងផលប្រយោជន៍របស់ Israel បានឋិតនៅក្រោមការវាយប្រហារ ទោះណាជាអាជ្ញាធរបានប្រុងប្រៀបសម្រាប់បាតុកម្មដែលបានត្រូវរំពឹងទុកនៅក្រោយមរណភាពនៃរដ្ឋមន្ត្រី Palestine ម្នាក់នៅក្នុងការប្រឈមមុខមួយជាមួយកងកម្លាំងសន្តិសុខ Israel។
នៅក្នុងក្រុង Athens ប្រទេសក្រិក ពួកជនប្រដាប់អាវុធបានបាញ់កាំភ្លើងដាក់ស្ថានទូត Israel។គ្មាននរណាត្រូវរបួសទេក្នុងការវាយប្រហារកាលពីយប់មិញនៅក្នុងប្រទេសក្រិកដែលអាជ្ញាធរ Israel បានបន្ទោសទៅលើ"ការញុះញង់" របស់ Palestine។
នៅក្នុងឧប្បត្តិហេតុមួយនៅក្នុងតំបន់ត្រើយខាងលិចនៃទន្លេ Jordan កាន់កាប់ដោយ Israel នៅពេលបន្ទាប់មកទៀតកាលពីថ្ងៃសុក្រ បុរស Palestine ម្នាក់បានជះអ្វីដែលគេមានជំនឿថាជាអាស៊ីតទៅលើគ្រួសារ Israel មួយ។ គេបាននិយាយថាកុមារ៤នាក់បានត្រូវរបួស។
គេបានឃើញចលាចលមួយចំនួនកាលពីពេលថ្មីៗនេះនៅក្នុងក្រុង Jerusalem ដោយមានរួមបញ្ចូលការធ្វើបាតុកម្មជាទៀងទាត់ ការប៉ះទង្គិចគ្នា និងការវាយប្រហារខ្នាតតូចយូរៗម្តងតែនាំឱ្យមានមនុស្សស្លាប់ធ្វើទ្បើងដោយជនជាតិ
Palestine ទៅលើពួកជនស៊ីវិល និងទីដៅជាផ្លូវការនៅក្នុងប្រទេស Israel។ អាជ្ញាធរបានបង្កើនវត្តមានប៉ូលីសនៅក្នុងក្រុងនេះ ដោយមានការបារម្ភថាបាតុកម្មអាចកើនទ្បើងច្រើនជាងមុននៅក្រោយពិធីសូត្រធម៌នៅពេលថ្ងៃត្រង់។កំហឹងសាធារណជនបណ្តាលមកពីមរណភាពរបស់លោកZiad Abu Ainរដ្ឋមន្ត្រី Palestine។
លោករដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រី Palestine អាយុ៥៥ឆ្នាំរូបនេះបានទទួលមរណភាពនៅក្រោយការប្រវាយគ្នាមួយជាមួយពួកទាហាន Israel នៅក្នុងបាតុកម្មមួយកាលពីថ្ងៃពុធ ទោះណាជាមានការរៀបរាប់ខុសគ្នាអំពីអ្វីដែលបានបណ្តាលឱ្យលោកសា្លប់ដោយពិតប្រាកដនោះក៏ដោយ៕