កងទ័ពអ៊ីស្រាអែលបានរុលកាន់តែជ្រៅចូលក្នុងទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា (Gaza) កាលពីថ្ងៃអាទិត្យ ស្របពេលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បង្ហាញការមិនពេញចិត្តចំពោះប្រតិបត្តិការរបស់អ៊ីស្រាអែលនេះនិងលើកឡើងអំពីតម្រូវការនៅក្នុងការការពារជនស៊ីវិល។
ក្រសួងការបរទេសអាមេរិកបានបញ្ជាក់កាលពីយប់ថ្ងៃអាទិត្យថា លោក Blinken «បានបញ្ជាក់ជាថ្មីអំពីការប្រឆាំងរបស់សហរដ្ឋអាមេរិកចំពោះប្រតិបត្តិការយោធាតាមផ្លូវគោកដ៏ធំណាមួយ [របស់អ៊ីស្រាអែល] នៅក្នុងទីក្រុង Rafah» នៅពេលដែលលោកនិយាយតាមទូរស័ព្ទជាមួយនឹងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant។
ក្រសួងការបរទេសអាមេរិកបានលើកឡើងថា លោក Blinken ក៏បានបញ្ជាក់ជាថ្មីផងដែរអំពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកចំពោះ «គោលបំណងរួមនៃការកម្ចាត់ក្រុមហាម៉ាស់ (Hamas)» ហើយស្របពេលនោះដែរបានជំរុញឱ្យលោក Gallant «ជួយដោះស្រាយបញ្ហាប្រឈមនៃការចែកចាយ [ជំនួយ] នៅក្នុងតំបន់ហ្កាហ្សានៅពេលដែលអ៊ីស្រាអែលបន្តគោលដៅកម្ចាត់ក្រុមហាម៉ាស់»។
ជនជាតិប៉ាឡេស្ទីនប្រហែល ៣០០.០០០ នាក់ក្នុងចំណោម ១ លាន ៣ សែននាក់បានភៀសខ្លួនទៅកាន់ផ្នែកភាគខាងត្បូងនៃតំបន់ហ្កាហ្សាកាលពីប៉ុន្មានខែមុនតាមបញ្ជារបស់យោធាអ៊ីស្រាអែលដើម្បីគេចចេញពីការវាយប្រហារលើក្រុមសកម្មជនហាម៉ាស់នៅភាគខាងជើងតំបន់ហ្កាហ្សា។ ឥឡូវនេះ ពួកគេត្រូវបានយោធាអ៊ីស្រាអែលបញ្ជាឱ្យចាកចេញម្ដងទៀត ដោយពេលនេះទៅកាន់ផ្នែកពាយ័ព្យនៃទីក្រុង Rafah គឺនៅតំបន់មួយនៅតាមបណ្ដោយមាត់សមុទ្រមេឌីទែរ៉ាណេនៃតំបន់ហ្កាហ្សា។
ប្រធានផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Volker Turk បាននិយាយកាលពីថ្ងៃអាទិត្យថា ការប្រយុទ្ធគ្នាជាបន្តនិងការបញ្ជាឱ្យជម្លៀសចេញនេះបានធ្វើឱ្យមាន «ការផ្លាស់ទីដោយបង្ខំទ្រង់ទ្រាយធំនូវប្រជាជនដែលតក់ស្លុតធ្ងន់ធ្ងររួចមកហើយ»។
លោក Turk បានចោទជាសំណួរថាតើអ្នកទាំងនោះគួរទៅទីណានៅក្នុងតំបន់ហ្កាហ្សា ដោយលោកបាននិយាយថា «មិនមានកន្លែងសុវត្ថិភាព» នោះទេ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP។
វេទិកាបញ្ចេញមតិ