ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ហ្វីលីពីន​ចេញ​បទ​បញ្ជា​មិន​ឲ្យ​និយាយ​អំពី​បញ្ហា​​សមុទ្រ​ចិន​ខាងត្បូង


រូបឯកសារ៖ ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ថ្លែង​សុន្ទរកថា​ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ថ្លែង​សុន្ទរកថា​ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​រារាំង​គណៈ​រដ្ឋមន្រ្តី​របស់​លោកមិន​ឲ្យនិយាយ​ជាសាធារណៈ​អំពី​បញ្ហា​សមុទ្រចិន​ខាងត្បូង​ទេ​ ​ប៉ុន្តែ​បាន​និយាយ​ថា បទ​បញ្ជា​នេះ​មិន​មាន​ន័យ​ថា ប្រទេស​កំពុង​វង្វេង​ស្មារតី​មិន​ការពារ​សិទ្ធិ​អធិបតេយ្យ​ភាព​របស់​ខ្លួន​ទេ។

ការ​សម្រេច​របស់​លោក​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​រិះគន់​ប្រទេស​ចិន​យ៉ាង​ខ្លាំង​ជា​ច្រើន​សប្តាហ៍​ដោយ​រដ្ឋមន្ត្រី​របស់​លោក​ទាក់​ទងនឹង​វត្តមាន​នាវា​នេសាទ​ចិន​រាប់​រយ​គ្រឿង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ហ្វីលីពីន ​ដែល​កំពុង​បង្ក​ភាព​តានតឹង​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​លោក Duterte ស្តីពី​ការ​មិន​ប្រឈមមុខ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Duterte បាន​និយាយ​តាម​ទូរទស្សន៍​អំពី​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ហ្វីលីពីន​ថា​ «នេះ​ជា​បទ​បញ្ជា​របស់​ខ្ញុំ។ គណៈ​រដ្ឋមន្រ្តី​និង​អ្នក​ទាំងអស់​ដែល​និយាយ​ក្នុង​នាម​រដ្ឋាភិបាល​ត្រូវ​ចៀសវាង​ការ​ពិភាក្សា​អំពី​បញ្ហា​សមុទ្រ​ខាង​លិច​ហ្វីលីពីន​ជាមួយ​នរណា​ម្នាក់​»។ ​លោក​បាន​បន្ថែម​ថា​ «ប្រសិន​បើ​យើង​និយាយ​យើង​និយាយ​តែ​ក្នុង​ចំណោម​គ្នា​យើង​ប៉ុណ្ណោះ»។

ប៉ុន្តែ​ក្រោយ​មក​លោក Duterte បាន​បញ្ជាក់​ច្បាស់​ថា​ បទ​បញ្ជា​របស់​លោក​មិន​គួរ​ត្រូវ​បាន​ បកស្រាយ​ថា​ ជា​ភាព​ទន់ខ្សោយ​ទេ​ ហើយ​កាល​ពីថ្ងៃ​អង្គារ​លោក​បាន​និយាយ​ថា​ ការ​ល្បាត​តាម​សមុទ្រ​ត្រូវតែ​បន្ត។ លោក​ Duterte ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ ភ្នាក់ងារ​របស់​យើង​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើអ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ និង​ត្រូវ​តែការពារ​ផល​ប្រយោជន៍​ជាតិ​របស់​យើង»។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទាមទារ​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរតែ​ទាំង​អស់ និង​បាន​ដំឡើង​បរិក្ខារ​យោធា​ដែល​បំពាក់​ដោយ​មីស៊ីល​នៅ​លើ​ថ្ម​ប៉ប្រះ​ទឹក​ក្នុង​តំបន់​មាន​វិវាទ​រួម​ទាំង​តំបន់​សេដ្ឋកិច្ច​ជាពិសេស​របស់​ហ្វីលីពីន​ដោយ​មាន​វត្តមាន​កងទ័ព​ឆ្មាំ​សមុទ្រ​និង​នាវា​នេសាទ​ជាប្រចាំ៕

XS
SM
MD
LG