មន្ត្រីយោធាអ៊ីរ៉ាក់និយាយថា កងកម្លាំងដែលគាំទ្រអាមេរិកកំពុងតែប្រឈមនឹងការប្រយុទ្ធស្វិតស្វាញជាងមុន ខណៈដែលទាហានបានវាយសម្រុកកាន់តែជ្រៅទៅដល់ប៉ែកខាងលិចពាក់កណ្តាលទីក្រុង Mosul។ ទីក្រុង Mosul គឺជាជម្រកចុងក្រោយបង្អស់របស់ក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់។
លោកវរសេនីយទោ Abdulamir al-Mohammadawi បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា ការដណ្តើមយកបានអាកាសយានដ្ឋាននៅ Mosul កាលពីលើកមុនបាននាំឲ្យមានការវាយសម្រុកទៅប៉ែកខាងជើងឆ្ពោះទៅកណ្តាលទីក្រុង ដែលនៅទីនោះពួកគេមានផែនការនឹងដណ្តើមយកស្ថានកុងស៊ុលទួកគីនិងអគាររដ្ឋាភិបាលមកវិញ។
លោកបានមានប្រសាសន៍ថា កងកម្លាំងកំពុងតែប្រឈមនឹងការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញកាន់តែខ្លាំង ខណៈដែលពួកគេវាយសម្រុកកាន់តែជ្រៅចូលទៅទីក្រុងដែលក្រុមរដ្ឋឥស្លាមកាន់កាប់។
លោក al-Mohammadawi បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «ក្រុមរដ្ឋឥស្លាមកំពុងតែប្រើប្រាស់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលពោរពេញទៅដោយមនុស្សធ្វើជារបាំងសម្រាប់ការពារខ្លួន»។
ក្រុមរដ្ឋឥស្លាមក៏បានចាប់ផ្តើមបង្កាត់ភ្លើងនៅតាមដងផ្លូវនានា ដើម្បីលាក់ជំហររបស់ខ្លួន និងក្រាលក្រណាត់នៅលើផ្លូវចង្អៀតនានាក្នុងទីក្រុង មូស៊ុល ដើម្បីការពារខ្លួនពីការឈ្លបយកការណ៍លើអាកាសផងដែរ។
ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ាក់ Kurd បានរាយការណ៍កាលពីថ្ងៃសៅរ៍មកថា អ្នកឆ្លើយឆ្លងសារព័ត៌មាននៅក្នុងសង្គ្រាមរបស់ខ្លួនត្រូវបានសម្លាប់ក្នុងពេលយកព័ត៌មានពីការវាយប្រហារនៅក្នុងទីក្រុង Mosul៕