គេរំពឹងថាបញ្ហាប្រទេសអ៊ីរ៉ង់ជាបញ្ហាមួយក្នុងបណ្តាបញ្ហាធំៗដែលនឹងត្រូវលើកយកទៅពិភាក្សាក្នុងការប្រជុំនៃក្រុមប្រទេស G-20 នៅក្នុងប្រទេសជប៉ុនដែលនៅទីនោះពួកមេដឹកនាំនៃប្រទេសជាតិមានឧស្សាហកម្មលូតលាស់ជួបប្រជុំគ្នានៅថ្ងៃសុក្រនិងថ្ងៃសៅរ៍សម្រាប់ការប្រជុំប្រចាំឆ្នាំ។
នៅពេលជាមួយគ្នានេះពួកអ្នកការទូតស.រ.អា.និងអ៊ីរ៉ង់បានជួបជាមួយពួកសមភាគីអឺរ៉ុបនៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីស្វែងរកដំណោះស្រាយដល់វិបត្តិនយោបាយមួយដែលបានកើតមានឡើងនៅក្រោយស.រ.អា.បានបោះបង់ចោលកិច្ចព្រមព្រៀងបរមាណូអន្តរជាតិឆ្នាំ២០១៥ ជាមួយប្រទេសអ៊ីរ៉ង់។ភាពតានតឹងរវាងស.រ.អា.និងប្រទេសអ៊ីរ៉ង់ក៏បានត្រូវលើកយកទៅដោះស្រាយដែរនៅឯការប្រជុំរបស់អង្គការអូតង់នៅក្នុងប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃព្រហស្បតិ៍។
ពួករដ្ឋមន្ត្រីការពារប្រទេសនៃអង្គការអូតង់បានធ្វើការប្រជុំពីរថ្ងៃនៅក្នុងក្រុងប្រ៊ុចសែល ដើម្បីដោះស្រាយបញ្ហាសន្តិសុខសំខាន់ៗដែលមានរួមបញ្ចូលទាំងការគំរាមកំហែងបរមាណូដោយអ៊ីរ៉ង់ផងដែរ។ លោក Mark Esper រដ្ឋមន្ត្រីការពារប្រទេសស.រ.អា.ស្តីទីបាននិយាយថា របបគ្រប់គ្រងអ៊ីរ៉ងបានសាបព្រោះចលាចលនិងជម្លោះនៅក្នុងភូមិភាគមជ្ឈិមបូព៌ា៤០ឆ្នាំមកហើយ ហើយការណ៍នេះត្រូវតែបញ្ឈប់។
ភាពតានតឹងរវាងស.រ.អា.និងប្រទេសអ៊ីរ៉ង់បានកើនខ្លាំងឡើងៗកាលពីសប្តាហ៍មុននៅក្រោយអ៊ីរ៉ង់បានបាញ់ទម្លាក់ ដ្រូន អាមេរិកាំងមួយគ្រឿងដោយនិយាយថា វាបានរំលោភដែនអាកាសរបស់ផងខ្លួន។ រដ្ឋាភិបាលក្រុងវ៉ស៊ីនតោន បានបដិសេធការចោទប្រកាន់នេះក៏ប៉ុន្តែបាននិយាយថា ខ្លួនមិនចង់មានសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ទេ។
ជាជាងធ្វើការឆ្លើយតបខាងយោធា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានជ្រើសរើសយកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់។
ពួកមេដឹកនាំអ៊ីរ៉ង់មានប្រតិកម្មខឹងសម្បានឹងការដាក់ទណ្ឌកម្មទាំងនេះដែលបានធ្វើឱ្យសេដ្ឋកិច្ចអ៊ីរ៉ង់មានបញ្ហាធ្ងន់ធ្ងរហើយបានហៅការដាក់ទណ្ឌកម្មទាំងនេះថា ជាសកម្មភាពសង្គ្រាម៕