ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​ថា​កិច្ចពិភាក្សា​ស្តី​ពី​នុយក្លេអ៊ែរ​រីកចម្រើន​ទៅមុខ​ប៉ុន្តែ​នៅ​មាន​បញ្ហា​មួយ​ចំនួន


រូបឯកសារ៖ ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhani ត្រួតពិនិត្យ​មើល​សមិទ្ធផល​​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ នៅ​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhani ត្រួតពិនិត្យ​មើល​សមិទ្ធផល​​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ នៅ​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា​ ប្រទេស​អ៊ីរ៉ង់​និង​ប្រទេសធំៗ​ចំនួន​៦​ទៀត​ បាន​ជួប​ប្រជុំ​គ្នា​ប្រកប​ដោយ​ការ​ចម្រើន​ទៅ​មុខ​ ដើម្បី​ស្តារ​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ ​ប៉ុន្តែ​នៅ​មាន​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដែលត្រូវ​ដោះ​ស្រាយ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។

ប្រទេស​អ៊ីរ៉ង់​និង​ប្រទេស​ធំៗមួយ​ចំនួន​ បាន​ជួប​ពិភាក្សា​គ្នាក្នុង​ទីក្រុង​វីយែន ​ប្រទេស​អូទ្រីស ​ចាប់​តាំង​ពី​ខែ​មេសា​មក ​ក្នុង​ការស្វែងរក​ដំណោះស្រាយ​មួយ​ដើម្បី​ធ្វើ​យ៉ាងណា​ ឲ្យ​រដ្ឋាភិបាលអាមេរិកដក​ទណ្ឌកម្ម​ពី​ប្រទេស​អ៊ីរ៉ង់​ ហើយ​រដ្ឋាភិបាល​អ៊ីរ៉ង់​ខ្លួន​ឯង​ ​ត្រូវ​វិល​ត្រឡប់​ទៅអនុវត្តកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នោះ​ទាំងស្រុង​ឡើងវិញ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក​ Saeed Khatibzadeh ​លើក​ឡើង​ក្នុង​សន្និសីទ​កាសែត​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​ថា៖ «កិច្ច​ប្រជុំ​នីមួយៗ​ក្នុង​ទីក្រុង​វីយែន ​អាច​ក្លាយ​ជា​កិច្ច​ប្រជុំ​ចុង​ក្រោយ។ យើង​មិន​គួរ​ប្រញាប់ប្រញាល់ពេក​នោះ​ទេ។ កិច្ចប្រជុំ​នោះ​មាន​ការ​ចម្រើន​ទៅ​មុខ​ដ៏​ប្រសើរ​ ប៉ុន្តែនៅ​មាន​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ទៀត​ ដែល​ត្រូវ​ដោះស្រាយ។ គេ​នៅ​ពុំ​ទាន់​ឃើញ​មានភាពទាល់​ច្រក​ណា​មួយ​នៅ​ឡើយ​ទេ​ នៅ​ក្នុង​កិច្ច​ប្រជុំ​ទាំង​នោះ»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ​ធ្លាប់​បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​អាមេរិក​ នឹង​វិល​ត្រឡប់​ទៅ​រក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នោះ​ឡើង​វិញ​ ប្រសិន​បើ​អ៊ីរ៉ង់អនុវត្ត​ជាមុន​នូវ​ការកំហិត​ការផលិត​សារធាតុ​អ៊ុយរ៉ាញ៉ូម​ សម្រាប់​ផលិតក្បាល​គ្រាប់​នុយក្លេអ៊ែរ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​ថា៖​ «ទណ្ឌកម្ម​ទាំងអស់​ គួរ​ត្រូវ​បានដក​ចេញ​ជា​មុន​សិន​ និងត្រូវ​បាន​ផ្ទៀងផ្ទាត់​ដោយ​អ៊ីរ៉ង់​ ហើយ​ពេល​នោះ​អ៊ីរ៉ង់​នឹង​បញ្ឈប់​រាល់សកម្មភាព​នុយក្លេអ៊ែរ​របស់​ខ្លួន»។

មន្ត្រី​ការទូត​ក្នុង​តំបន់​មួយ​រូប​ ដែល​ត្រូវ​បាន​ប្រាប់​ដោយអ្នក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះលើក​ឡើង​ថា​ «កិច្ចព្រមព្រៀង​មួយ​ ដែល​នឹង​បញ្ជាក់​នូវ​កាតព្វកិច្ចរបស់រដ្ឋាភិបាល​អ៊ីរ៉ង់​និង​រដ្ឋាភិបាលអាមេរិក​ ក្នុង​ការធ្វើ​ដំណើរ​ទៅ​មុខ​ជុំវិញកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​ «នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​ក្នុង​ទីក្រុង​វីយែន​ នៅ​សប្តាហ៍​នេះ»៕

XS
SM
MD
LG