ប្រធានាធិបតីថ្មីរបស់ប្រទេសអ៊ីរ៉ង់បានស្បថចូលកាន់តំណែង ក្នុងនាមជាអ្នកនយោបាយកំណែទម្រង់ម្នាក់។ លោកក៏ជាវេជ្ជបណ្ឌិតវះកាត់បេះដូងមួយរូបផងដែរ ហើយបានសន្យាថានឹងបន្តព្យាយាមដកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលត្រូវធ្វើឡើងដោយប្រទេសលោកខាងលិចចេញដោយសារកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាស់របស់អ៊ីរ៉ង់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោក Masoud Pezeshkian បានថ្លែងសុន្ទរកថាបន្ទាប់ពីពិធីស្បថរបស់លោកកាលពីថ្ងៃអង្គារនៅឯវិមានសភាក្នុងរដ្ឋធានី Tehran។ លោកបាននិយាយថាលោកពិចារណាធ្វើឱ្យមានទំនាក់ទំនងសេដ្ឋកិច្ចជាប្រក្រតីភាពឡើងវិញជាមួយពិភពលោកដើម្បីឱ្យក្លាយជាសិទ្ធិពិតប្រាកដរបស់អ៊ីរ៉ង់។
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Ali Khamenei កាលពីថ្ងៃអាទិត្យបានផ្តល់ការគាំទ្រជាផ្លូវការដល់លោក Pezeshkianដែលជាសមាជិកសភាយូរឆ្នាំ។
លោក Pezeshkianបានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅខែកក្កដាបន្ទាប់ពីប្រធា នាធិបតីកាន់តំណែងមុនគឺលោក Ebrahim Raisi បានត្រូវសម្លាប់នៅក្នុងខែឧសភានៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រដែលបានបណ្តាលឱ្យមានការបោះឆ្នោតមុនពេលកំណត់៕