ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមកីឡាករបាល់ទាត់អ៊ីរ៉ង់មិនច្រៀងចម្រៀងគោរពទង់ជាតិរបស់ប្រទេសខ្លួន


កីឡាករ​អ៊ីរ៉ង់​ស្តាប់​ភ្លេង​ជាតិ​មុន​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​នៅ​ប្រទេស​កាតា​រវាង​នៅ​កីឡដ្ឋាន Khalifa International Stadium ក្នុង​ទីក្រុង Doha កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។
កីឡាករ​អ៊ីរ៉ង់​ស្តាប់​ភ្លេង​ជាតិ​មុន​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​នៅ​ប្រទេស​កាតា​រវាង​នៅ​កីឡដ្ឋាន Khalifa International Stadium ក្នុង​ទីក្រុង Doha កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅ​ឯ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​ប្រទេស​កាតា ក្រុមកីឡាករ​បាល់ទាត់ប្រទេស​អ៊ីរ៉ង់​ទំនង​ដូច​ជា​ចង់​បង្ហាញ​ការ​សាមគ្គីភាពជាមួយ​នឹង​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេសអ៊ីរ៉ង់ ​ប្រឆាំង​ទៅ​នឹងការបង្រ្កាប​ដោយ​អំពើ​ហិង្សាពី​រដ្ឋាភិបាលក្រុងតេអេរ៉ង់ ទៅ​លើ​ការ​ធ្វើ​បាតុកម្ម​ដែល​កាន់​តែ​រីករាលដាល​នោះ​ ដោយ​ក្រុម​កីឡា​បាល់ទាត់​អ៊ីរ៉ង់​បាន​បដិសេធ​មិន​ច្រៀង​បទ​គោរពទង់​ជាតិ​របស់​ប្រទេស​ខ្លួនកាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ មុន​ការ​បើក​ការ​ប្រកួត​ជា​មួយ​ប្រទេស​អង់គ្លេស។​

ពលរដ្ឋអ៊ីរ៉ង់​ជា​ច្រើន​នាក់​ បាន​ចោទ​ប្រកាន់​ដល់​ក្រុមកីឡាបាល់​ទាត់របស់ពួក​គេថា​ បាន​គាំទ្រ​ដល់​រដ្ឋាភិបាល​អ៊ីរ៉ង់ ដែល​គ្រប់គ្រង​ដោយ​ក្រុម​និកាយមូស្លីម​ស៊ីអ៊ីត ដែល​ប្រកាន់​តឹងរ៉ឹង បើទោះ​បី​ជាក្រុម​មន្ត្រី​សាធារណៈ​ជា​ច្រើន ក្រុមកីឡាករ និងអ្នក​សិល្បករ​ផ្សេងៗ​ទៀត​ បាន​បង្ហាញ​ការគាំទ្រ​ដល់ក្រុមបាតុករ​យ៉ាង​ណា​ក្តី។​

ក្រុមបាតុករ​អ៊ីរ៉ង់​ជា​ច្រើន​នាក់​ ត្រូវ​បាន​សម្លាប់​ នៅក្នុង​ការ​តវ៉ាប្រឆាំង​របស់​ពួក​គេទៅ​លើ​រដ្ឋាភិបាលបន្ទាប់​ពី​ស្ត្រី​វ័យក្មេង​អ៊ីរ៉ង់​ម្នាក់ គឺ​នាង Mahsa Amini បាន​ស្លាប់​នៅ​ក្រោមការ​ឃុំឃាំង​របស់​ប៉ូលិស​ កាល​ពី​២​ខែ​មុន​ បន្ទាប់​ពី​នាង​ត្រូវ​បានចាប់ខ្លួន​ដោយ​ក្រុមប៉ូលិស​សីលធម៌​របស់ប្រទេស​នេះ ដោយ​ចោទ​ថា​ នាង​មិន​បាន​ប្រើ​កន្សែង​រំក្បាល​និង​មុខ​របស់​នាងឱ្យ​បាន​ត្រឹម​ត្រូវ​នោះ។​

មុន​ពេល​ទៅ​ដល់​ប្រទេស​កាតា​ ដែល​ស្ថិត​នៅ​ត្រើយម្ខាង​នៃ​ឈូងសមុទ្រ​ពែក្ស​ទល់​មុខ​នឹង​ប្រទេស​អ៊ីរ៉ង់នោះ​ ក្រុមកីឡាករបាល់​ទាត់​របស់​ប្រទេស​នេះ​ បាន​ជួប​ជា​មួយ​ប្រធានាធិបតី​អ៊ីរ៉ង់​ដែល​ប្រកាន់តឹង​គឺ​លោក​ Ebrahim Raisi។ ​រូប​ភាព​នៃជំនួប​នោះ​ ដែលក្នុង​នោះ​មាន​កីឡាករ​ម្នាក់​បាន​ឱនក្បាល​គោរពប្រធានាធិបតី​អ៊ីរ៉ង់​នោះ​ ត្រូវ​បាន​បង្ហោះ​យ៉ាង​ព្រោងព្រាត​នៅ​លើ​បណ្តាញ​សង្គមស្រប​ពេល​ដែល​ការ​ប្រឆាំង​តវ៉ា​នៅ​តាម​ដង​ផ្លូវ​កំពុង​បន្ត​កើត​មាន​ឡើង​យ៉ាង​ខ្លាំង​នោះ។​

ក្រុម​កីឡាបាល់ទាត់​អ៊ីរ៉ង់​បាន​ឈរ​តម្រង់​ជួរ​គោរពភ្លេងជាតិ​ នៅ​មុន​ការ​ចាប់ផ្តើមការ​ប្រកួតជា​មួយ​ក្រុមកីឡានៃ​ប្រទេស​អង់គ្លេស ប៉ុន្តែ​ពួក​គេ​បានរក្សា​ភាពស្ងៀមស្ងាត់​មិន​ព្រមច្រៀង​តាម​បទភ្លេង​គោរពទង់​ជាតិ​ដែល​បាន​ចាក់សំឡេងនោះឡើយ​ ដែល​នេះ​ជា​ការ​សម្រេច​មួយ ​ដែល​ពួក​គេ​បាន​ព្រមព្រៀង​គ្នា​ទុកជា​មុន។​

កាលពី​ថ្ងៃ​អាទិត្យ​ប្រធានក្រុម​កីឡាបាល់ទាត់​អ៊ីរ៉ង់​ លោក ​Ehsan Hajsafi បាន​សម្តែង​នូវ​សមានចិត្តអាណិតអាសូរ​ដល់​ក្រុម​គ្រួសារ ដែល​មាន​សមាជិក​ស្លាប់​ដោយ​ការ​បង្រ្កាប​នៅ​ក្នុង​ប្រទេស​របស់​លោក​នោះ។

លោក​និយាយថា៖​ «យើង​ត្រូវ​តែ​ទទួល​យក​ថា ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​របស់​យើង​គឺ​មិនត្រឹម​ត្រូវ​នោះ​ឡើយ ហើយ​ប្រជាជន​អ៊ីរ៉ង់​មិន​សប្បាយ​ចិត្តនោះ​ទេ។​ យើង​នៅ​ទី​នេះប៉ុន្តែ​មិនមែនមាន​ន័យ​ថា​ យើង​មិន​អាច​តំណាង​ឱ្យ​សំឡេង​របស់​គេ​ ឬ​មិន​ត្រូវ​គោរព​ពួក​គេ​នោះ​ឡើយ»៕

XS
SM
MD
LG